ក្រុមហ៊ុន​ជប៉ុន​គ្រោង​យក​កម្ពុជា​ជាទី​តាំង​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ទំនើប​
Tuesday, 26 April 2016

 

​ភ្នំពេញ៖ ក្រុមហ៊ុន ម៉ាញ​ឌា ខាំ​បូ​ឌា (Minedea Cambodia) របស់​វិនិយោគិន​ជប៉ុន កំពុង​តែ​មាន​មហិច្ឆតា​យក​ទីតាំង ប្រទេស​កម្ពុជា សម្រាប់​ផលិត​គ្រឿង​អេឡិចត្រូនិក​ទំនើប និង​ជា​ការ​ជួយ​ផ្តល់​ការងារ​ដល់​កម្មករ កម្មការិនី កម្ពុជា ផង​ដែរ​។​

​​ក្រុមហ៊ុន​របស់​ជប៉ុន​មួយ​ឈ្មោះថា ម៉ាញ​ឌា ខាំ​បូ​ឌា (Minedea Cambodia) របស់​វិនិយោគិន​ជប៉ុន ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ គ្រោង​នឹង​ធ្វើ​ការផលិត ផលិតផល​ទាក់ទង​ទៅ​នឹង​គ្រឿង​អេឡិចត្រូនិក​ដ៏​ទំនើប បម្រើ​ឲ្យ​មេ​ហ្គា​និ​ច​យន្តហោះ វិទ្យុ ទាក់ទង អេក្រង់ LED ស្មា​ត​ហ្វូ​ន កាមេរ៉ា​ឌីជីថល ជាដើម នៅក្នុង​កម្ពុជា ដោយ​គ្រាន់តែ​យក​វត្ថុធាតុដើម ពី​បរទេស​មក​បម្រើ​ឲ្យ​ការផលិត​តែប៉ុណ្ណោះ ។​

​​​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​តំណាង​ក្រុមហ៊ុន ក្នុង​ពេល​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​សាលា​រាជធានី ក្រសួង​ការ ងារ និង ក្រសួង​កិច្ច​ការនារី ដឹកនាំ​ដោយ​លោកជំទាវ​រដ្ឋមន្ត្រី អ៊ឹង កន្ថាផាវី នៅ​ថ្ងៃទី​២៦ ខែមេសា នេះ ដើម្បី ចុះ​ទៅពិនិត្យ​សិក្សា​ស្វែងយល់​ពី​ជីវភាព​ការងារ​របស់​នារី ដែល​កំពុង​បម្រើ​ការងារ​ជា​គ្រូ​ជំនាញ ជា​មន្ត្រី​ដឹកនាំ និង ជា​កម្មការិនី ក្នុង​រោងចក្រ​នេះ ដែលមាន​ទីតាំង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ សង្កាត់​ក​ន្តោ​ក ខណ្ឌ​ពោធិ​សែន ជ័យ រាជធានី​ភ្នំពេញ លើ​ផ្ទៃដី​ប្រមាណ​ជាង​ពីរម៉ឺន​ម៉ែត្រក្រឡា​។​

​តំណាង​ក្រុមហ៊ុន ម៉ាញ​ឌា ខាំ​បូ​ឌា (Minedea Cambodia) បាន​ឲ្យ​ដឹង​ថា ផលិតផល​ដែល​រោងចក្រ​បាន​នឹង​កំពុង ដំណើរការ​ផលិត​នេះ សុទ្ធសឹង​ជា​សមិទ្ធផល​ពាក់​កណ្តាល​សម្រេច ទាក់ទង​ទៅនឹង​គ្រឿង​អេឡិចត្រូនិក​ដ៏​ទំនើប បម្រើ​ឲ្យ​មេ​ហ្គា​និ​ច​យន្តហោះ វិទ្យុ ទាក់ទង អេក្រង់ LED ស្មា​ត​ហ្វូ​ន កាមេរ៉ា​ឌីជីថល ជាដើម ហើយ​នៅពេល​ខាង មុខ​នេះ ក្រុមហ៊ុន​នឹងធ្វើ​ការផលិត​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ទាំងនេះ នៅក្នុង​ប្រទេស​កម្ពុជា​តែម្តង ដោយ​គ្រាន់តែ​យក​វត្ថុ ធាតុ​ដើម ពី​បរទេស​មក​បម្រើ​ឲ្យ​ការផលិត​តែប៉ុណ្ណោះ​។​

