ផ្សារ​ទំនើប​ក្រោម​ដី​ Naga City Walk នឹង​បើក​ដំណើរ​ការ​នៅ​ខែ​សីហា​ឆ្នាំ​នេះ
FRIDAY, 29 APRIL 2016

ផ្សារ​ទំនើប​ក្រោម​ដី​ដំបូង​គេ​នៅ​រាជធានី​ភ្នំពេញ​ ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ Naga Corp នឹង​បើក​ដំណើរការ​នៅ​ដើមខែ​សីហា ​ខាង​មុខ​នេះ ​ខណៈ​ចំនួន​ស្តង់​សរុប​ក្នុង​គម្រោង​នេះ​ត្រូវបាន​ជួល​អស់​ ៩០​ ភាគរយ​រួចហើយ​។

​​អ្នកនាង ​អាន សុ​ធីតា ​នាយិកា​រង​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​ CBRE Cambodia បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​សប្តាហ៍​មុន​ថា ផ្សារ​ទំនើប​ក្រោម​ដី​នៃ​ក្រុមហ៊ុន​Naga Corp ​នឹង​បើក​ដំណើរការ​នៅ​ដើមខែ​សីហា​ខាងមុខនេះ​។

ផ្សារ​ទំនើប​នេះ​នឹង​អាចដាក់​ឈ្មោះ​ថា ​Naga City Walk ដែល​ផ្សារ​នេះ​នឹងត្រូវ​បែងចែក​ជា​បី​តំបន់​ខុសៗ​​គ្នា ទី​១ តំបន់​លក់ទំនិញ​រួច​​ព​ន្ធ ទី​២ តំបន់​លក់ទំនិញ​ផលិត​​ក្នុងស្រុក និង​តំបន់​ទី​៣ ជា​តំបន់​លក់​សម្លៀកបំពាក់ និង​របស់​របរ​ប្រើប្រាស់​ផ្សេងៗ​។​

​​អ្នកនាង​បន្តថាផ្សារ​ទំនើប​ក្រោម​​​ដី​នេះ​មាន​ទំហំ​ ៣ ៧៨០ ​ម៉ែត្រការ៉េ មាន​ទីតាំង​ស្ថិតនៅ​ជាន់​ក្រោម​​ដី និង​លូន​កាត់​ពី​ទីតាំង​​សណ្ឋាគារ និង​កាស៊ីណូ​ណា​ហ្កា​ទី​១ ឆ្ពោះទៅកាន់​ទីតាំង​សណ្ឋាគារ និង​កាស៊ីណូ​ទី​ ២ ដែល​បាន​និងកំពុង​សាងសង់​នា​ពេល​នេះ​។

អ្នកនាង​បន្តថា រហូត​មក​ទល់ពេល​នេះ​ចំនួន​ស្តង់​ក្នុង​ផ្សារ​ទំនើប​នេះ​ត្រូវបាន​ជួល​អស់​៩០​ភាគរយ​រួច​ហើយ ហើយ​នៅ​ខែ​ឧសភា​ខាង​មុខ​នេះ អ្នក​ជួល​ស្តង់​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​បរទេស​​នោះនឹង​ចូលទៅ​រៀបចំ​​ដេ​គ័រ និង​រចនា​ស្តង់​របស់​ពួកគេ​ហើយ​។

​សណ្ឋាគារ និង​កាស៊ីណូ​ណា​ហ្កា​ទី​២ នឹង​បើក​ដំណើរការ​នៅ​ចុងឆ្នាំ ២០១៧​ខាងមុខនេះ​។​

​​អ្នកនាង ​ធីតា ​បាន​បន្តថា ៖ ​«នេះ​​ជា​ទស្សនទាន​នៃ​ការ​អភិវឌ្ឍ​ថ្មី ដូច្នេះ​វា​នឹង​ទទួលបាន​ការ​ចាប់​អារម្មណ៍​ច្រើនដោយសារ​តំបន់​នេះ​ជា​តំបន់​ទេសចរណ៍ និង​ជា​ការ​តភ្ជាប់​រវាង​សណ្ឋាគារ និង​កាស៊ីណូ ដូច្នេះ​វា​នឹង​ធ្វើ​ឲ្យ​មាន​មនុស្ស​ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រចាំ​ថ្ងៃ»​។

​អ្នកនាង​បន្ថែមថា៖ «​ស្តង់ដា​សំណង់​ក្រោម​ដី​នេះ​បាន​សាង​សង់​ឡើង​តាម​ស្តង់ដារ​អន្តរជាតិ វា​​មិនមាន​អ្វី​គួរ​ឲ្យ​បារម្ភ​ទេ​»​។​

