រដ្ឋ​មន្ត្រី​ព្រមាន​ដល់​ក្រុមហ៊ុន​សាងសង់​ឲ្យ​គោរព​ ច្បាប់ និង​បទដ្ឋាន
FRIDAY, 06 May 2016

លោក ជា សុផារ៉ា ទេស​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បញ្ជា​ឲ្យ​វាយ​កម្ទេច​ចោល​សំណង់​អគារ​ណាហ្កា ដែល​បាន​សាងសង់​រំលោភ​ផ្លូវ​សាធារណៈ​។

លោក​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ទំព័រ​ហ្វេសបុក​ផ្លូវ​ការ​របស់​លោក​កាលពី​ថ្ងៃ​អង្គារ​ថា ៖ «​សំណង់​ណាហ្កា កាន់​តែ​ហ៊ាន កាន់​តែ​ផ្គើន កាន់​តែ​លយ​ចេញ​មក​ផ្លូវ​សាធារណៈ វាយ​ចោល​សិន​កុំ​ឲ្យ​ធ្លាប់​»​។

នៅ​ក្នុង​អំឡុង​ពេល​ចូលរួម​ជា​អធិបតី​សម្ពោធ​បើក​ការ​ដ្ឋាន​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម The Peak លោក​ជា សុផារ៉ា បាន​ព្រមាន​ដល់​ការ​សាងសង់​សំណង់​ទាំង​ឡាយ ដែល​ខុស​បច្ចេកទេស និង​ខុស​បទដ្ឋាន​គតិយុត្តិ ជា​ពិសេស​សំណង់​របស់​ក្រុមហ៊ុន​បរទេស ដោយ​លោក​គ្រោង​នឹង​ប្តឹង​ក្រុមហ៊ុន​ទាំង​នោះ​ទៅ​ស្ថាន​ទូត​សាមី ឲ្យ​ដាក់​ក្រុមហ៊ុន​ទាំង​នោះ​ទៅ​ក្នុង​បញ្ជី​ខ្មៅ​ទៀត​ផង​។

លោក​ទេសរដ្ឋ​មន្ត្រី បាន​ចោទ​សួរ​ថា ៖ «​ហេតុ​អ្វី​ក្រុមហ៊ុន​បរទេស​ទាំង​នេះ ពេល​សាងសង់​នៅ​ប្រទេស​គេ​ផ្សេង អី​ក៏​គោរព​ច្បាប់​ម្ល៉េះ​? ចុះ​ហេតុ​អ្វី​មក​សាងសង់​នៅ​ស្រុក ខ្មែរ មិន​សូវ​គោរព​ច្បាប់​អ៊ីចឹង​? ហេតុ​ដូច្នេះ​ចាប់​ពី​ពេល​នេះ​តទៅ ក្នុងនាម​លោក​ជា​ទេស​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​ជា​សេនាធិការ​របស់​សម្តេច​តេជោ នឹង​ធ្វើ​ការ​នេះ​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត មិន​ឲ្យ​សំណង់​ទាំង​នេះ​ធ្វើ​ខុស​បច្ចេកទេស និង​ខុសពី​បទដ្ឋាន​គតិ​យុត្តិ​ឡើយ​»​។

លោក​បន្ត​ថា បើ​សិន​លិខិត​ស្នើ​សុំ​មក​លោក លើ​ការ​សាងសង់​សំណង់​ទាំង​នេះ ហើយ​ក្រោយ​ការ​ពិនិត្យ​ទៅ​ខុស​បច្ចេកទេស​នោះ នឹង​បោះ​ចោល​ក្នុង​ធុង​សំរាម​ភ្លាម​។

ជា​លទ្ធផល​នៃ​ការ​ព្រមាន​នេះ លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​កាន់​ការដ្ឋាន​សាងសង់​សំណង់​របស់​សណ្ឋាគារ​ណាហ្កា ហើយ​បាន​ធ្វើ​ការ​រុះរើ​សំណង់​ដែក ដែល​បាន​សាងសង់​រំលោភ​បំពាន​មក​លើ​ផ្លូវ​សាធារណៈ​នៅ​ថ្ងៃ​ដដែល​នេះ​។

