ដី​នៅ​តំបន់​ភាគ​ខាង​ពាយព្យ​នៃ​រាជធានី​ កាន់​តែ​មាន​សក្តានុពល​ខ្លាំង
Monday, 11 April 2016

ការ​បង្ហាញ​វត្តមាន​ផ្សារ​ទំនើប EAON ទី​២ នៅក្នុង​តំបន់​ទីក្រុង​រណប​កាំ​កូ និង​បុរី​ជាច្រើន ដែល​ស្ថិតនៅ​ព័​ទ្ធ​ជុំវិញ​នោះ​បាន​និង​កំពុង​​ធ្វើ​ឲ្យ​តំបន់​ភាគ​ខាង​ពាយ​ព្យ​ ​របស់​រាជធានី​ភ្នំពេញ ដែល​ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ខ​ណ្ឌ​ប្ញ​ស្សី​កែវ កំពុង​បង្ហាញ​សក្តានុពល​របស់​ខ្លួន ដោយ​បាន​ធ្វើ​​ឲ្យ​តម្លៃ​ដីធ្លី​កើន​ទ្បើង​លើសពី​ទ្វេ​ដង​កាលពី​ចុង​ឆ្នាំមុន និង​ដើម​ឆ្នាំ​នេះ។

លោក ខុម មុនី​រតន៍ ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន DAILY Realty Group បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ចន្ទ​កន្លង​មក​​ថា តំបន់​ភាគ​ខាង​ជើង​ទីក្រុង​រណប​កាំកូទី​២ ស្ថិតក្នុង​ខណ្ឌ​ប្ញស្សីកែវ​អាច​ក្លាយ​ជា​តំបន់​ទួល​គោក​ទី២ នា​រយៈពេល​បី​ឬ​បួន​ឆ្នាំ​ខាង​មុខ​នេះ ដោយ​សារ​តម្លៃ​ដីធ្លី​នៅ​តំបន់​នេះ​បាន​កើន​ទ្បើង​ទ្វេ​ដង​កាល​ពី​ឆ្នាំ​មុន និង​កើន​ទ្បើង​បី​ដង​បន្ទាប់​ពី​គម្រោង​ផ្សារ​ទំនើប EAON MALL ទី​២ ប្រកាស​ការ​សាង​សង់​របស់​ខ្លួន​។

លោក​បន្ត​ថា ដោយ​សារ​តំបន់​នោះ​ស្ថិត​នៅ​ជា​វាល​ស្រែ និង​ទី​កន្លែង​ខ្លះ​នៅ​ជា​ដី​បឹង​នៅ​ឡើយ ទាំង​នេះ​គឺ​អាច​ជា​កត្តា​អំណោយ​ផល ដែល​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​រៀបចំ​ហេដ្ឋាន​រចនា​សម្ព័ន្ធ​នានា ឲ្យ​បាន​ល្អ​ជាង​​តំបន់​ទួលគោក​នា​ពេល​បច្ចុប្បន្ន​នេះ​។

លោក​បន្តថា​ ៖ «​ដីធ្លី​នៅ​តំបន់​នេះ​មាន​តម្លៃ​ចន្លោះ​ពី ៤០០ ​ទៅ ​៥០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ និង​ដី​ទ្បូត៍​តូចៗ​មាន​តម្លៃ​ចន្លោះ​ពី​ ៧០០ ​ទៅ ​១ ០០០ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ហើយ​រយៈពេល​បី​បួន​ឆ្នាំ​ខាង​មុខ​តម្លៃ​ដី​នៅ​តំបន់​នេះ​អាច​ទ្បើង​ដល់ ២៣០០ ​ទៅ​២៥០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ដូច​គ្នា​នឹង​តម្លៃ​ដី​នៅ​តំបន់​ទួល​គោក នា​ពេល​បច្ចុប្បន្ន​នេះ​ដែរ​»​។

លោក​បន្ត​ថា​ ៖ «​ការ​ឡើង​ថ្លៃ​ដី​នៅ​តំបន់​នេះ ដោយ​សារ​មាន​វត្តមាន​បុរី​ធំៗ ទីក្រុង​រណប​កាំកូ ការ​វិនិយោគ​លើ​គម្រោង​បុរី​ថ្មី និង​ផ្សារ​ទំនើប EAON MALL»​។

