តម្លៃ​ដីធ្លី​ឡើង​ថ្លៃ​ខ្ពស់​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​វិនិយោគ​នៅ​កម្ពុជា
Monday, 11 April 2016

ការ​កើន​ឡើង​កាន់តែ​ខ្ពស់​នៃ​តម្លៃ​ដីធ្លី​នៅ​ភ្នំពេញ ​​នា​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះបាននិងកំពុងធ្វើ​​ឲ្យ​​ប៉ះ​ពាល់​ដល់​ការវិនិយោគ​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​រួម​ទាំង​​វិនិយោ​គិ​ន​​ក្នុងស្រុក និងមកពី​បរទេស ដោយ​​សារ​កំណើន​នេះ​មាន​កម្រិត​ខ្ពស់​បំផុត ធៀប​នឹង​កំណើន​សេដ្ឋ​កិច្ច​ប្រចាំឆ្នាំ​របស់​កម្ពុជា ដែលមាន​កម្រិត​ត្រឹម ​៧​ ភាគរយ​។

​លោក ស៊ឹង ប៊ុណ្ណា អគ្គនាយក​ក្រុមហ៊ុន​ប៊ុណ្ណា​រៀល​ធី​គ្រុប បាន​ហៅ​និន្នាការ​នេះ​ថា ៖ «​ជា​អារម្មណ៍» ដោយ​លោក​លើកឡើង​ថា ស្រុក​របស់​យើង​ធ្វើ​អ្វីៗ​តាម​អារម្មណ៍ដូច​ហ្វូង​កូន​ត្រី និង​មេត្រី ពេល​មេត្រី​ទៅដល់​ទីណាកូន​ត្រី​ទៅតាម​ច្រើន ប៉ុន្តែ​ពេល​មេត្រី​ចេញ​​បាត់​កន្លែង​នោះ​មាន​ភាព​ស្ងប់ស្ងាត់​។

លោក​បន្តថា តម្លៃ​ដីធ្លី​ឡើងថ្លៃ​លឿន​ពេកដែល​កន្លែង​ខ្លះ​ឡើង​មិន​សម​ហេតុផលដែល​ធ្វើ​ឲ្យ​ពិបាក​ក្នុងការ​វិនិយោគ ព្រោះ​តម្លៃ​ដី​នៅ​តំបន់​ខ្លះ​បាន​កើនឡើង​រហូតដល់៥០​ ទៅ​៨០​ភាគរយ។​

​លោក​បន្តថា ​៖ «​ការឡើង​តម្លៃ​ដី​ដែល​សម​ហេតុផល វា​អាស្រ័យ​លើ​កត្តា​ប្រជាសាស្ត្រ តំបន់​ដែល​អាចធ្វើ​ពាណិជ្ជ​កម្មបាន និង​អាច​ប្រកបមុខរបរ​ដទៃទៀត តែ​កន្លែង​ខ្លះ​ការឡើង​មិន​សម​ហេតុផល​ទេ»។

លោក​បន្តថា​ ៖ «​ផលប៉ះ​ពាល់​​នៃ​ការឡើង​ថ្លៃ​នៃ​តម្លៃ​ដីធ្លី​ធំ ឬ​តូច វា​អាស្រ័យ​លើ​កាលៈទេសៈ ប៉ុន្តែ​បច្ចុប្បន្ន​វា​បាន​ឈានដល់​ចំណុច​​គួរ​មានការ​ប្រុងប្រយ័ត្ន​មួយ​ហើយ​»​។​

​អ្នកជំនួញ​ផ្នែក​អចលនទ្រព្យ​រូប​នេះ​បាន​បន្ថែមថា ទីក្រុង​របស់​យើង​​កាន់តែ​រីក​ធំ ទីក្រុង​រណប​នានា​​កាន់តែ​សកម្ម និង​អាច​ប្រើ​ប្រាស់​បាន ខុសពី​ប៉ុន្មាន​ឆ្នាំមុន ដែល​ទីក្រុង​រណប​នានា​មិនទាន់​ប្រើប្រាស់​បាន ដូច្នេះចរន្ត​តម្លៃ​ដីធ្លី​ពេលនេះ​ត្រូវ​វិវត្តន៍​យឺតៗ​មិនអាច​ធ្វើ​លឿន​ដូចពេលមុន​បាន​នោះទេ ព្រោះ​តំបន់​ប្រើប្រាស់​បាន និង​ការ​ពង្រីក​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​កាន់​តែ​មាន​គ្រប់គ្រាន់​ហើយ​។

