វិស័យ​សំណង់​មាន​កំណើន ២៥៧% រយៈពេល​បី​ខែ​ដើមឆ្នាំ ២០១៦​នេះ​
Friday, 06 May 2016

 

ភ្នំពេញ៖ មន្ត្រី​ក្រសួង​ដែនដី​នគរូបនីយកម្ម​និង​សំណង់​នៅ​ថ្ងៃទី ៦​ខែ​ឧសភា​នេះ ​បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ថា វិស័យ​សំណង់​នៅក្នុង​ប្រទេស​កម្ពុជា​កំពុងតែ​រីកចម្រើន​ឆ្លើយតប​និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ។​

​ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី បាន​ថ្លែង​ក្រោយ​បញ្ចប់​វេទិកា​សំណង់ ស្ដីពី​សុខភាព និង​សុវត្ថិភាព ក្នុង​ការដ្ឋាន​សំណង់ នៅ​ថ្ងៃទី​៦ ខែឧសភា​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ថា នៅក្នុង​រយៈ​ពេ​ល៣​ខែ​ដើមឆ្នាំ​២០១៦​នេះ​វិស័យ​សំណង់​នៅ​កម្ពុជា​មានការ​កើនឡើង ចំនួន ២៥៧​ភាគរយ​បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៥។​

​ឯកឧត្តម​បន្ត​ទៀត​ថា ដោយសារ​កំណើនប្រជាជន​មក​រស់​នៅក្នុង​ទីក្រុង​មានការ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ហើយ​កម្ពុ​ជា​មាន​តម្រូវការ​លំនៅ​ដ្ឋាន​ ដែល​មាន​សុវត្ថិភាព​ប្រមាណ​ជាង ១​លាន​ខ្នង​បន្ថែម​ទាំង​កម្រិត​ខ្ពស់ មធ្យម​និង​កម្រិត​ទាប​ដើម្បី​ឆ្លើយតប​នឹង​កំណើន​គួរ​ឲ្យ​កត់សម្គាល់​នេះ​។​

​មន្ត្រី​ខាងលើ​បញ្ជាក់​ថា នៅពេល​ថ្មីៗ​កន្លង​ទៅ​នេះ ក្រសួង​មាន​ប្រកាស​ជាច្រើន​ដែល​និយាយ​អំពី​សុវត្ថិភាព​សំណង់​ការចុះបញ្ជី​អ្នកមាន​វិជ្ជាជីវៈ និង​អ្នក​ធ្វើអាជីវកម្ម​សាងសង់ ដែល​ធ្វើ​ឲ្យ​ក្របខណ្ឌ​អាជីវកម្ម​ល្មម​អាច​ធ្វើ​ឲ្យ​ការដ្ឋាន​ដំណើរការ​មាន​ប្រសិទ្ធភាព​។ ក្រសួង​ក៏​កំពុង​ធ្វើ​វិសោធនកម្ម ក្របខណ្ឌ​គតិយុត្តិ​ថ្មី និង​ច្បាប់​សំណង់ ​ដែល​បាន​ធ្វើ​សេចក្តី​ព្រាង​ចប់ សព្វគ្រប់​ដែល​កំពុង ពិភាក្សា​ផ្ទៃក្នុង​ព្រមទាំង​ធ្វើ​អនុក្រឹត្យ ព្រះរាជក្រឹត្យ ជាច្រើន​ទៀត​តម្រូវ​លើ​វិស័យ​សំណង់​កំពុង​មាន​ការ​រីកចំរើន​។​

​ចំណែក លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នក​វាយតម្លៃ​អចលនទ្រព្យ​បញ្ជក់​ថា សេដ្ឋកិច្ច​កម្ពុជា​យើង​មាន​កំណើន​ល្អ និង​ប្រជាពលរដ្ឋ​ពេញកម្លាំង​ច្រើន ហើយ​លក្ខខ័ណ្ឌ​អនុគ្រោះ​វិនិយោគ​របស់​កម្ពុជា ​បើក​ចំហរ​ដល់​អ្នក​វិនិយោគ ពោល កម្ពុជា​ជា​ឋាន​សួរ​នៃ​ការ​បង់ពន្ធ ហើយ​រដ្ឋាភិបាល​មានការ​យោគយល់ នឹង​ចង់​ឲ្យ​មាន​អ្នក​វិនិយោគ​ច្រើន​បង្កើត​ឲ្យ​ពលរដ្ឋ​ខ្មែរ​មានការ​ងារ​ធ្វើ​នៅក្នុង​ស្រុក​។​

​លោក គីម ហ៊ាង​ បាន​ពន្យល់​ថា ជា​ធម្មតា​កាលណា​មាន​កំណើន​ការសាងសង់​មាន​កាន់​តែច្រើន សេដ្ឋកិច្ច​កាន់តែ​រឹងមាំ ហើយ​ទាំងអស់គ្នា​គួរតែ​សប្បាយ​ចិត្តជា​រឿង ដែល​ត្រូវ​សប្បាយចិត្ត ហើយ​ប្រទេស​ណា​គ្មាន​ការសាងសង់​គឺ​ប្រទេស​នោះ​អន់ ប៉ុន្តែ​រឿង​ថា​មាន​បញ្ហា​នោះ​ជា​រឿង​បុគ្គល​តែ​ជា​ឧស្សាហកម្ម​ទាំងមូល​គ្មាន​ទេ ព្រោះ​សេដ្ឋកិច្ច​ខ្មែរ​រឹងមាំ​ណាស់​។​

​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ​បាន​បង្ហាញថា បច្ចុប្បន្ន​នេះ ​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​ចាប់ពី​ឆ្នាំ​២០១១ រហូតដល់​ឆ្នាំ​២០១៤ មាន​អ្នក​វិនិយោគ​ក្នុងស្រុក​និង​ក្រៅប្រទេស​បាន​បោះទុន​រួមគ្នា​វិនិយោគ​លើ​វិស័យ​សំណង់​ជា​មធ្យម​ចំនួន​២,៧៧៣​លាន​ដុល្លារ​អាម៉េរិក ហើយ​គិត​ត្រឹម​ឆ្នាំ​២០១៥ ទុន​វិនិយោគ​សរុប​លើ​វិស័យ​នេះ មាន​រហូតដល់​២,៩៣៦ លាន​ដុល្លារ​អាម៉េរិក​៕

Source From: www.bayontv.com.kh