ការ​វាយ​តម្លៃ​អចលនទ្រព្យ​នៅ​ប្រទេស ​កម្ពុជា ​ត្រូវ​ការ​តម្លាភាព​បន្ថែម
Tuesday, 26 April 2016

«បើ​តាម​អ្វី​ដែល​ខ្ញុំ​បាន​កត់​សម្គាល់​ឃើញ RICS (Royal Institution of Chartered Surveyors) គឺជា​បុរស​សង្ហា ហើយ CVEA គឺជា​ស្រី​ស្អាត​។ ដូច្នេះ​ហេតុ​អ្វី​បាន​ជា​ពួក​យើង​មិន​រៀបការ​តែ​ម្តង​ទៅ​»? នេះ​ជា​សម្តី​របស់​លោក គីម ហ៊ាង​។

លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា (CVEA) គឺជា​វាគ្មិន​ម្នាក់​នៅ​ក្នុង​ការ​ជជែក​ពិភាក្សា​កាលពី​ថ្ងៃ​អង្គារ ដែល​ផ្តោត​ទៅ​លើ​គម្លាត​នៃ​ការ​វាយ​តម្លៃ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា ជា​ពិសេស​នៅ​ទីក្រុង​ភ្នំពេញ​។

វាគ្មិន​នៅ​ក្នុង​កម្មវិធី​នេះ រួម​មាន​ដូចជា​អ្នក​ជំនាញ​ខាង​ផ្នែក​អចលនទ្រព្យ អ្នក​គ្រប់គ្រង​តំបន់​អាស៊ាន លោក Salim Aslam ដែល​អញ្ជើញ​មក​ពី RICS និង លោក Ross Wheble អ្នក​គ្រប់​គ្រង​របស់​ក្រុមហ៊ុន Knight Frank ប្រចាំ​ប្រទេស​កម្ពុជា​។

​បញ្ហា​ចោទ​ដែល​ត្រូវ​បាន​ជជែក​វែកញែក គឺ​កង្វះ​ខាត​នៃ​ការ​ជំរុញ​នៅ​ក្នុង​ប្រទេស​ខាង​ផ្នែក​អប់រំ​ទៅ​លើ​វគ្គ​សិក្សា​ជំនាញ​អចលនទ្រព្យ ឬ​ការ​ទទួល​ស្គាល់​ផ្សេងៗ អ្នក​អាជីព​ផ្នែក​អចលនទ្រព្យ​ដែល​មិន​អនុវត្ត​ខ្ជាប់ខ្ជួន​ទៅ​តាម​ក្រម​សីលធម៌ និង​សារ​ប្រយោជន៍​នៃ​ការ​ធានា​រ៉ាប់រង​ផ្នែក​វិជ្ជា​ជីវៈ​សម្រាប់​អ្នក​វាយ​តម្លៃ​ដើម្បី​កំណត់​នូវ​ការ​ទទួល​ខុស​ត្រូវ​។

លោក ហ៊ាង បាន​បន្ត​ថា ៖ «​ពួក​យើង​មាន​ក្តី​ស្រមៃ​ខ្ពស់​។ ពួក​យើង​ចង់​ធ្វើ​ឲ្យ​វិស័យ​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​នេះ​ឆ្ពោះ​ទៅ​មុខ​មួយ​កម្រិត​ទៀត​តាម​រយៈ​ការ​ទទួល​យក​ការ​បង្វឹក​ហាត់​ពី​អង្គការ​ថ្នាក់​ពិភពលោក គឺ RICS»​។

​ដើម្បី​ឈាន​ទៅ​ដល់​ដំណាក់​កាល​នេះ CVEA នឹង​ធ្វើ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង MoU ជាមួយ​នឹង RICS ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ជជែក​ពិភាក្សា​នៅ​តែ​បន្ត ហើយ​កាល​បរិច្ឆេទ​ជាក់​លាក់​នៅ​ពុំ​ទាន់​បាន​កំណត់​នៅ​ឡើយ​នោះ​ទេ​។

RICS ដែល​ជា​ស្ថាប័ន​មួយ​មកពី​ប្រទេស​អង់គ្លេស ដែល​ទទួល​បាន​ការ​ទទួល​ស្គាល់​ទូទាំង​ពិភពលោក បាន​ធ្វើ​ការ​ទាមទារ​ក៏​ដូច​ជា​ជំរុញ​ការ​អនុវត្ត និង​ស្តង់ដារ​ក្រមសីលធម៌ ភាព​មិន​លម្អៀង និង​តម្លាភាព​ក្នុង​ចំណោម​អ្នក​អាជីព​ខាង​ផ្នែក​ដីធ្លី អចលនវត្ថុ និង​សំណង់​។