​លោក ប៊ុណ្ណា បន្តថា​ ៖ «​តម្លៃ​ដីធ្លី​ធៀប​នឹង​ចំណូល​របស់​ប្រជា​ជន​មួយថ្ងៃ ឬមួយ​ខែ គឺ​ខ្ពស់​ពេក ប៉ុន្តែ​បើ​ធៀប​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីតម្លៃ​ដី​នៅ​ទីក្រុង​ភ្នំពេញ​គឺ​នៅ​ទាប តែ​ទំហំ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​របស់​យើង​តូច​ណាស់​​ធៀប​ជាមួយ​ប្រទេស​ទាំង​នោះ​»​។​

​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក គីម ហ៊ាង បាន​ថ្លែងថា ការ​ឡើង​តម្លៃ​ដីធ្លី​ដល់​កម្រិត​ខ្ពស់​បែប​នេះមាន​សញ្ញា​វិជ្ជមាន និង​អវិជ្ជមាន​។ វិជ្ជមាន​ត្រង់​ថា មាន​មនុស្ស​មួយក្រុម​តូច​បាន​ផលចំណេញ ប៉ុន្តែ​អវិជ្ជមាន​គឺ​ប៉ះពាល់​ដល់​មនុស្ស​​ជាច្រើន ពិសេស​ក្រុម​ប្រជាជន​ក្រីក្រ និង​យុវជន​ទើប​មាន​ការងារ​ធ្វើ​ត្រូវ​ជួប​បញ្ហា​ប្រឈម​ជាច្រើន ព្រោះ​ប្រាក់ខែ​របស់​ពួក​គេធៀប​នឹង​តម្លៃ​ផ្ទះពួកគេ​ត្រូវ​ចំណាយពេល​ពី ៣០​ ទៅ ​៤០ ​ឆ្នាំ ទើប​​អាច​ទិញ​ផ្ទះ ឬ​ដី​សង់ផ្ទះ​រស់​នៅ​​បាន​។​

​លោក​បន្តថា​ ៖ «​អ្វី​ក៏ដោយ​សុទ្ធ​​តែ​ជា​អាវុធ​មុខ​ពីរ​នៅក្នុង​ទីផ្សារ​សេរី​ ដែលមាន​អ្នកមាន​កាន់តែ​មាន​អ្នកក្រ​នឹង​កាន់តែ​ក្រីក្រ​។ តម្លៃ​ដី​របស់​យើង​បច្ចុប្បន្ន​បាន​ឡើង​ជ្រុលស្ទើរ​មិនគួរ​ឲ្យ​ជឿ​។ តម្លៃ​​ដី​ពិតជា​ហោះ​ឡើង​»​។

លោក​បន្តថា​ ៖ «​ការឡើង​ថ្លៃ​ដី​បែបនេះ ធ្វើ​​ឲ្យ​អ្នកទិញ​មិន​ហ៊ាន​ទិញ និង​អ្នកលក់​លក់​ដី​មិន​ចេញ ព្រោះ​បើ​អ្នកលក់ៗ ក្រោម​តម្លៃ​ទីផ្សារ​ទើប​អាច​លក់​ចេញដោយសារ​តម្លៃ​ដាក់លក់​លើ​ទីផ្សារ​នាពេល​នេះ​មិនមែនជា​តម្លៃពិត​។ អ្នក​លក់​បានដាក់លក់​លើស​តម្លៃ​ទីផ្សារ​ពី៣០​ ទៅ​៤០​ភាគរយ ឯ​អ្នកទិញ​ចង់​ទិញ​ក្រោម​តម្លៃ​ទីផ្សារ ១០ ​ភាគរយ​»​។​

​ជាក់ស្តែង​តម្លៃ​ដីធ្លី​នៅ​ខាងជើង​ទីក្រុង​រណប​កាំ​កូ តំបន់​ផ្សារ​ទំនើប EAON MALL ទី​២ កាលពី​ឆ្នាំ​២០១៣ ដី​នៅ​តំបន់​នោះ​មានតម្លៃ​ត្រឹម​តែ ១០០ ​ដុល្លារ ក្នុង​មួយ​ម៉ែត្រ ការ៉េ ប៉ុន្តែ​ពេលនេះ​ម្ចាស់​ដី​នៅ​តំបន់​នេះបានដាក់​តម្លៃ​ដី​របស់​ខ្លួន​ក្នុងតម្លៃ ៥០០ ​ទៅ​ ១០០០ ​ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ​។​