​នៅ​ក្នុង​បទ​សម្ភាស​ជាមួយ​ប៉ុស្តិ៍​អចលនទ្រព្យ បុគ្គលិក​ជាន់ខ្ពស់​រប​ស់ Naga World បាន​ថ្លែង​បញ្ជាក់​ថា ខ្លួន​បាន​ជួល​ផ្សារ​ទំនើប​នេះ​ទៅ​ឲ្យ​ខាង​ក្រុមហ៊ុន China Duty Free Group (CDFG) ជា​អ្នក​គ្រប់គ្រង​បន្ត​រួច​ហើយ​។ យើង​កំពុង​តែ​រៀបចំ​ធ្វើ​យ៉ាង​ណា​ឲ្យ​ផ្សារ​ទំនើប​របស់​យើង​អាច​បើក​សម្ពោធ​ដំណើរការ​បាន​ក្នុង​ខែ​សីហា​​ខាង​មុខ​នេះ ដោយ​យើង​កំពុង​តែ​រៀបចំ​ហាង​ឲ្យ​បាន​រួច​រាល់​មុននឹង​បើក​សម្ភោ​ធ​។

​ស្ថិតក្រោម​កិច្ច​ព្រមព្រៀង​នេះ ក្រុមហ៊ុន CDFG នឹង​ជួល​មួយ​ផ្នែក​ធំ​នៃ​ផ្សារ​ទំនើប Naga City Walk នេះ​ដែល​នឹងមាន​ផ្ទៃក្រឡា​រហូតដល់​ទៅ ៣៩០០​ម៉ែត្រ​ការ៉េ ដែល​ត្រូវបាន​គេ​ដឹង​ថា បាន​ទទួល​ការ​អនុញ្ញាត​រួច​មក​ហើយ​សម្រាប់​ការ​រៀបចំ​បើក​ហាង​លក់​ទំនិញ​ឥត​ពន្ធ​នៅ​ក្នុង​ផ្សារ​ទំនើប​នេះ​។

​ក្រុមហ៊ុន CDFG ដែល​មាន​ការិយាល័យ​កណ្តាល​ក្នុង​ទីក្រុង​ប៉េកាំង​នេះ គឺជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​គ្រប់គ្រង​លើ​ហាង​ទំនិញ​ឥត​ពន្ធ​ច្រើន​ជាង​ ២០០​ កន្លែង នៅ​ទូទាំង​ប្រទេស​ចិន និង​នៅ​ជុំវិញ​ពិភពលោក​។ ក្រុមហ៊ុន​នេះ​ជា​ក្រុមហ៊ុន​តែ​មួយ​គត់​ដែល​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​ នៃ​ប្រទេស​ចិន ដែល​បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​ក្រុម​ប្រឹក្សា​រដ្ឋាភិបាល​​​ចិន សម្រាប់​ការ​គ្រប់គ្រង​ហាង​ទំនិញ​ឥត​ពន្ធ​នៅ​ក្នុង​ប្រទេស​ចិន​ទាំង​មូល​។

​ទីក្រុង​ភ្នំពេញ នឹង​ពុំមែន​ជា​គោល​ដៅ​តែមួយ​ក្នុង​ប្រទេស​កម្ពុជា ដែល CDFG នឹងធ្វើ​ការ​វាយ​លុក​នោះទេ​។

កាលពី​ឆ្នាំ២០១៤ CDFG បាន​បើកហាង​លក់​ទំនិញ​ដំបូង​របស់ខ្លួន​រួច​មក​ហើយ​នៅ​លើ​ទឹកដី​ខេត្ត​សៀមរាប​មាន​ឈ្មោះ​ថា Angkor Duty Free Store​។ ស្ថិត​នៅ​លើ​ផ្ទៃដី​រហូតដល់​ទៅ​៤៥០០​ម៉ែត្រ​ការ៉េ ហាង Angkor Duty Free Store មាន​លក់​ផលិតផល​ម៉ាក​ល្បីៗ​ដល់​ទៅ ២០០​ម៉ាក​ឯ​ណោះ។

