មូលហេតុ​ដែល​នាំ​ឲ្យ​ទីប្រជុំ​ជន​ទីក្រុង ​ភ្នំពេញ​ ផ្លាស់​ប្តូរ​ទៅ​ទិស​ពាយព្យ
FRIDAY, 06 May 2016

ខណៈ​ពេល​ដែល​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​អចលនទ្រព្យ​ផ្សេងៗ បាន​ដើរ​តួ​យ៉ាង​សំខាន់​នៅ​ក្នុង​ជីវភាព​រស់នៅ នៅ​ទីក្រុង​នៅ​ប៉ែក​ខាង​ត្បូង​នៃ​ទីក្រុង ទីតាំង​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ ទីតាំង​ទំនេរ និង​ឱកាស​ក្នុង​ការទិញ​ផ្ទះ​ ដែល​មាន​តម្លៃ​សមរម្យ​បាន​ជំរុញ​ឲ្យ​ទីប្រជុំជន​របស់​ទីក្រុង​ភ្នំពេញ​ ខិត​ទៅ​ប៉ែក​ពាយព្យ​ទៅ​វិញ​ដោយ​មាន​ខណ្ឌ​មួយ​ចំនួន ដូចជា​ខណ្ឌ​ប្ញស្សីកែវ​ដែល​កំពុង​តែ​នាំ​មុខ​គេ។

ដោយ​មាន​ការ​សាងសង់​ផ្លូវ​ថ្មីៗ ជាមួយ​នឹង​ការ​ពង្រីក​ផ្លូវ​ចាស់ ដូច​ជា​ផ្លូវ​១០៥ គួប​ផ្សំ​នឹង​គម្រោង​វិនិយោគ​ថ្មី​នៅ​តាម​បណ្តោយ​ផ្លូវ​នានា​នៃ​សង្កាត់​ទួល​សង្កែ តំបន់​ទាំង​នេះ​អាច​នឹង​ងាយ​ស្រួល​ធ្វើ​ដំណើរ​សម្រាប់​អ្នក​ដែល​ជ្រើសរើស​ទិញ​ផ្ទះ ឬ​ខុនដូ នៅ​ប៉ែក​ខាង​ពាយព្យ​នៃ​ទីក្រុង​ភ្នំពេញ​។

លោក Ross Wheble អ្នក​គ្រប់​គ្រង​ប្រចាំ​ប្រទេស​របស់ Knight Frank Cambodia សម្លឹង​ឃើញ​សក្តានុពល​ខ្ពស់​នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​បច្ចុប្បន្ន និង​ក្នុង​ពេល​អនាគត ដែល​ផ្តោត​ទៅ​លើ​ប៉ែក​ខាង​ជើង និង​ខាង​ពាយព្យ​នៃ​ទីក្រុង​ភ្នំពេញ​។

លោក​បាន​ថ្លែង​ថា​ ៖ «​មាន​និន្នាការ​នៃ​ការ​អភិវឌ្ឍ​ដែល​ហូរ​ទៅ​កាន់​ផ្នែក​ខាង​ជើង និង​ខាង​ពាយព្យ​នៃ​ទីក្រុង​មែន ដែល មួយ​ផ្នែក​ធំ គឺ​បណ្តាល​មក​ពី​ការ​អភិវឌ្ឍ​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​»​។

លោក​បាន​បន្ត​ថា ​៖ «​ជាមួយ​នឹង​ការ​អភិវឌ្ឍ​នៃ​ផ្លូវ​លេខ​៥៩៨ និង​ផ្លូវ​ហាណូយ យើង​បាន​សង្កេត​ឃើញ​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​នូវ​ចំនួន​បុរី ដែល​កំពុង​ត្រូវ​បាន​សាងសង់ ក៏​ដូច​ជា​ការ​ប្រកាស​ការ​ចាប់​ផ្តើម​សាងសង់​ផ្សារ Aeon 2 ដែល​មាន​ទីតាំង​នៅ​ជិត Camko City»​។

បន្ថែម​ពីនេះ​ទៅ​ទៀត ហេដ្ឋា​រចនា​សម្ព័ន្ធ​ថ្នាក់​ខ្ពស់ នឹង​ធ្វើ​ឲ្យ​តំបន់​ខាង​ជើង និង​ខាង​ពាយព្យ ទៅ​ជា​តំបន់​ដែល​មាន​ភាព​ទាក់ទាញ​សម្រាប់​ហាង​លក់​ទំនិញ​រាយ និង​សម្លៀក​បំពាក់ ដូចជា Parkson Mall និង​ផ្សារ Aeon Mall 2 ជាដើម​។

ខណៈ​ពេល​ដែល​វិស័យ​ហិរញ្ញវត្ថុ​កំពុង​តែ​មាន​ការ​រីក​ចម្រើន ក៏​ដូច​ជា​មាន​សហគ្រាស​ពហុ​ជាតិ​ជាច្រើន​ចូល​មក​ទីក្រុង​ភ្នំពេញ កន្លែង​ការិយាល័យ​កម្រិត​ខ្ពស់​ក៏​ចាប់​ផ្តើម​មាន​ភាព​ទាក់ទាញ​កាន់​តែ​ខ្លាំង​ដែរ ដែល​នេះ​បាន​ចោទ​ជា​សំណួរ​ថា តើ​ទីក្រុង​ភ្នំពេញ​នឹង​មាន​តំបន់​ហិរញ្ញ ​វត្ថុ និង​ជំនួញ​ថ្មីៗ​បន្ថែម​ទៀត ឬ​យ៉ាង​ណា​?

