ដំណាច់ត្រីមាស​ទី​១ ​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​ កើនឡើង​រហូតដល់​ ជាង​២៦០​ភាគរយ
Tuesday, 05 May 2016

ភ្នំពេញ ៖ ​គិត​ត្រឹម​ដំណាច់ត្រីមាស​ទី​១​ ឆ្នាំនេះ​ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​ បាន​កើនឡើង​រហូត​២៦៧ ​ភាគរយ​ ដែល​ មាន​ទឹកប្រាក់​ដល់​១៦៤៧​លាន​ដុល្លារ​អាមេរិក ​ខណៈ​ឆ្នាំមុន​មាន​ទុន​វិនិយោគ​ត្រឹមតែ​៤៤៨​លាន ​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។


លោក​ ឡៅ ទិព្វ​សីហា ​អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​​ថា​ គិត​ត្រឹម​ដំណាច់ត្រីមាស​ទី​១​ឆ្នាំនេះ ​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​ បាន​កើន​ពី​៤៤៨​លាន​ ដុល្លារ​កាលពី​ឆ្នាំមុន ​ដល់​ចំនួន​១៦៤៧​លាន​ដុល្លារ​អាមេរិក​ស្មើនឹង​កំណើន​២៦៧​ភាគរយ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ ដោយមាន​គំរោង​វិនិយោគ​ចំនួន​៤៧៣​ និង​មាន​ទំហំ​ផ្ទៃក្រឡា​សាង​សង់​ទំហំ​ជាង​៣,៧​លាន​ម៉ែត្រការ៉េ​។

លោក​ បន្តថា “​កំណើន​វិនិយោគ​ក្នុង​វិស័យនេះ ​ដោយសារ​កម្ពុជា​មានច្បាប់​វិនិយោគ​ដ៏​ទាក់ទាញ ដែល​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​បរទេស​មាន​ភាព​ងាយស្រួល​ក្នុង​ការ​មក​វិនិយោគ​ក្នុង​វិស័យនេះ ​បរិយាកាស​នយោបាយ​ កំណើនសេដ្ឋកិច្ច ​កំណើន​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​”​។​លោក​បន្តថា​“​ទំនុកចិត្ត​របស់​អ្នក​វិនិយោគ​បរទេស​ចំពោះ​ទីផ្សារ​នេះ ​កំលាំង​ទិញ​បាន​កើនឡើង ទាំង​អ្នក​វិនិយោគ​ក្នុងស្រុក និង​បរទេស​សុ​ទ្ឋ​តែ​ជា​កត្តា​ជំរុញ​នូវ​កំណើន​នេះ​”​។

លោក​ បន្តថា “​កំលាំង​ពលកម្ម​ថោក​របស់​កម្ពុជា ​និង​ការ​នាំចូល​សម្ភារៈ​សំណង់ ​និង​ការ​ផ្គត់ផ្គង់​សម្ភារៈ​សំណង់​ក្នុងស្រុក​កាន់តែច្រើន​ បានធ្វើ​ឲ្យ​តំលៃ​សំណង់​មាន​ភាព​សមស្រប ក៏​ជា​ផ្នែក​សំខាន់​នៃ​ការជំរុញ​ការវិនិយោគ​ក្នុង​វិស័យ​នេះ​ផងដែរ​”​។

​អ្នកនាង​អាន សុ​ធីតា​នាយិការ​រង​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​CBRE Cambodia​ បាន​ថ្លែងថា​ កំណើន​វិនិ​យោគ​ក្នុង​វិស័យនេះ​ ជា​រឿង​ល្អ ដែល​វា​នឹង​ជួយ​ដល់​សេដ្ឋកិច្ច ​និង​ផលទុនជាតិ​សរុប​របស់​ប្រទេស ប៉ុន្តែ​អ្វីដែល​អ្នកនាង​បារម្ភ​គឺ​រឿង​ទីផ្សារ ​ព្រោះ​ប្រសិនជា​ទីផ្សារ​មាន​បញ្ហា ដោយសារ​អត្រា​ទិញ​មាន​ទំហំ​តិចតួច វា​អាច​មាន​បញ្ហា​ក្នុងការ​បញ្ចប់​គំរោង​វិនិយោគ​ណាមួយ​នោះ​។​អ្នកនាង ​បន្តថា ​ស្ថានភាព​នាពេលនេះ ​គឺ​អត្រា​ទិញ​បាន​ថមថយ តែ​អ្នក​វិនិយោគ​នៅតែ​បន្ត​សាងសង់​។

​អ្នកនាង ​បន្តថា “​អ្វីដែល​ខ្ញុំ​បារម្ភ​គឺ​តំលៃ ព្រោះ​អ្នក​អភិវឌ្ឍន៍​បាន​ដាក់​តំលៃ​លក់​ក្នុង​តំលៃ​ថ្លៃ ដែល​ខ្ញុំ​គិតថា​គួរ​មានការ​សិក្សា​ឡើងវិញ​រវាង​ទីផ្សារ និង​តំលៃ​ដែល​អ្នក​អភិវឌ្ឍន៍​បាន​ដាក់​ចេញ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​តំលៃ​ដាក់ចេញ​មាន​ភាព​សមស្រប​នឹង​អ្វីដែល​ប្រជាពលរដ្ឋ​មាន​ល​ទ្ធ​ភាព​ទិញ​បាន​”​៕

Source From: www.bayontv.com.kh