អ្នក​វិនិយោគ​ខុនដូ​កម្រិត​មធ្យម ​នៅ​តែ​សុទិដ្ឋិ​និយម​អំពី​ទីផ្សារ​ខុនដូ​នៅ​ កម្ពុជា
FRIDAY, 29 APRIL 2016

អ្នក​វិនិយោគ​បរទេស នៅ​តែ​មាន​សុទិដ្ឋិនិ​យម​អំពី​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា បើ​ទោះ​ជា​អ្នក​ជំនាញ​មួយ​ចំនួន​បាន​និង​កំពុង​ព្រមាន​ពី​ទីផ្សារ​នេះ​ប្រឈម​នឹង​ភាព​មិន​ប្រាកដ​ប្រជា​ក្តី​។

​លោក Scott WU អគ្គនាយក​ក្រុមហ៊ុន J&L PROPERTY Co., Ltd. ដែល​បាន​និង​កំពុង​គ្រោង​បោះទុន​វិនិយោគ​ចំនួន ២៥០​លាន​ដុល្លារ លើ​ខុនដូ SKY TREE នៅ​តំបន់​ទួលសង្កែ ខណ្ឌ​ប្ញស្សីកែវ​។

លោក​បាន​ថ្លែង​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា ការ​សម្រេច​ចិត្ត​បោះទុន​វិនិយោគ​ក្នុង​ការ​សាង​សង់​ខុន​ដូ ដែល​ដាក់​ឈ្មោះថា​ SKY Tree នៅ​កម្ពុជា​នា​ពេល​នេះ ដោយ​សារ​លោក​មើល​ឃើញ​ថា កម្ពុជា​មាន​ស្ថិរភាព​នយោបាយ កំណើន​សេដ្ឋកិច្ច​រឹងមាំ និង​ការ​ប្រើ​ប្រាស់​រូបិយប័ណ្ណ​ដុល្លារ​យ៉ាង​ទូលំ​ទូលាយ​។

លោក​បន្ត​ថា ​៖ «​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នឹង​មាន​ការ​រីកចម្រើន​ខ្លាំង​នៅ​រយៈពេល​១០​ឆ្នាំ​ខាង​មុខ​ទៀត»​។

លោក Scott បន្តថា ខុនដូ​នេះ​មាន​ផ្ទះ​ចំនួន​ ១ ១០៤ ​យូនីត ដែល​លក់​ចាប់​ពី​តម្លៃ​៨​ម៉ឺន​ដុល្លារ​ឡើង​ទៅ​ហើយ​អតិថិជន​អាច​បង់​ប្រាក់​ជាមុន​ត្រឹម​១០​ភាគរយ និង​បង់​រំលស់​ត្រឹម​ ៦៦៨ ​ដុល្លារ​ក្នុង​មួយ​ខែ​។ ការ​លក់​គម្រោង​ខុនដូ​នេះ នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​នេះ​ហើយ​ក្រុមហ៊ុន​រំពឹង​ថា នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិជន​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស ដែល​ពួក​គាត់​ត្រូវ​ការ​កន្លែង​ស្នាក់​នៅ​ប្រកប​ដោយ​ផាសុកភាព និង​មាន​បទដ្ឋាន​សំណង់​តាម​និយាម​ស្តង់​ដារ​អន្តរជាតិ​។

ខុន​ដូSKY TREE មាន ​អគារ​ចំនួន​បី ដែល​មាន​កម្ពស់​៣២​ជាន់ ស្ថិត​នៅ​តំបន់​ពាណិជ្ជកម្ម និង​លំនៅឋាន ដែល​មិន​សូវ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​នា​ពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត​។

លោក Ross Wheble អ្នក​គ្រប់គ្រង​ទូទៅ​របស់ Knight Frank Cambodia បាន​សង្កត់​ធ្ងន់​ថា​ ៖ «​វា​ពិត​ជា​មាន​និន្នាការ​នៃ​ការ​វិនិយោគ ដែល​សាយ​ភាយ​ទៅ​កាន់​ភាគ​ខាង​ជើង និង​ពាយព្យ​នៃ​ទីក្រុង​ដែល​ភាគ​ច្រើន​គឺ​បណ្តាល​មក​ពី​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​។ បន្ទាប់​ពី​ការ​អភិវឌ្ឍ​នៃ​ផ្លូវ​៥៩៨ និង​ផ្លូវ​ហាណូយ យើង​អាច​សង្កេត​ឃើញ​ការ​រីក​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់ បើ​និយាយ​ពី​ចំនួន​នៃ​គម្រោង​បុរី ដែល​កំពុង​សាង​សង់​ក៏​ដូច​ជា​ការ​ប្រកាស​នៃ​ការ​សាង​សង់​ផ្សារ Aeon 2 ដែល​មាន​ទីតាំង​នៅ​ជិត Camko City»​។