​លោក Aslam មកពី RICS បាន ថ្លែង​ថា ៖ «​នៅ​ពេល​ដែល​អ្នក​មិន​មាន​តម្លាភាព អ្នក​មិន​សូវ​ជា​អនុវត្តតាម​ក្រម​សីលធម៌ ហើយ​ក៏​មាន​ហានិភ័យ​ខ្ពស់​ដែរ​។ ហានិភ័យ​កាន់ តែ​ខ្ពស់​ធ្វើ​ឲ្យ​តម្លៃ​ទ្រព្យ និង​តម្លៃ​ទ្រព្យសម្បត្តិ​នោះ​កាន់​តែ​ថយ​ចុះ​»​។

​លោក David Marshall អ្នក​សម្រប​សម្រួល​នៅ​ក្នុង​កិច្ច​ពិភាក្សា​នេះ និង​ជា​ប្រធាន​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​នៅ ANZ Royal បាន​បង្វែរ​ការ​ជជែក​ពិភាក្សា​ទៅ​លើ​ឧបករណ៍​ផ្សេងៗ ដែល​អាច​ប្រើប្រាស់​បាន​សម្រាប់​ការ​ការពារ​អាជីវកម្ម​របស់​អ្នក​វាយ​តម្លៃ​។

​បើ​ទោះ​ជា​លោក Aslam សង្កត់​ធ្ងន់​ទៅ​លើ​សារ​ប្រយោជន៍​នៃ​ការ​ធានា​រ៉ាប់​អាជីព (PII) សម្រាប់​អ្នក​វាយ​តម្លៃ ដើម្បី​កាត់​បន្ថយ​ហានិភ័យ និង​បញ្ហា​ដែល​អាច​កើត​មាន​ឡើង​នៅ​ក្នុង​តុលាការ ដោយ​លោក​បាន​និយាយ​ថា ការ​វាយ​តម្លៃ គឺជា​សិល្បៈ​មួយ ហើយ «​អ្នក​វាយ​តម្លៃ​ពុំ​គួរ​មិន​មាន PII ទេ ដោយ​វា​បង្ក​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​ពេក​»​។

​ប៉ុន្តែ​លោក ហ៊ាង មិន​យល់​ស្រប​នឹង​គំនិត​នេះ​ទេ​។ លោក​បាន​ថ្លែង​ថា ៖ «​ការ​ធានា​រ៉ាប់រង គឺ​គ្រាន់​តែ​ជា​ការ​ធានា​តែ​ប៉ុណ្ណោះ​។ ធនាគារ គេ​មាន​អារម្មណ៍​សុវត្ថិភាព​ជាង នៅ​ពេល​ដែល​គេ​ដឹង​ថា យើង​មាន​ការ​ធានា​រ៉ាប់រង ហើយ​គេ​នឹង​ផ្តល់​ជា​កម្ចី​មក​ឲ្យ​យើង ប៉ុន្តែ​ខ្ញុំ​មិន​គិត​ថា ពួក​គេ​យល់​ច្បាស់​ថា អ្វី​ទៅ​ជា PII នោះ​ទេ​»​។

​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក ហ៊ាង បាន​បញ្ជាក់​ថា សមាជិក CVEA កាន់​តែ​ច្រើន​កំពុង​តែ​ចាប់​យក PII ប៉ុន្តែ​នោះ គឺ​ដោយ​សារ​តែ​វា​ជា​តម្រូវ​ការ​មួយ​របស់​ធនាគារ​តែ​ប៉ុណ្ណោះ​។

​លោក Marshall បាន​កត់​សម្គាល់​ដែរ​ថា​៖ «​ចំណុច​អវិជ្ជមាន​មួយ​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​អាច​នឹង​មាន​ការ​សម​គំនិត​គ្នា​រវាង​អ្នក​វាយ​តម្លៃ​ក្នុង​ការ​កំណត់​តម្លៃ​អចលនទ្រព្យ ដែល​ធ្វើ​ឲ្យ​មាន​ការ​បំប៉ោង​តម្លៃ ហើយ​ពេល​នោះ​ធនាគារ​ត្រូវ​ផ្តល់​ប្រាក់​កម្ចី​បន្ថែម​ថែម​ទៀត​»​។

ឧបសគ្គ​ចម្បងៗ​នៅ​ក្នុង​ការ​ចាប់​ផ្តើម​ក្នុង​ការ​វាយ​តម្លៃ​តាម​ក្រម​សីលធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ចន្លោះ​នៃ​ជំនាញ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្នែក​អប់រំ​នៅ​មាន​កម្រិត​។ នេះ​បើ​តាម​សម្តី​របស់​លោក Wheble មក​ពី​ក្រុមហ៊ុន Knight Frank​។

លោក​បាន​បន្ត​ថា ៖ «​មិន​មាន​សញ្ញាបត្រ ឬ​ការ​ទទួល​ស្គាល់​ជា​ផ្លូវការ​ខាង​ផ្នែក​ដែល​ទាក់ទង​ទៅនឹង​អចលនទ្រព្យ​ទេ​នៅទីនេះ​ទេ ដូច្នេះ វា​ជា​បញ្ហា​មួយ​ក្នុងការ​វាយ​តម្លៃ​ឲ្យ​ស្រប​ទៅ​តាម​ស្តង់ដារ​អន្តរជាតិ​»​។

