ប្រទេស​ក្នុង​តំបន់​ភ្ញាក់ផ្អើល​ពី​ការ​រីក​ចំរើន​នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​
Saturday, 07 May 2016

ភ្នំពេញ ៖ អ្នក​ធុរកិច្ច​មកពី​បណ្ដា​ប្រទេស​ក្នុង​តំបន់​បាន​សម្ដែង​ការ​ភ្ញាក់​ផ្អើល​ពី​ការ​រីក​ចំរើន​នៃ​វិស័យ​ដីធ្លី និង​អចលនទ្រព្យ​នៅ​កម្ពុជា ​បន្ទាប់ពី​ពួកគេ​បាន​មក​កាន់​កម្ពុជា នៅ​ដើម​សប្ដាហ៍​នេះ ដើម្បី​ចូលរួម​សមាជ​លើក​ទី​១៩ នៃ​សមាគម​អ្នក​វាយ​តម្លៃ​អចលនទ្រព្យ​អាស៊ាន​។​

​​​លោក​គីម ហ៊ាង​ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​អចលនទ្រព្យ​អាស៊ាន និង​ជា​ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​៧ ឧសភា​នេះ​ថា អ្នក​ធុរកិច្ច និង​ប្រធាន​ក្រុមហ៊ុន​មកពី​ប្រទេស​ជា​សមាជិក​សមាគម​អ្នក​វាយ​តម្លៃ​អចលនទ្រព្យ​អាស៊ាន ភាគច្រើន​មិន​ធ្លាប់​បាន​មក​កម្ពុជា​នោះ​ទេ​ ដោយ​ពួកគេ​គិត​ថា​កម្ពុជា​ជា​ប្រទេស​ក្រីក្រ​ ប៉ុន្តែ​នៅ​ពេល​ពួកគេ​មកដល់​កម្ពុជា​ការ​គិត​របស់​ពួកគេ​ខុសគ្នា​ដូច​មេឃ និង​ដី​។​

​លោក​បន្ត​ថា​“​នៅ​ពេល​ពួកគេ​មកដល់​ទីក្រុង​ភ្នំពេញ ពួកគេ​មាន​ភាព​ភ្ញាក់ផ្អើល​នឹង​ការ​រីក​ចំរើន​របស់ ​កម្ពុជា​លើ​វិស័យ​ដីធ្លី និង​អចលនទ្រព្យ​នៅ​ប្រទេស​នេះ​”​។​លោក​បន្ត​ថា ​“​អ្វី​ដែល​ពួកគេ​ដឹង​កន្លងមក ជា​ព័ត៌​មាន​មិន​ត្រឹមត្រូវ ហើយ​ពួកគេ​គិត​ថា​កម្ពុជា​មិន​មាន​ការអភិវឌ្ឍន៍ និង​ក្រីក្រ តែ​ពេល​ពួកគេ​មកដល់​ពួកគេ​ដឹង​ថា អ្វី​ដែល​ពួកគេ​ដឹង​កន្លងមក​គឺ​ខុស​”​។​

​កិច្ចប្រជុំ​សមាគម​អ្នក​វាយ​តម្លៃ​អចលនទ្រព្យ​អាស៊ាន​បាន​ចាប់​ផ្ដើម​កាលពី​ថ្ងៃ​ទី​៤ ដល់​ទី​៦ ឧសភា​កន្លង​មក​នេះ ដោយមាន​ភ្ញៀវ​ជាតិ អន្តរជាតិ​ចូលរួម​ប្រមាណ​៤០០​នាក់ ដែល​ពួកគេ​សុទ្ធ​តែ​ជា​ភ្នាក់ងារ​ក្រុមហ៊ុន​អចលនទ្រព្យ និង​អ្នក​វិនិយោគ​។​

​​​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​ប្រទេស​ក្នុង​តំបន់​ដូចជា ​កម្ពុជា ​ថៃ ​ប្រុយ​ណេ ​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន វៀតណាម និង​ប្រ​ទេ​សឹង្ហ​បុរី​។​