​ប្រធាន​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន CDFG លោក John Zhao បាន​ថ្លែងថា ផ្សារ​ទំនើប Naga City Walk នឹងមាន​លក់​ផលិតផល​ម៉ាក​ល្បីៗ​ជាច្រើន​ម៉ាក​សម្រាប់​មហាជន​ ដែល​ស្វែងរក​ទិញ​ទំនិញ​ល្អៗ​នៅក្នុង​ផ្សារ​នេះ ជា​ ពិសេស​គឺ​យីហោ​ដែល​ពេញនិយម​នៅ​​ប្រទេស​ចិន​។​

​លោក​បន្ថែម​ថា៖ «​ចំនួន​ភ្ញៀវ​ទេសចរ​ចិន មក​កាន់​តែ​ប្រទេស​កម្ពុជា​មាន​ការ​កើន​ឡើង​យ៉ាង​គំហុក​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ហើយ​យើង​រំពឹង​ថា តួលេខ​នេះ​​នឹង​នៅតែ​បន្ត​កើន​ឡើង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​​ទៀត​»​។

​លោក Zhao ថ្លែង​បន្តថា ដោយ​សារតែ Naga World ជា​គោល​ដៅ​ទេសចរ​មួយ​ស្រាប់​ទៅ​ហើយ​នោះ កន្លែង​នេះ​គឺ​ស័ក្តិសម​ជាទី​បំផុត​សម្រាប់​ការបើក​ហាង​ទំនិញ​ឥត​ពន្ធ​ទាំងនេះ​។

​លោក​បន្តថា​ ៖ «​វា​ជា​ជម្រើស​ដ៏​​ល្អ​បំផុត​សម្រាប់​ពួកយើង​ក្នុង​ការ​​បើកហាង​ដ៏​ធំ​មួយ​នេះ​នៅ​ផ្សារ​ទំនើប Naga City Walk ដែល​ស្ថិតនៅ​កណ្តាល​ទីក្រុង​ភ្នំពេញ​នេះ​»​។

​លោក​បញ្ជាក់ថា​៖ «​និយាយ​រួម​ទៅហាង​ទំនិញ​ឥត​ពន្ធ​នេះ គឺ​សម្រាប់​​ភ្ញៀវទេសចរ​តែម្តង​។ យើង​​ជឿជាក់​ថា យើង​បាន​ជ្រើស​រើស​​កន្លែង​ដ៏​ល្អ​បំផុត​នៅក្នុង​ទីក្រុង​ភ្នំពេញ សម្រាប់​ហាង​របស់​យើង​»​។

​ផ្សារ​ទំនើប Naga City Walk ដែល​បាន​ចំណាយ​ដើមទុន​ច្រើន​ជាង ៩០​លាន​ដុល្លារ​អាមេរិក​នោះ​នឹងមាន​លក់​ផលិតផល​ម៉ាក​ល្បីៗ​ដល់​ទៅ​ជាង៤០០​ម៉ាក ដែល​រួមមាន​ដូចជា Dior, Swarovski និង Gucci ហើយ​តម្លៃ​វិញ គឺ​ថោក​ជាង​តម្លៃ​ស្តង់ដា​រចាប់ពី ២៥​ដល់​៣៥​ភាគរយ ថែម​ទៀតផង​។

​បុគ្គលិក Naga World ដដែល បាន​ថ្លែង​ថា នេះ​គឺជា​កិ​តិ្ត​យស​យ៉ាង​ធំធេង​ដែល​ខ្លួន​បាន​សហការ ​ជាមួយ CDFG ដោយ​ការចាប់​ដៃ​គូ​នេះ​វា​នឹងមាន​អាយុកាល​យូរ​អង្វែង​ទៅ​ថ្ងៃ​អនាគត​។

​​លោក ​មាន ចាន់​យ៉ា​ដា​ នាយក​រដ្ឋបាល​សាលា​ក្រុង​ភ្នំពេញ​ បាន​ថ្លែងថា លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នេះ​នៅ​ឡើយ​ទេ ព្រោះ​មិន​ទាន់​បាន​ទទួល​ការដាក់​លិខិត​ផ្លូវការ​ពី​ក្រុមហ៊ុន​នេះ​ដាក់​សំណើ​មកកាន់​សាលា​ក្រុង​នៅ​ឡើយ​។​