​តំណាង​ក្រុមហ៊ុន​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​ក្រុមហ៊ុន បាន​នឹង​កំពុង​វិនិយោគទុន​ចំនួន​ជាង​៤០​កន្លែង ស្មើនឹង ១៤​ប្រទេស មាន​ដូចជា ប្រទេស​ជប៉ុន សហរដ្ឋអាមេរិក សឹង្ហ​បុរី ថៃ ចិន ម៉ាឡេស៊ី កូរ៉េ អង់គ្លេស អាល្លឺម៉ង់ ឆេ​ក ស្លូ​វ៉ា ឥណ្ឌា និង ទីតាំង​ចុងក្រោយ​នៅ ប្រទេស​កម្ពុជា។ មកដល់ពេលនេះ​រោងចក្រ​មានកម្ម​ករ​កំពុង​បម្រើការ ជាង ៦​ពាន់​នាក់ ក្នុងនោះ​ជាង​៩៥​ភាគរយ​នៃ​កម្មករ​ទាំងអស់​ជា​កម្មការិនី​។​

​លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី បាន​ថ្លែង​ការ​កោត​ស​សើរ​ដល់​អគ្គនាយក​ក្រុមហ៊ុន ក៏ដូចជា​ថ្នាក់ដឹកនាំ​ក្នុង​រោងចក្រ ដែល​បាន​បង្ក​ភាពងាយស្រួល​គ្រប់បែបយ៉ាង​ដល់​ស្ត្រី​ជា​កម្មការិនី ទាំង​ជីវភាព​ការ ងារ ជីវភាព​រស់នៅ សុខុមាលភាព និង ការហូបចុក​ស្នាក់នៅ​ដោយ​មិន​គិត​កម្រៃ​។​

​លោកជំទាវ​បានចាត់ទុក​ថា រោងចក្រ ម៉ាញ​ឌា (Minedea Cambodia) គឺជា​រោងចក្រ​គំរូ​មួយ សម្រាប់​បណ្តា​រោងចក្រ​ទាំងអស់​យក​គំរូ​តាម ក្នុងការ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​លើកស្ទួយ​សិទ្ធិ​សេរី ភាព របស់​ស្ត្រី​ផង ក៏ដូចជា​លើកកម្ពស់​ជីវភាព​រស់​នៅ​ដល់​ពួកគេ​ឲ្យ​បាន​កាន់តែ​ប្រសើ​ឡើង​ផងដែរ ។​

​លោកជំទាវ​បាន​ផ្តាំផ្ញើ​ដល់​កម្មការិនី​ទាំងអស់ ដែល​កំពុង​បំពេញការងារ​ក្នុង​រោងចក្រ​មួយ​នេះ ឲ្យ​បង្ក លក្ខណៈ​គ្រប់បែបយ៉ាង​ដល់​ខ្លួនឯង​ផង និង សម្រាប់​ថៅកែ​របស់​ខ្លួន​ផង គឺ​ត្រូវ​ខិតខំ​ប្រឹងប្រែង​បំពេញការងារ និង ចៀសវាង​ឲ្យ​បាន​ការ​ជឿ​ការ​ញុះញង់​ពី​មជ្ឈដ្ឋាន​ខាងក្រៅ ដែល​ធ្វើ​ឲ្យ​ខាតបង់​នូវ ឱកាស​ពេលវេលា​សម្រាប់​បង្កើន នូវ​ជីវភាព​របស់​ខ្លួន រួម​នឹង​ក្រុម​គ្រួសារ​ផង​ដែរ​៕

Source From: www.bayontv.com.kh