​​លោក​គីម ហ៊ាង​បាន​បន្ត​ថា​ គម្រោង​ដែល​វិនិយោគ​ដោយ​អ្នក​វិនិយោគ​ជនជាតិ​ខ្មែរ​ចំនួន​ពីរ ត្រូវ​បាន​បង្ហាញ​ក្នុង​ទស្សនកិច្ច​របស់​ប្រតិភូ​មកពី​ប្រទេស​ក្នុង​តំបន់ ដែល​ចូលរួម​កិច្ចប្រជុំ​នេះ​។​គម្រោង​ទាំងពីរ​នោះ​គឺ គម្រោង​ទីក្រុង​Olympia City​និង​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​កោះ​ពេជ្រ ព្រោះ​គម្រោង​ទាំងពីរ​នេះ​ជា​គម្រោង​ធំ មាន​លក្ខណៈ​ទូលំទូលាយ និង​បង្ហាញ​ពី​អ្វី​ដែល​ជា​សក្ដានុពល​របស់​កម្ពុជា​។​

​​​ឯកឧត្ដម​អូន ព័ន្ឋ​មុនី​រ័ត្ន​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ថា ​ប្រធានបទ​នៃ​អង្គ​សមាជ “​អាស៊ាន​តែមួយ ស្តង់ដារ​នៃ​ការ​វាយ​តំ​លៃ​តែមួយ​”​ឆ្លុះបញ្ចាំង​ពី​ទស្សនវិស័យ​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​របស់​យើង​គឺ​“​ទស្សនវិស័យ​តែមួយ អត្តសញ្ញាណ​តែមួយ សហគមន៍​តែមួយ​”​។​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​(AEC)​គឺជា​ស្ថាប័ន​សេដ្ឋកិច្ច និង​នយោបាយ ដែល​កំពុង​ស្ទុះ​ឡើង និង​ជា​កម្លាំង​ចលករ​យ៉ាង​សំខាន់​ក្នុង​បរិបទ​សេដ្ឋកិច្ច និង​នយោបាយ​ដែល​សហគមន៍​ទាំងមូល​នេះ​មាន​ប្រជាជន​ចំនួន​ជាង​៦០០​លាន​នាក់ និង​ទំហំ​ទីផ្សារ​សរុប​២,៦​ពាន់​លាន​ដុល្លារ​អាមេរិក​។​

​​​ទាក់ទង​នឹង​ស្តង់ដារ​នៃ​ការ​វាយ​តំ​លៃ​អាស៊ាន ឯកឧត្ដម​បណ្ឌិត​អូន ព័ន្ឋ​មុនី​រ័ត្ន​បាន​ថ្លែង​ថា “​ការ​បង្កើត​ស្តង់ដារ​វាយ​តម្លៃ​អាស៊ាន មិន​មែន​ជា​ភារកិច្ច​ដ៏​ងាយស្រួល​ឡើយ គឺ​តម្រូវ​ឲ្យ​មាន​ការ​ខិតខំ​ប្រឹងប្រែង​ទាំង​ពេលវេលា និង​កម្លាំង​កាយ​ចិត្ត ដើម្បី​ឈាន​ទៅ​ដល់​កិច្ចព្រមព្រៀង​អនុវត្តន៍​ជា​សាកល សម្រាប់​សមាជិក​អាស៊ាន​ទាំងអស់ ដែល​ស្ថិត​ក្នុង​ដំណាក់កាល​ផ្សេងគ្នា​ទាំង​ការ​អភិវឌ្ឍ និង​ក្របខ័ណ្ឌ​ច្បាប់ និង​បទបញ្ញត្តិ​”​។​ឯកឧត្ដម​បន្ត​ថា “​អង្គ​សមាជ​លើក​ទី​១៩ នឹង​ជំរុញ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​យ៉ា​ង​ជិត​ស្និទ្ធ ​ក្នុងចំណោម​សមាជិក​ទាំងអស់​ក្នុង​ការ​រួមគ្នា​អភិវឌ្ឍន៍​វិជ្ជាជីវៈ​នៅ​ក្នុង​វិស័យ​វាយ​តម្លៃ ក៏ដូចជា​លើក​កម្ពស់​សមាគម​អ្នក​វាយ​តម្លៃ​អាស៊ាន​ឲ្យ​ក្លាយទៅជា​សហគមន៍​តែមួយ​ក្នុង​តំបន់ និង​ឆាក​អន្តរជាតិ​”​ ៕​

Source From: www.bayontv.com.kh