​ដោយ​បង្ហាញ​អំពី​តម្លៃ​ទីផ្សារ​ដីធ្លី​នៅ​ទីក្រុង​ភ្នំពេញ នាពេល​បច្ចុប្បន្ន លោក ប៉ូ អ៊ា​វ​គង់ ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​អេ​ស៊ា​រៀល​អេ​ស្ទេ​ត មានប្រសាសន៍ថា ជាទូទៅ​តម្លៃ​ដី​នៅក្នុង​រាជធានី​ភ្នំពេញ មាន​អត្រា​ខុសៗ​គ្នា​អាស្រ័យ​ដោយ​ទីតាំង​ផ្សេងៗ​គ្នា ប៉ុន្តែ​វា​នៅតែ​ស្ថិត​លើ​តម្លៃ​គោល​ពីរ គឺ ដី​សម្រាប់ធ្វើ​អាជីវកម្ម និង​ដី​សម្រាប់​លំនៅឋាន​។

​លោក អ៊ា​វ​គង់ បាន​បន្តថា ចំពោះ​តម្លៃ​ដី​នៅ​តំបន់​ទន្លេបាសាក់ ដី​សម្រាប់​សាងសង់​អគារ​ពាណិជ្ជកម្ម​មានតម្លៃ​ចន្លោះ​ពី ៤០០០ ទៅ ៤៥០០ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ និង​ដី​សម្រាប់​សាងសង់​លំនៅឋាន​ថ្លៃ ២០០០ ទៅ ៣៥០០ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។ ចំណែកឯ​ដីធ្លីនៅ​តំបន់​បឹង​កេងកង​១ ដី​សម្រាប់​សាងសង់​អគារ​ពាណិជ្ជកម្មមានតម្លៃ ៤៥០០ ទៅ ៧០០០ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ សម្រាប់​ដី​សាងសង់​លំនៅឋាន​ថ្លៃ ៣៥០០ ទៅ ៤០០០ ​ដុល្លារ​​ក្នុង​មួយ​ម៉ែត្រការ៉េ​។ រីឯ​ដី​នៅ​តំបន់​ទួល​ទំពូងដី​សម្រាប់​សាងសង់​អគារ​ពាណិជ្ជកម្ម​មានតម្លៃ​ចន្លោះ​ពី ៣០០០ ទៅ ៥០០០ ​ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ ខណៈដី​សម្រាប់​សង់​លំនៅឋាន​មានតម្លៃ​ត្រឹមតែ ១៨០០ ទៅ ២៥០០​ ដុល្លារ​ក្នុង​មួយ​​ម៉ែត្រការ៉េ​។

​លោក គីម ហ៊ាង បាន​បន្តថា កំណើន​តម្លៃ​ដីធ្លី​នាពេលនេះ មិន​សមស្រប​នឹង​កំណើនសេដ្ឋកិច្ច​របស់​យើង​នោះទេ សេដ្ឋកិច្ច​របស់​យើង​កើន​តែ៧​ភាគរយ តែ​តម្លៃ​ដី​បាន​ឡើង​ពី ៣០ ​ទៅ​ ៥០ ​ភាគរយ ក្នុង​មួយឆ្នាំ​។

លោក​បន្តថា តម្លៃ​ដី​​នៅ​តំបន់​ខាងជើង​ទីក្រុង​រណប កាំ​កូ អ្នកវិនិយោគ​ក្នុងស្រុក​មិន​អាច​​ដាក់ទុន​វិនិយោគ​ដើម្បី​រក​បាន​​ផលចំណេញ​ដោយ​ងាយ​ទេ​ប្រសិនបើ​គេ​ទិញ​យកមក​អភិវឌ្ឍន៍​ផ្ទះល្វែង ប៉ុន្តែ​អាចធ្វើ​បាន​សម្រាប់​សាងសង់​ខុន​ដូ ប៉ុន្តែ​ខុន​ដូ​នៅ​តំបន់​នោះ​មិនទាន់​ដល់​ពេល​នោះទេ​។​

​យោងតាម​របាយការណ៍​ចុង​ក្រោយ​​បំផុត​ពី​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ផ្នែក​អចលនទ្រព្យ​លំដាប់​អន្តរជាតិ Knight Frank បាន​បង្ហាញថា តម្លៃ​អចលនទ្រព្យ​ទូទៅ​នៅ​រាជធានី​ភ្នំពេញ បាន​កើនឡើង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​ទៅ២៦,២០​ភាគរយ​នៅក្នុង​ឆ្នាំ​២០១៥ ដែល​តួលេខ​នេះ​ខ្ពស់​ជាង​ទីក្រុង​ផ្សេងៗ​ទៀត​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​