​ទោះជា​យ៉ាងណា​លោក ប៉ា សុជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែងថា ផ្សារ​ទំនើប​នេះ​នឹង​បើក​ដំណើរ​ការ​នៅ​ពេល​ខាង​មុខ​នេះ​ព្រោះ​សាលា​ក្រុង​បាន​​ជំរុញ​ ឲ្យ​ក្រុមហ៊ុន ​Naga Corp​ ធ្វើការ​កែលម្អ​សួនច្បារ និង​ផ្នែក​ខាងលើ​នៃ​ផ្សារ​នេះ​បណ្តើរៗ​ហើយ​។ លោក​បន្តថា ទីតាំង​នេះ​ជា​ទី​តាំង​របស់​សាលា​ក្រុង ដែល​បាន​​ជួល​​ឲ្យ​ក្រុមហ៊ុន​នេះ​ធ្វើការ​អភិវឌ្ឍ​ដូច្នេះ​ទុន​វិនិយោគ​ផ្សារ​ទំនើប​នេះ​ជា​របស់​ក្រុមហ៊ុន​​នេះ។​

​ទាក់ទង​នឹង​ការ​អនុ​ញ្ញា​ត​ឲ្យ​ក្រុមហ៊ុន​Naga Corp​លក់ទំនិញ​រួច​ព​ន្ធ​នៅក្នុង​ផ្សារ​ទំនើប​ក្រោម​ដី​លើក​ដំបូង​នេះ​លោក ប៉ា សុជាតិ​វង្ស​ បាន​ថ្លែងថា ៖ «​អ្នក​ណា​ក៏​អាច​​បើក​ផ្សារ​(​លក់​ទំនិញ​រួច​ពន្ធ)​​បានដែរ តែ​ត្រូវ​មាន​លក្ខ​ខ​ណ្ឌ​ដទៃទៀត ជា​លក្ខ​ខ​ណ្ឌ​ដែល​អ្នក​វិនិយោគ​ផ្សារ​ត្រូវ​រៀបចំ​»​។

​ទោះជា​យ៉ាង​ណា​លោក​មិន​បញ្ជាក់​លម្អិត​ពី​លក្ខ​ខណ្ឌ​ដែល​អ្នក​វិនិយោគ​អាចបើក​ផ្សារ​លក់​ទំនិញ​រួច​ពន្ធ​បែប​នេះ​នោះ​ទេ​។​

​លោក ​ស៊ឹង ប៊ុណ្ណា​ អគ្គនាយក​ក្រុមហ៊ុន​ប៊ុណ្ណា​រៀល​ធី​គ្រុប​ ធ្លាប់​​ ថ្លែងបាន​ថា ចំនួន​ផ្សារ​ទំនើប​នៅ​កម្ពុជា​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ គឺ​ទីផ្សារ​នេះ​នៅ​ត្រូវ​ការ​ផ្សារ​ទំនើប​ធំៗ​ចំនួន​បី ឬ​បួន​ទីតាំង​ខុស​គ្នា​ទៀត ប៉ុន្តែ​បើ​មាន​ច្រើន​ជាង​​នេះ ​គឺ​លើស​តម្រូវ​ការ ព្រោះ​ចំនួន​ប្រជាពលរដ្ឋ​កម្ពុជា​ ដែល​និយម​ដើរ​ផ្សារ​ទំនើប​ពួក​គេ​ចូល​ចិត្ត​ញុំា​អាហារ​ច្រើនជាង​ទិញ​ទំនិញ ឬ​សម្លៀក​បំពាក់​នានា​។​

លោក​​បន្តថា ក្រុម​អភិជន​មាន​ប្រាក់​ច្រើន​នៅ​រាជធានី​ភ្នំពេញ មិន​ទាន់​ទទួល​យក​ផ្សារ​ទំនើប​ក្នុងស្រុក​ទេ គឺ​ពួកគេ​នៅតែ​ពេញ​និយម​ដើរ​ទិញ​ទំនិញ​នៅ​ក្រៅ​ប្រទេស​នៅ​ឡើយ​។

​ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុម​ហ៊ុន​អេស៊ា​រៀល​អេស្ទេត ​លោក ​ប៉ូ អ៊ាវគង់​ បាន​ថ្លែងថា ប្រសិន​ជា​និយាយ​ពី​ទស្សនទាន​នៃ​ការ​អភិវឌ្ឍ ការ​វិនិយោគ​ផ្សារ​បែបនេះ​គឺជា​រឿង​ល្អ ប៉ុន្តែ​ប្រសិន​ជា​និយាយ​ពី​ឥរិយាបថ​ទីផ្សារ គឺ​កាន់​តែ​មាន​ភាព​​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង ដោយ​សារ​ទំហំ​ទីផ្សារ​មាន​ការ​វិវត្ត​លឿន​ធៀប​នឹង​តម្រូវ​​ការ​ជាក់​ស្តែង​៕

Source From: www.postkhmer.com