លោក Wheble បាន​បន្ថែម ​ក្នុង​តម្លៃ​ដី ១ ៣០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ គម្រោង​វិនិយោគ J&L នៅ​ទួលសង្កែ គឺ​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់​បើ​ធៀប​នឹង​តម្លៃ​អចលនទ្រព្យ​នៅ​ភាគ​ខាង​ត្បូង​ទីក្រុង ដែល​មាន​តម្លៃ​៣០០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​។

«​ទួល​សង្កែ​ គឺ​មាន​ភាព​ទាក់​ទាញ​ជាង ប្រសិន​បើ​យើង​គិត​អំពី​តម្លៃ​ធៀប​នឹង​តំបន់​ផ្សេងៗ​នៅ​កណ្តាល​ទីក្រុង ដូចជា​បឹង​កេងកង​ ១ និង​ទន្លេ​បាសាក់​»។ នេះ​បើ​តាម​សម្តី​របស់​លោក Wheble​។ «ក្នុង​ខណៈ​ពេល​ដែល​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​តែ​បន្ត​អភិវឌ្ឍ​នៅ​ភាគ​ខាង​ជើង​នៃ​ទីក្រុង​ទីតាំង​នេះ​មាន​សក្តានុពល​ល្អ​ ដែល​អាច​នឹង​វាយ​លុក​ទីផ្សារ​ជា​មធ្យម​បាន​»។

លោក គីម ហ៊ាង ប្រធាន​ក្រុម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលន​ទ្រព្យ CVEA ក៏​បាន​សង្កេត​ឃើញ​សក្តានុពល​នៃ​ការ​អភិវឌ្ឍ​ភាគ​ច្រើន​នៅ​តំបន់​ខាង​ជើង​នៃ​ទីក្រុង។ ប៉ុន្តែ​លោក​ក៏​បាន​លើក​ឡើង​ដែរ​ថា​៖ «​តំបន់​ភាគ​ខាង​ត្បូង​ ក៏​មិន​អន់​ដែរ ប៉ុន្តែ​ដី​នៅ​ទីនោះ​ត្រូវ​ការ​រយៈពេល​មួយ​រយៈ​ទៀត​ទម្រាំ​តែ​មហាជន​អាច​មើល​ឃើញ​ពី​តម្លៃ​របស់​វា​»​។

ខុនដូ SKY TREE បាន​ចាប់​ផ្តើម​សាងសង់​កាល​ពី​ដើម​ឆ្នាំ​នេះ និង​គ្រោង​បញ្ចប់​ការ​សាង​សង់​នៅ​ឆ្នាំ​២០១៩​ខាង​មុខ​។ ខុនដូ​នេះ​មាន​ចំណត​យានយន្ត​ចំនួន​៤​ជាន់ រួម​ទាំង​ផ្សារ​ទំនើប កន្លែង​ហាត់​ប្រាណ អាង​ហែល​ទឹក និង SKY Bar ជា​ដើម​។

លោក Henry WU អគ្គនាយក​ក្រុមហ៊ុន MATSU Property ដែល​មាន​មូលដ្ឋាន​នៅ​កោះ​តៃវ៉ាន់ បាន​ថ្លែងថា ទីក្រុង​ភ្នំពេញ​ មាន​ទំហំ​តូច​ណាស់ ហើយ​បេះដូង​រាជធានី​នេះ ​មាន​ទំហំ​ប្រហែល ២០​ គីឡូ​ម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ ប៉ុន្តែ​មាន​ប្រជាជន​ជាច្រើន​រស់​នៅ​ក្នុង​ទីក្រុង​នេះ​ដែល​ធ្វើ​ឲ្យ​ទីក្រុង​នេះ​កាន់​តែ​ចង្អៀត តម្លៃ​អចលនទ្រព្យ​នឹង​កើន​ឡើង​ខ្ពស់ ដូច្នេះ​ខុន​ដូ​ដែល​មាន​សេវា​ស្នាក់​នៅ​ប្រកប​ដោយ​​ផាសុកភាព មាន​អាង​ហែល​ទឹក សន្តិសុខ​ល្អ ផ្សារ​ទំនើប និង​ការ​គ្រប់គ្រង​ច្បាស់​លាស់ នឹង​ក្លាយ​ជា​ជម្រើស​របស់​ពួក​គេ​នៅ​ពេល​អនាគត​។

