អ្នកជំនាញ​អចលនទ្រព្យ​នៅ​អា​ស៊ី៖ ​ប្រទេស​កម្ពុជា​នឹង​ក្លាយជា​ខ្លា​កំណាច​ផ្នែក​អចលនទ្រព្យ​
Friday, 06 May 2016

ភ្នំពេញ៖ អ្នកជំនាញ និង​អ្នក​វិនិយោគ​លើ​ផ្នែក​អចលនទ្រព្យ​ប្រចាំ​តំបន់​អាស៊ី​ បាន​ជួបជុំគ្នា​ក្នុង​ពិធី​សន្និសីទ VPC ASIA PACIFIC លើក​ទី​២៥ នា​ថ្ងៃទី​៦ ខែឧសភា​នេះ នៅ​សណ្ឋាគារ​សុខាអូតែល ដោយ​អ្នកជំនាញ​ បាន​លើកឡើង​ស្រដៀង​គ្នា​ថា ប្រទេស​កម្ពុជា​នឹង​ក្លាយជា​ខ្លា​កំណាច​ផ្នែក​អចលនទ្រព្យ​នា​ពេល​ខាងមុខ​ដ៏​ខ្លី​។​

​លោក​ឧកញ៉ា ចេង ខេង ប្រធាន​ក្រុមហ៊ុន ស៊ី​ភី​អែល ខែម​បូ​ឌា ប្រ​ភើ​ធី លីមីត​ធី​ត​បាន​ថ្លែង​ឲ្យ​ដឹង​ថា ក្រុម​អ្នក​វិនិយោគ និង​អ្នកជំនាញ​លើ​ផ្នែក​អចលនទ្រព្យ​នៅ​តំបន់​អាស៊ី​បាន​មកដល់​ប្រទេស​កម្ពុជា​និង​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅពេល​ឃើញ​សន្ទុះ​នៃ​កា​ររីកដុះដាល​នូវ​អគារ​ខ្ពស់ៗ​ជាច្រើន​ក្នុង​រាជធានី​ភ្នំពេញ ដែល​នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ខ្លា​កំណាច​ផ្នែក​អចលនទ្រព្យ​ក្នុង​តំបន់​អាស៊ី​។​

​លោក​ឧកញ៉ា​បាន​បន្ត​ថា ការ​លើកឡើង​របស់​ក្រុម​អ្នកជំនាញ​ទាំងនោះ ដោយ​មើលឃើញ​ពី​សន្ទុះ​នៃ​ការ​រីកចំរើន​ខ្លាំង​នូវ​វិស័យ​ខុន​ដូ ផ្ទះល្វែង និង អាគារ​ខ្ពស់ៗ​រហូតដល់​ជាង​១០០​ជាន់​យ៉ាងច្រើន​ក្នុង​ប្រទេស​កម្ពុជា ដែល​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​មាន​មោទនភាព​ក្រៃលែង ហើយ​កម្ពុជា​នឹង​បន្ត​នូវ​ការ​រីកចំរើន​ទៅមុខ​ជា​លំដាប់​។ បន្ថែម​ពី​នេះ​ កម្ពុជា​ក៏​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នក​វិនិយោគ​លើ​វិស័យនេះ​ផងដែរ​។​

​លោក​បាន​បន្ថែមទៀតថា ប្រទេស​កម្ពុជា​សម្បូរ​ទៅ​ដោយ​ធនធានធម្មជាតិ ដី មជ្ឈមណ្ឌល​វប្បធម៌ និង​បេតិកភណ្ឌ​ពិភពលោក​ ដែល​ត្រូវ​បាន​ភ្ញៀវ​បរទេស​មក​ទស្សនា​កម្សាន្ត​និង​វិនិយោគ​លើ​វិស័យ​ផ្សេងទៀត​ជាច្រើន​។ អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ ​បាន​ចាត់ទុក​ប្រទេស​កម្ពុជា ​គឺជា​ទិសដៅ​នៃ​ការ​វិនិយោគ​លើ​ផ្នែក​អចលនទ្រព្យ​របស់​អ្នក​វិនិយោគិន ព្រោះថា ទីផ្សារ​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា​កំពុងតែ​ត្រូវប៉ាន់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ និង​បរទេស​។​

​ចំណែក លោក ប៊ូ ចាន់​ភិ​រូ អនុ​ប្រធាននាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ទូទៅ​នៃ​ក្រសួង​សេដ្ឋកិច្ច​បាន​ថ្លែង​បញ្ជាក់ ថា ការ​រីកចម្រើន​យ៉ាង​លឿន​លើ​វិស័យ​អចលនទ្រព្យ​នេះ ដោយសារ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​កែសម្រួល​ច្បាប់​វិនិយោគ​មួយចំនួន ដើម្បី​ផ្តល់​ឱកាស​មក​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​។​

​លោក AukritLaohaPrasit, សមាជិក VPC នៃ​ប្រទេស​ថៃ​បាន​លើក​ឡើងថា ជាការ​ពិត​ពេលដែល​មកដល់​ប្រទេស​កម្ពុជា លោក​បានឃើញ​នូវ​គម្រោង​អចលនទ្រព្យ​ជាច្រើន​កំពុង​សាងសង់​ក្នុង​ទីក្រុង​ភ្នំពេញ ដែល​ធ្វើ​ឲ្យ​វិស័យសេដ្ឋកិច្ច​កម្ពុជា​មាន​កា​រ​កើន​ឡើង​ទៅ​មុខជា​លំដាប់ ហើយ​កម្ពុជា​នឹង​ក្លាយជា​ខ្លា​កំណាច​លើ​ផ្នែក​អចលនទ្រព្យ​ក្នុង​តំបន់​អាស៊ី​បើ​ប្រៀបធៀប​ទៅ និង​ប្រទេស​ដទៃ​ក្នុង​តំបន់​អាស៊ី​។​

​លោក​បាន​គូស​បញ្ជាក់​ថា ប្រទេស​កម្ពុជា​កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ាន​មាន​សន្ទុះ​រីកចម្រើន​។ ជាង​នេះ​ទៅ​ទៀត​ វា​ក៏​មិន​មាន​បញ្ហា​ប្រឈម​ដែរ ដោយសារតែ​រដ្ឋាភិបាល​បាន​សម្រួល​បទដ្ឋាន​គតិយុត្តិ​ផ្សេងៗ ដើម្បី​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​បាន​វិនិយោគ​លើ​វិស័យ​មួយ​នេះ​ បាន​ដោយ​ងាយស្រួល​។​

​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​បង្ហាញថា ទុន​វិនិយោគ​ក្នុង​វិស័យ​បើ​គិត​ត្រឹម​ឆ្នាំ​២០១៥ មាន​រហូតដល់​២,៩៣៦ លាន​ដុល្លារ​អាម៉េរិក​៕​

Source From: www.bayontv.com.kh