​យោងតាម​ស​ន្ទ​ស្សន៍​អភិវឌ្ឍន៍​ដីធ្លី​នៅ​អាស៊ី Frank Knight បាន​ឲ្យ​ដឹងថា តម្លៃ​នៃ​ដី​លំនៅឋាន​នៅក្នុង​រាជធានី​ភ្នំពេញ បាន​កើនឡើង ១០,៦០​ ភាគរយ នៅ​ពាក់កណ្តាល​ទី​ពីរ​នៃ​ឆ្នាំ​២០១៥ ដែល​ធ្វើ​ឲ្យ​ទីក្រុង​មួយ​នេះ​ស្ថិត​នៅលំដាប់​បន្ទាប់ពី​ទីក្រុង​តូ​ក្យូ និង​​ក្លាយជា​ទីក្រុង​មានតម្លៃ​ដី​ធ្លីកើនឡើង​ខ្ពស់បំផុត​នៅក្នុង​តំបន់។​

​លោក ង៉ែត ពិសិដ្ឋ ជំនួយការ​អគ្គនាយក​បុរី​ពិភពថ្មី មានការ​ភ្ញាក់ផ្អើល​នឹង​កំណើន​តម្លៃ​ដីធ្លី​នៅ​ទីក្រុង​ភ្នំពេញ ដោយ​លោក​បាន​ថ្លែង​ថា​ ៖ «​តម្លៃ​ដី​ពិតជា​បាន​ឡើង​លឿន​ពេកឡើង​រហូត​មិនគួរ​ឲ្យ​ជឿហើយ​ការ​ឡើងថ្លៃ​បែបនេះ​ដោយ​សារ​​អ្នកវិនិយោគ​ចិន​ចូល​មក​ច្រើន ប៉ុន្តែ​បច្ចុប្បន្ន​ចលនា​នៃ​ការ​ទិញ​ដី​ហាក់​ស្ងប់ស្ងាត់​ហើយ ដោយ​​សារ​មានការ​ដាក់​ស្លាក​លក់​ដី​ច្រើន​នៅ​គ្រប់​ទីកន្លែង​។​

​លោក​បន្តថា ​៖ «​បើ​ដី​តម្លៃ​ត្រឹម ១៥០​ ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ អាចធ្វើ​ផ្ទះល្វែង ជាន់​ផ្ទាល់​ដី​លក់​បាន ប៉ុន្តែ​បើ​តម្លៃ​ខ្ពស់ជាង​នេះ​ការ​ធ្វើ​ផ្ទះ​លក់​ពិបាក​រក​ផលចំណេញ​ណាស់ ព្រោះ​បើ​ផ្ទះ​ជាន់​ផ្ទាល់​ដី​លក់​ក្នុងតម្លៃ ១០​ ម៉ឺន​ដុល្លារ ពិបាក​លក់​ណាស់ ប៉ុន្តែ​បើ​ផ្ទះ​អឺ​អង នៅ​តំបន់​អាច​រកស៊ី​បានគឺអាច​លក់​បាន​ក្នុងតម្លៃ ១០ ​ម៉ឺន​ដុល្លារ ឬ​ខ្ពស់ជាង​នេះ​»​។

លោក​បន្តថា​ ៖ «ក្រុមហ៊ុន​ល្មមៗ នឹងរង​ផល​ប៉ះ​ពាល់​​ពី​ការឡើង​ថ្លៃ​ដី​ខ្ពស់​បែប​នេះតែ​ក្រុមហ៊ុន​ធំៗ​ទំនងជា​មិន​អី​ទេ»។

​លោក ស៊ឹង ប៊ុណ្ណា បាន​បន្ថែម​ថា ការ​ពុះ​ដី​ទ្បូ​ត៍ល​ក់ គឺជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​តម្លៃ​ដី​ឡើងថ្លៃ តែ​វា​ជា​សញ្ញា​បញ្ជាក់​ថា ការ​ពុះ​ដី​ទ្បូត៍​លក់​ច្រើន ជា​ពេលដែល​បរិយា​កាស​​មិនល្អ ជា​ពេលដែល​ការលក់​ដី​ធំៗ​មិន​ចេញ និង​ខ្វះ​លុយ​បង្វិល ព្រោះ​ចលនា​បែប​នេះ​បាន​កើត​ឡើង​ម្តង​ហើយ​ក្រោយ​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១០ហើយ​ឥឡូវ​បាន​កើត​ម្តង​ទៀត​។