​គួរ​តែ​មាន​ការ​គាំទ្រ និង​ជំរុញ​បន្ថែម​ក្នុង​ការ​បង្កើត​ថ្នាក់​ជំនាញ​អចលទ្រព្យ​នៅ​តាម​សាកល​វិទ្យាល័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

​លោក​បន្ថែម​ថា ៖ «​អ្វី​ដែល​យើង​ត្រូវ​ផ្សព្វផ្សាយ គឺ​អចល​ទ្រព្យ​សម្រាប់​ធ្វើ​ជា​អាជីព​យូរ​អង្វែង ដែល​នឹង​ធ្វើ​ឲ្យ​តម្រូវ​ការ​នៃ​ថ្នាក់​សិក្សា​ផ្នែក​អចលនទ្រព្យ​កើន​ឡើង​»​។

​លោក ខាន់ សុវណ្ណា​រ័ត្ន ប្រធាន​ផ្នែក​វាយ​តម្លៃ​នៅ Independent Property Services Cambodia បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ អចលនទ្រព្យ​ថា ការ​វាយ​តម្លៃ​នៅ​ក្នុង​ប្រទេស​មាន​លក្ខណៈ​ខុសៗ​គ្នា​។

លោក​បាន​បន្ត​ថា ៖ «​អ្នក​វាយ​តម្លៃ​ភាគ​ច្រើន អនុវត្ត​ទៅ​តាម​បទពិសោធ និង​ការ​ស្រាវជ្រាវ​ផ្ទាល់​ខ្លួន​របស់​ពួក​គេ ដោយ​ពុំ​មាន​ការ​ហ្វឹក​ហាត់​ត្រឹម​ត្រូវ​ណា​មួយ​នោះ​ទេ​»​។

លោក សុវណ្ណា​រ័ត្ន យល់​ថា CVEA ត្រូវ​ធ្វើ​ការ​អប់រំ ណែនាំ​សមាជិក​ទាំងអស់​ទៅ​លើ​សារៈសំខាន់​ក្នុងការ​ធ្វើ​ជា​អ្នក​អចលនទ្រព្យ និង​អ្នក​វាយ​តម្លៃ​អាជីព មុន​នឹង​ធ្វើ​ការ​សហការ​ជាមួយ​នឹង​ក្រុម​ហ៊ុន​អន្តរជាតិ ដូច​ជា RICS​។

បើ​តាម​លោក Aslam ភាគី​ដូចជា CVEA រួម​ចំណែក​យ៉ាង​ធំ​ក្នុង​ការ​ផ្សារ​ភ្ជាប់​ចន្លោះ​ប្រហោង និង​ជំរុញ​ឲ្យ​អ្នក​វាយ​តម្លៃ និង​អ្នក​អាជីព​ខាង​ផ្នែក​អចលនទ្រព្យ​ក្នុង​ស្រុក​ឲ្យ​សម្រប​ខ្លួន​ទៅ​តាម​ស្តង់ដារ​ច្បាស់​លាស់​។​

​លោក Aslam បាន​ពោល​ថា​៖ «​នៅក្នុង​ប្រទេស​ដែល​កំពុងតែ​លេច​ធ្លោ ដូចជា​ប្រទេស​កម្ពុជា ការធ្វើ​ឲ្យ​មាន​អ្នក​អាជីព​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​សិក្សា និង​អនុវត្ត​តាម​ស្តង់ដា​អន្តរជាតិ គឺជា​បញ្ហា​ចោទ​មួយ​»​។

ទោះជា​យ៉ាង​ណា​ក៏​ដោយ លោក​បាន​ទទួល​ស្គាល់​ថា វា​ត្រូវ​ចំណាយ​ពេល​វេលា​មួយរយៈ ដើម្បី​អប់រំ​អ្នក​អាជីព​ក្មេងៗ​ដើម្បី​ឲ្យ​ទទួល​បាន​ជំនាញ​ត្រឹមត្រូវ និង​សម្រួល​ការ​អនុវត្ត​ក្នុងស្រុក​របស់​ពួកគេ​ឲ្យ​ត្រូវ​ទៅនឹង​ស្តង់ដា​ដែល​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​។

​លោក​បន្ថែមថា ៖ «​ប្រសិន​បើ​គ្មាន​ការ​ខិតខំ​ក្នុង​ការ​បង្កើន​សមត្ថភាព​បែបនេះ​ទេ នឹង​មិន​មាន​អ្នក​អាជីព​គ្រប់គ្រាន់​ដើម្បី​ឲ្យ​ស្រប​ទៅ​នឹង​តម្រូវ​ការ​បន្ទាន់​នោះ​ឡើយ​»៕

Source From: www.postkhmer.com