លោក មុនីរតន៍ បាន​បន្ត​ថា នា​ពេល​ខាង​មុខ​តំបន់​នេះ​នឹង​សម្បូរ​នូវ​ការ​វិនិ​យោគ​ខុនដូ និង​អគារ​ការិយាល័យ ជាក់​ស្តែង​បច្ចុប្បន្ន​មាន​ទីក្រុង​រណប​កាំកូ នៅ​តំបន់​នេះ​ស្រាប់​រួច​ទៅ​ហើយ​។

លោក អាន ចាន់នី ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន World City ដែល​បាន​និង​កំពុង​ធ្វើ​ការ​វិនិយោគ​លើ​ទីក្រុង​រណប ​កាំកូ បាន​ថ្លែងថា ទីក្រុង​រណប​នេះ​បាន​និង​កំពុង​រៀបចំ​សាងសង់​ខុនដូ​ជាង​ ១០០០ ​យូនីត ដែល​ផ្តោត​លើ​គោល​ដៅ​ចំពោះ​អ្នក​មាន​ប្រាក់​ចំណូល​មធ្យម និង​គម្រោង​សាងសង់​តំបន់​ពាណិជ្ជកម្ម​តាម​លំនាំ​ផ្សារ TK Avenue នៅ​លើ​ផ្ទៃដី​ទំហំ ៣​ ហិកតា នៅក្នុង​ឆ្នាំ​នេះ​។

អគ្គនាយក​ក្រុមហ៊ុន TOWN CITY Real Estate លោក វ៉ន ចាន់​ថន បាន​ថ្លែង​ថា តម្លៃ​ដីធ្លី​នៅ​តំបន់​នេះ​ពិតជា​កើន​ទ្បើង ប៉ុន្តែ​មិន​កើន​ទ្បើង​ខ្លាំង​ពេក​នោះទេ ព្រោះ​ដី​ធំៗ​មាន​ទំហំ​ចាប់ពី ៣​ ទៅ ​៥ ហិក​តាមាន​តម្លៃ​ចន្លោះ​ពី ​៤០០ ​ទៅ ​៥០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ និង​ដី​តូចៗ​លក់​ក្នុង​តម្លៃ​ ៧០០ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ ប៉ុន្តែ​ តម្លៃ​ដែល​បាន​ដាក់​លក់​ទាំង​នេះ​មិន​មាន​អ្នក​ទិញ​នៅ​ទ្បើយ​ទេ​។

លោក​បន្តថា តម្លៃ​ដី​កើន​ទ្បើង​ដល់​កម្រិត​នេះ​មិនអាច​ឲ្យ​ពួក​អ្នក​វិនិយោគ​សាង​សង់​បុរី​លក់​ហ៊ាន​ធ្វើការ​វិនិយោគ​ទេ ព្រោះ​ពួក​គេ​ពិបាក​រក​ប្រាក់​ចំណេញ​បើ​គេ​សង់​ផ្ទះ​ល្វែង​លក់​។ ជា​ធម្មតា​តម្លៃ​ដី​ចន្លោះ​ពី​ ២០០​ ទៅ​ ២៥០ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ទើប​អាច​ធ្វើ​ផ្ទះល្វែង​លក់​បាន ដែល​វា​នាំ​ឲ្យ​មាន​ប្រាក់​ចំណេញ​ដល់​ម្ចាស់​គម្រោង​។

លោក​បន្ត​ថា​ ៖ «​ខ្ញុំ​គិត​ថា ក្រោយ​ពេល​ផ្សារ​ទំនើប EAON បើក​ដំណើរ​ការ​ដី​នៅ​តំបន់​នេះ​នឹង​ឡើងថ្លៃ​បន្ថែម​ទៀត ប៉ុន្តែ​ឡើង​ក្នុង​កម្រិត​ណា ខ្ញុំ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​នៅ​ឡើយ​ទេ​»​។

លោក ទ្បុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ថ្លែង​ថា ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​តំបន់​នេះ នឹង​ធ្វើ​ឡើង​តាម​ប្លង់​គោល​របស់​រាជធានី​ភ្នំពេញ ព្រោះ​តាម​ប្លង់​គោល​របស់​រាជធានី តំបន់​នេះ គឺជា​តំបន់​សម្រាប់​លំនៅឋាន ហើយ​បច្ចុប្បន្ន​មាន​បុរី​ធំៗ​ជាច្រើន​បាន​និង​កំពុង​វិនិយោគ​នៅ​តំបន់​នោះ ជា​បន្ត​បន្ទាប់​ហើយ​៕

Source From: www.postkhmer.com