អគារ​ពាណិជ្ជកម្ម Exchange Square ទាក់​ទាញ​ក្រុម​ហ៊ុន​ធំៗ​ក្នុង​ប្រទេស​កម្ពុជា
FRIDAY, 29 APRIL 2016

កាល​ពី​ខែ​កុម្ភៈ ក្រុមហ៊ុន Hong kong Land បាន​ប្រកាស​ថា ខ្លួន​ពិតជា​បាន​ធ្វើ​កិច្ច​សន្យា​ជួល​ការិយាល័យ​មួយ​ទៅ​ឲ្យ​ធនាគារ CIMB ដែល​ជា​ធនាគារ​ដែល​ឈាន​មុខ​គេ​ប្រចាំ​សហគម​អាស៊ាន និង​មាន​ការិយាល័យ​នៅ ១៨​ប្រទេស នៅ​ទូទាំង​សកល​លោក ហើយ​បាន​ក្លាយ ខ្លួន​ជា​ក្រុមហ៊ុន​ធនាគារ​មួយ​ក្នុង​ប្រទេស​កម្ពុជា តាំង​ពី​ឆ្នាំ​២០១០ មក​ម្ល៉េះ ។ សាខា​ថ្មីៗ​របស់​ធនាគារ CIMB នឹង​ស្ថិត​នៅ​ឯ​អគារ​ពាណិជ្ជកម្ម Exchange Square របស់​ក្រុមហ៊ុន Hongkong Land ដែល​គម្រោង​នឹង​បញ្ចប់​ចុង​ឆ្នាំ​២០១៦ នេះ​។

តាម​រយៈ​អ្នក​នាង Angelique Tan ជា​អ្នក​គ្រប់គ្រង​ថ្នាក់​ខ្ពស់​ផ្នែក​ជួល​សម្រាប់​ក្រុមហ៊ុន Hong Kong Land បាន​ឲ្យ​ដឹង​ថា ការិយាល័យ​របស់ World Bank ឥទ្បូវ​នេះ​ក៏​បាន​ក្លាយ​ខ្លួន​ជា​ភាគី​កាន់​កាប់​ទីតាំង​ថ្មី​នោះ​ម្នាក់​ទៀត​ដែរ​។

ក្រុមហ៊ុន​ល្បីៗ​ដែល​បាន​វាយ​លុក​ចូល​ទីផ្សារ​អាជីវកម្ម និង​ទីផ្សារ​ហិរញ្ញវត្ថុ ដែល​នៅ​មាន​ភាព​ទូលាយ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ស្វែងរក​អគារ​ការិយាល័យ​មាន​គុណភាពល្អ​។ អ្នក​នាង Tan បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Hongkong Land មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​នៅ​ក្នុង​ការសាងសង់​ការិយាល័យ ​ដែល​មាន​គុណភាព​ខ្ពស់​ជា​យូរ​មក​ហើយ។

​អ្នក​នាង Tan បាន​និយាយ​ថា​៖ «ក្រុម​ហ៊ុន Hong Kong Land មាន​ការ​ទទួល​ស្គាល់​យ៉ាង​ខ្លាំង​ក្លា​ពី​គុណភាព​នៃ​ការ​សាង​សង់ ការ​គ្រប់គ្រង​អចលនទ្រព្យ និង​សេវាកម្ម​សម្រាប់​អតិថិជន​នៅ​ក្នុង​ទ្វីប​អាស៊ី ហើយ​ពួក​យើង​នឹង​យក​គុណ​ភាព និង​ជំនាញ​ដ៏​ល្អៗ​នេះ​ទៅ​អនុវត្ត​នៅ Exchange Square» នៅ​កម្ពុជា​។

គាត់​ក៏​បាន​បន្ត​ទៀត​ថា អគារ​ពាណិជ្ជកម្ម​នេះ បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ជាច្រើន​ក្នុង​ទីផ្សារ​កម្ពុជា​ចាប់​តាំង​ពី​ការ​ចាប់​ផ្តើម​សាងសង់​ការិយាល័យ​មក​ម្ល៉េះ។

តាម​រយៈ​លោក Robert Garman ប្រធាន​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន Hong Kong Land បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ធំៗ​ដូចជា ធនាគារ CIMB កំពុង​តែ​ស្វែង​រក​ទីតាំង ដើម្បី​បង្កើត​ការិយាល័យ​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ហិរញ្ញវត្ថុ ​ដែល​កំពុង​រីក​ចម្រើន​នៅ​ទីក្រុង​ភ្នំពេញ ក្នុង​ប្រទេស​កម្ពុជា​។

​អ្នក​នាង Tan បាន​បន្ត​ទៀត​ថា​ ៖ «ដោយ​សារ​តែ Exchange Square ស្ថិត​នៅ​ក្នុង​សង្កាត់​វត្ត​ភ្នំ នៅ​ដង​វិថី​នរោត្តម ដែល​សព្វ​ថ្ងៃ​នេះ​ជា​តំបន់​សម្រាប់​ធ្វើ​អាជីវកម្ម​ព្រម​ទាំង​ជាទី​កន្លែង​ដែល​មាន​ធនាគារ​ធំៗ​ដូច​ជា ធនាគារ​កាណាឌីយ៉ា ធនាគារ​វឌ្ឍនៈ បាន​ធ្វើ​ឲ្យ​អគារ​ពាណិជ្ជ​កម្ម​នេះ​ងាយ​ស្រួល​នឹង​ទទួល​បាន​​ចំណាប់​អារម្មណ៍​យ៉ាង​ខ្ពស់​ពី​ក្រុមហ៊ុន​ធនាគារ ស្ថាប័ន​ហិរញ្ញវត្ថុ និង​សេវា​កម្ម​អាជីព​ផង​ដែរ​»​។

​ខណៈ​ពេល​ដែល​ពុំ​ទាន់​មាន​តំបន់​អាជីវកម្ម​ដ៏​ធំ​ច្បាស់លាស់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ទ្បើ​យ ការ​ពង្រីក​សាខា​របស់​ធនាគារ CIMB ទៅ​កាន់​អគារ​ដែល​មាន​ទំហំ​ធំ និង​ល្អ​ប្រសើរ​អាច​ជួយ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ពហុ​សាខា​ធំៗ​អនុវត្ត​តាម​។

ប្រធាន​ប្រតិបត្តិ​នៃ​ធនាគារ CIMB នៅ​ក្នុង​ប្រទេស​កម្ពុជា លោក ប៊ុន យ៉ីន បាន​និយាយ​ថា​ ៖ «​បើ​តាម​ទស្សនៈ​នៃ​សារ​ជីវកម្ម​ល្បីៗ​បាន​បង្ហាញ​ថា ការ​កាន់​កាប់​ដីធ្លី​នៅ​ឯ​អគារ​ពាណិជ្ជកម្ម Exchange Square ជា​ការ​អំណោយ​ផល​មួយ ដោយ​សារ​តែ​វា​គឺជា​ទីតាំង​ដ៏​ល្អ​»៕

Source From: www.postkhmer.com