លោក ជិន ប៊ុនធឿន អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា កាលពី​ថ្ងៃ​អង្គារ លោក ប៉ា សុជាតិ​វង្ស និង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ចុះ​ពិនិត្យ​ការ​ដ្ឋាន​សាងសង់​សំណង់​របស់​ក្រុមហ៊ុន ណាហ្កា វើលដ៍ ពិត​ប្រាកដ​មែន ហើយ​លោក​អភិបាល​បាន​ផ្ញើ​លិខិត​មួយ ជូន​អគ្គនាយក​ក្រុមហ៊ុន​ណាហ្កា​ទាក់ទង​នឹង​បញ្ហា​នេះ​ផង​ដែរ​។

លោក​បន្ត​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ​នេះ​សំណង់​មិន​រៀបរយ​របស់​សណ្ឋាគារ និង​កាស៊ីណូ​ណាហ្កា បាន​ត្រូវ​បាន​រុះរើ​អស់​ហើយ​។

ក្នុង​លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ប៉ា សុជាតិ​វង្ស ជម្រាប​ជូន​លោក​បណ្ឌិត តាន់​ស្រ៊ី​ឆេន លីប​គង់ អគ្គនាយក​ក្រុមហ៊ុន​ណាហ្កា​វើលដ៍ លីមីតធីត លោក ប៉ា សុជាតិ​វង្ស បាន​សរសេរ​ក្នុង​លិខិត​នោះ​ថា កន្លង​មក​សាលា​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការ​ណែនាំ​ក្រុមហ៊ុន​របស់​លោក តាម​រយៈ​លិខិត​លេខ ២១៤/១៦​ ឆត ចុះ​ថ្ងៃទី​២០​ មេសា ឆ្នាំ​២០១៦ ដើម្បី​ធ្វើ​ការ​កែសម្រួល​ប្លង់​ស្ថាបត្យកម្ម នៃ​គម្រោង​ផ្លូវ​ក្រោម​ដី​របស់ Naga City Walk រួច​ហើយ​។ រហូត​មក​ទល់​ពេល​នេះ ក្រុមហ៊ុន​បាន​ធ្វើ​ការ​កែ​សម្រួល​នូវ​ចំណុច​មួយ​ចំនួន​ប៉ុន្តែ​ពុំ​ទាន់​សមស្រប​ទៅ​តាម​ខ្លឹម​សារ​នៃ​លិខិត​ណែនាំ​ឡើយ​។

ដូច​នេះ សាលា​រាជធានី​ភ្នំពេញ តម្រូវ​ឲ្យ​លោក​បន្ត​កែ​សម្រួល​ដូច​ខាង​ក្រោម ៖

ទី​១ ការ​រុះរើ​នូវ​សំណង់​គ្រោង​ដែក​សំយាប​ដំបូល​គម្រប​ការពារ​ទឹក​ភ្លៀង ដែល​សង់​លយ​ចេញ​មក​លើ​លម្ហ​សាធារណៈ​។

ទី២ ធ្វើ​ការ​កែតម្រូវ​ចិញ្ចើម​ផ្លូវ​ស្ថិត​នៅ​ទល់មុខ​អគារ​ណាហ្កា​វើលដ៍ ដែល​បាន​សាងសង់​លយ​ចូល​មក​លើ​ទ្រូង​ផ្លូវ​សាធារណៈ និង​

ទី៣ ត្រូវ​ប្រើប្រាស់​ចិញ្ចើម​ផ្លូវ​ខាង​មុខ​អគារ​ណាហ្កា​វើលដ៍ សម្រាប់​ជា​ប្រយោជន៍​សាធារណៈ ដោយ​ចៀស​វាង​ការ​ប្រើប្រាស់​ខុស​គោល​ដៅ ដូច​ជា​ការ​ដាក់​ទង់​ជាតិ​លើ​ចិញ្ចើម​ផ្លូវ​ជាដើម​៕

Source From: www.postkhmer.com