លោក​បន្ត​ថា​ ៖ «​កម្ពុជា ជា​ប្រទេស​មាន​សេរីភាព​បំផុត​នៅ​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​នេះ ដែល​មិនមាន​ការ​ត្រួត​ពិនិត្យ​ការ​ប្រើប្រាស់​រូបិយប័ណ្ណ មិន​មាន​ការ​យក​ពន្ធ​លើ​ប្រាក់​ចំណេញ​លើ​វិស័យ​នេះ និង​អ្នក​វិនិយោគ​អាច​ចេញ​ចូល​ដោយ​សេរី ពិសេស​តម្លៃ​អចលនទ្រព្យ​នៅ​ភ្នំពេញ គឺមាន​តម្លៃ​ទាប បើ​ប្រៀបធៀប​នឹង​ទីក្រុង​របស់​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​នេះ​»​។

លោក​បន្តថា​ ៖ «​ប្រជាជន​នៅ​ទីក្រុង​ភ្នំពេញមាន​ប្រមាណ២​លាន​នាក់ តម្លៃ​ខុន​ដូ​នៅ​ទីក្រុង​នេះ​មាន​តម្លៃ​ទាប​ខ្លាំង​ណាស់ ធៀប​​​ជាមួយ​ប្រទេស​ក្នុង​តំបន់​នេះដែល​​ ​កត្តា​ទាំង​អស់​នេះ​បាន​និង​កំពុង​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស​​ឲ្យ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​អចលនទ្រព្យ​នៅទីនេះ​»​។​

លោក Henry បាន​បន្ត​ថា ជន បរទេស​ស្គាល់​ទីក្រុង​បាងកក ទីក្រុង​គូឡា​ឡាំពួ ទីក្រុង​ហុងកុង តែ​ពួក​គេ​មិន​សូវ​ស្គាល់​ទីក្រុង​ភ្នំពេញ​នោះទេ ប៉ុន្តែ​នៅ​ឆ្នាំ​ ២០២៣ ពេល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​ការ​រៀប​ចំ​កីឡា​ SEA Games ទីក្រុង​នេះ​នឹងមាន​គេ​ស្គាល់​ច្រើននិង​មាន​ការ​​រីក​ចម្រើន​ខ្លាំង​ថែម​ទៀត»​។ លោក​បន្តថា ​៖ «​ប្រសិន​អ្នក​វិនិយោគ​ខុនដូ សម្រាប់​ប្រជាជន​មាន​ប្រាក់​ចំណូល​មធ្យម មិន​មាន​សញ្ញា​អ្វី​គួរ​​ឲ្យ​ព្រួយ​បារម្ភ​ទេ តែ​ខ្ញុំ​បារម្ភ​ពី​ខុន​ដូ​ប្រភេទ​ប្រណីត​ដែល​មាន​តម្លៃ​ថ្លៃ​»​។

អគ្គនាយក​ក្រុមហ៊ុន Century21 Mekong លោក ច្រឹក សុខនីម បាន​ថ្លែងថា ការ​អភិឌ្ឍ​នៅ​តំបន់​នេះ និង​តម្លៃ​ដាក់​ចេញ​បែប​នេះ​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ អ្វី​ដែល​សំខាន់​គឺ​អាស្រ័យ​លើ​ការ​បំពាក់​សម្ភារ ការ​រចនា​អគារ និង​បន្ទប់​ស្នាក់​នៅ ដើម្បី​មាន​ភាព​ទាក់​ទាញ​បន្ថែម​ដោយ​សារ​ទីផ្សារ​ខុនដូ​ នៅ​កម្ពុជា​កំពុង​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង ដែល​ធ្វើ​ឲ្យ​អ្នក​ទិញ​មាន​​ជម្រើស​កាន់​តែ​ច្រើន​។ ដូច្នេះ​អ្នក​វិនិយោគ​គួរ​មាន​ដើម​ទុន​ច្បាស់​លាស់ មុន​នឹង​ចាប់​ផ្តើម​គម្រោង​​របស់​ខ្លួន ជា​ជាង​លក់​គម្រោង​យក​ប្រាក់​ដើម្បី​សាងសង់ ដែល​អាច​ធ្វើ​ឲ្យ​ពួក​គេ​ប្រឈម​មុខ​នឹង​ការ​ជាប់​គាំង​គម្រោង​នៅ​កណ្តាល​ទី​៕

Source From: www.postkhmer.com