កាល​ពី​ដើម​ឆ្នាំ​នេះ អ្នក​នាង Sharon Liew នាយក​ប្រតិបត្តិ​របស់ Huttons CPL បាន​និយាយ​ថា តំបន់​ហិរញ្ញវត្ថុ ឬ​ជំនួញ នឹង​មាន​ទីតាំង​នៅ​ក្បែរ​អគារ​កាណាឌីយ៉ា ឬ​អគារ​វឌ្ឍនៈ​។

អ្នក​នាង​បាន​និយាយ​ថា​ ៖ «​មក​ដល់​ពេល​នេះ​មាន​ធនាគារ​ជាង​១៥ នៅ​តំបន់​នោះ​រួច​ទៅ​ហើយ ដែល​ធ្វើ​ឲ្យ​តំបន់​នេះ អាច​នឹង​ក្លាយ​ទៅ​ជា​តំបន់​ហិរញ្ញវត្ថុ​»​។

នៅ​ក្បែរ​តំបន់​នោះដែរ ដោយ​គេ​ធ្លាប់​បាន​ស្គាល់​ថា ជា​បឹងកក់ គឺជា​ទីតាំង​សមស្រប​សម្រាប់​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សម្រាប់​ជួយ​សម្រួល​ដល់​ការ​ពង្រីក​នៃ​ទីក្រុង​ក្នុង​ពេល​អនាគត​។

ដោយ​អាជីវកម្ម​លក់​រាយ និង​ហរិញ្ញវត្ថុ​មាន​ការ​លេច​មុខ​ឡើង គេ​អាច​រំពឹង​ទុក​ថា តំបន់​ផ្នែក​ខាង​ជើង​នឹង​មាន​ការងារ​ថ្មីៗ​ជាច្រើន​។

អនាគត​របស់​ប៉ែក​ខាង​ជើង និង​ពាយព្យ​នៃ​ទីក្រុង​ភ្នំពេញ មាន​លក្ខណៈ​ភ្លឺ​ស្វាង ដែល​ផ្តល់​ជា​ឱកាស​ដល់​អតិថិជន​ក្នុង​ស្រុក ដែល​មាន​បំណង​ចង់​ស្វែង​រក​ផ្ទះ​ក្នុង​ក្តី​ស្រមៃ​របស់​ពួក​គេ​។

ដោយ​សារ​តែ​វិនិយោគិន និង​អ្នក​អភិវឌ្ឍ​បាន​ផ្តោត​សំខាន់​លើ​ផ្នែក​ខាង​ត្បូង​អស់​រយៈ​ពេល​យូរ​មក​ហើយ ហើយ​នាំ​ឲ្យ​តម្លៃ​ដី និង​អចលនទ្រព្យ​នៅ​ផ្នែក​ខាង​ជើង មាន​តម្លៃ​ថោក​ជាង​ដល់​ទៅ​៣​ដង​។ នេះ​បើ​តាម​របាយការណ៍​ថ្មី​របស់ CVEA​។

ក្រុមហ៊ុន J&L Property Development បាន​ឈាន​ជើង​ចូល​មក​ប៉ែក​ខាង​ពាយព្យ តាម​រយៈ​គម្រោង Sky Tree Condo ដែល​មាន​ទីតាំង​នៅ​ទួល​សង្កែ ខណ្ឌ​ប្ញស្សីកែវ​។ យូនីត​ប្រណីតៗ​មាន​តម្លៃ​ត្រឹម​តែ​ ១ ៣០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ដោយ​តម្លៃ​នេះ​ផ្តល់​ជា​ឱកាស​វិនិយោគ​ដ៏​ល្អ​សម្រាប់​អតិថិជន​។

លោក Wheble បាន​បញ្ចប់​ថា​ ៖ «ខណៈ​ពេល​ដែល​ហេដ្ឋា​រចនា​សម្ព័ន្ធ​បន្ត​អភិវឌ្ឍ​នៅ​ផ្នែក​ខាង​ជើង​នៃ​ទីក្រុង តំបន់​នេះ​នឹង​មាន​សក្តានុពល​ខ្ពស់​ក្នុង​ការ​ប្រជែង និង​យក​ឈ្នះ​លើ​ទីផ្សារ​កម្រិត​មធ្យម​»៕

Source From: www.postkhmer.com