​បុគ្គលិក​ផ្នែក​ទីផ្សារ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​អចលនទ្រព្យ Century21​ កម្ពុជា បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ថា ដោយ​សារ​តម្លៃ​ដីធ្លី​មានការ​កើនឡើង​ខ្ពស់​នៅ​តំបន់​សំខាន់ៗ​ ដូចជា តំបន់​បឹង​កេងកង ​១ និង​តំបន់​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ជាដើម ធ្វើ​ឲ្យ​អតិថិជន​ជនជាតិខ្មែរ ដែល​ធ្លាប់មាន​ទម្លាប់​រស់នៅ​តាម​ផ្ទះ​វីឡា​​ជា​លក្ខណៈ​ឯកជន កំពុង​មាន​ចំនួន​តិច​ទៅៗ​។

លោក​បាន​ថ្លែង​ថា​៖ «​ឥឡូវនេះអតិថិជន​ដែល​ធ្លាប់​ស្វែងរក​ទិញ​លំនៅឋាន​បែប​វីឡា​ដី​ឡូ នៅតាម​តំបន់​ល្អៗ​មាន​សុវត្ថិភាព​ខ្ពស់ និង​មាន​កេរ​ឈ្មោះ​ទទួលស្គាល់​ជា​អន្តរជាតិ​នោះ កំពុង​​ក្លាយជា​អតិថិជន​កម្រ​របស់​ពួក​យើង ហើយ​យូរៗ​មាន​ជួប​មួយឬ​ពីរ​ប៉ុណ្ណោះ ដែល​ភាគច្រើន​ពួកគាត់​មកពី​ត្រកូល​អភិជន​តែ​ម្តង​»​។

«​អតិថិជន​ប្រភេទ​នេះ នៅ​តែ​មាន​​ខ្លះ​។ ពួកគាត់​ក៏​អាចមាន​លទ្ធភាព​ក្នុងការ​ទិញយក​វីឡា​មាន​ដី​ឡូ​តិ៍ ក្នុងតម្លៃ​ប្រហែល ៣​ លាន​ដុល្លារ​អាមេរិក រួច​ពួកគាត់​ជួសជុល​កែសម្រួលឲ្យ​មាន​ជា​សួន​ច្បារ​យ៉ាង​ល្អ​ស្អាត និង​មាន​អាង​ហែល​ទឹកធំ​មួយ​ជាដើម​»។ នេះ​​បើតាម​សម្តី​របស់​បុគ្គលិក​ទីផ្សារ​ជាន់ខ្ពស់​រូបនោះ​។ «​តម្លៃ​នេះគឺ​ប្រហាក់​ប្រហែល ​៤ ៥០០ ទៅ​ ៥ ០០០ ​ដុល្លារ ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ដី​»​។​

​លោក​បន្តថា​៖ «​ចំណែក​អតិថិ​ជន​ប្រភេទ​ទី​២ ដែល​និយម​រស់​នៅជា​វិឡា​ឯកជន​ដូចគ្នា​នោះដែរ ប៉ុន្តែ​បាន​ងាក​ចេញពី​តំបន់​បឹង​កេងកង​ ១ ឬ​ ទន្លេបាសាក់​ហើយ ដោយ​ពួកគេ​ទៅ​រស់នៅ​តំបន់​ឆ្ងាយពី​តំបន់​ដែលមាន​តម្លៃ​ដី​ឡើង​ខ្ពស់ៗ​ទាំងនោះ​អស់ហើយ ក៏ប៉ុន្តែ​ក៏​នៅ​រក្សា​ទម្លាប់​រស់នៅ​ក្នុងវីឡា​ឯកជន ដែលមាន​តម្លៃ​រវាង​ពី ៧០ ​ម៉ឺន​ដុល្លារ ទៅ​ជាង ១​ លាន​ដុល្លារប៉ុណ្ណោះ គឺ​បណ្តាល​មក​ពី​មូលហេតុ​ផ្នែក​ហិរញវត្ថុ​នេះ​តែម្តង ព្រោះ​ដីធ្លី​វា​ឡើង​ថ្លៃ​ខ្ពស់​លឿន​ខ្លាំង​ពេក»៕

 

Source From: www.postkhmer.com