វិនិយោគិន​ក្នុង​ស្រុក​នឹង​សង់​ផ្សារ​ទំនើប និង​បុរី​ ជា​លើក​ដំបូង​នៅ​ក្រុង​ពោធិ៍សាត់
THURSDAY, 19 May 2016

វិនិយោគ​ក្នុង​ស្រុក​គ្រោង​នឹង​អភិវឌ្ឍ​ផ្សារ​ទំនើប និង​បុរី ជា​លើក​ដំបូង​នៅ​ក្រុង​ពោធិ៍សាត់ ជា​ក្រុង​មួយ​ដែល​ស្ទើរតែ​ស្ថិត​នៅ​ចំ​ចំណុច​កណ្តាល​នៃ​ប្រវែង​ផ្លូវ​ជាតិ​លេខ​៥ ដែល​តភ្ជាប់​ពី​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​បណ្តា​ខេត្ត​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា​។

អ្នក​វិនិយោគ​រូប​នោះ​បាន​មើល​ឃើញ​សក្តានុពល​សេដ្ឋកិច្ច និង​ប្រាក់​ចំណូល​របស់​ប្រជាជន​រស់​នៅ​ក្នុង​ខេត្ត​នេះ​មាន​លក្ខណៈ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​។

លោក​ឧកញ៉ា ភួ ពុយ អគ្គនាយក​ក្រុមហ៊ុន​បៃតង និង​ជា​ប្រធាន​សម្ព័ន្ធ​សមាគម​រោង​ម៉ាស៊ីន​កិន​ស្រូវ​កម្ពុជា ដែល​បាន​និង​កំពុង​គ្រោង​វិនិយោគ​គម្រោង​ខាង​លើ​នេះ​បាន​ថ្លែង​ឲ្យ​ដឹង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ចាក់​ដី ដើម្បី​រៀបចំ​គម្រោង​សាងសង់​ផ្សារ​ទំនើប ផ្សារ​បន្លែ និង​សំណង់​ផ្ទះ​ល្វែង​លើ​ផ្ទៃ​ដី​៣០​ហិកតា នៅ​ស្រប​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ក្រុង​ពោធិ៍សាត់​។ គម្រោង​នេះ​នឹង​ចាប់​ផ្តើម​សាងសង់​នៅ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំ​២០១៧​ខាង​មុខ​នេះ​។

លោក​បន្ត​ថា គម្រោង​នេះ​នឹង​ធ្វើ​ឡើង​តាម​ដំណាក់​កាលៗ ដោយ​ដំណាក់​កាល​ទី​១​នឹង​ធ្វើ​ការ​សាងសង់​ផ្សារ​ទំនើប​កម្ពស់២​ជាន់ និង​ផ្ទះ​ចំនួន​ប្រមាណ៤០០​ល្វែង លក់​ក្នុង​តម្លៃ​សមរម្យដែល​ប្រជាជន​ក្នុង​ខេត្ត​អាច​មាន​លទ្ធ​ភាព​ទិញ​បាន​។

ចំណែក​គម្រោង​បន្ទាប់​លោក​ឧកញ៉ា​មិន​បញ្ជាក់​ឲ្យ​ដឹង​នោះ​ទេ ដោយ​លោក​បាន​ថ្លែង​ថា​ ៖ «គម្រោង​បន្ទាប់​នឹង​ធ្វើ​ឡើង​ដោយ​ពិនិត្យ​ពី​តម្រូវការ​និង​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រជាជន​ក្នុង​ខេត្ត​ជាក់ស្តែង​»។

លោក​បន្ត​ថា​ ៖ «​ខ្ញុំ​ជឿ​ជាក់​ថា គម្រោង​នេះ​នឹង​ទទួល​បាន​ជោគជ័យ ដោយ​សារ​ជីវភាព​របស់​ប្រជាជន​ក្នុង​ខេត្ត និង​តម្លៃ​ផ្ទះ​ល្វែង​ដែល​ស្ថិត​ក្នុង​គម្រោង​នេះ នឹង​លក់​ក្នុង​តម្លៃ​សមរម្យ​បំផុត​»​។

លោក​ឧកញ៉ា ភួ ពុយ បាន​បន្ត​ថា មូល​ហេតុ​ដែល​លោក​សម្រេច​ចិត្ត​វិនិយោគ​ក្នុង​ខេត្ត​នេះ​ដោយ​សារ​កត្តា​មួយ​ចំនួន​ដូច​ជា ទី​១ ជីវភាព​ប្រជា​ពលរដ្ឋ​នៅ​តាម​បណ្តា​ស្រុក​ក្នុង​ខេត្ត​ពោធិ៍សាត់ មាន​ជីវភាព​ល្អ​ប្រសើរ ដោយ​សារ​វិស័យ​កសិកម្ម​មាន​ការ​រីក​ចម្រើន ដែល​ធ្វើ​ឲ្យ​ប្រាក់​ចំណូល​របស់​ពួក​គាត់​ល្អ​ប្រសើរ។


ទី​២ ក្រុង​ពោធិ៍សាត់​មាន​ផ្សារ​តែ​មួយ ដែល​ធ្វើ​ឲ្យ​កន្លែង​លក់​ដូរ​មាន​សភាព​ចង្អៀត ដូច្នេះ​អ្នក​លក់​ភាគ​ច្រើន​គឺ​លក់​នៅ​ក្រៅ​ផ្សារ​។ ទី៣ តំបន់​ពាណិជ្ជកម្ម និង​សេវាកម្ម​នៅ​ក្នុង​ខេត្ត​មាន​នៅ​តាម​ទីប្រជុំ​ជន​ច្រើន ប៉ុន្តែ​មិន​ទាន់​មាន​ការ​អភិវឌ្ឍ​បុរី​នៅ​ក្នុង​ខេត្ត​នេះ​នៅ​ឡើយ និង​ទី​៤ ការ​រីក​ចម្រើន​សេដ្ឋកិច្ច​សង្គម​នា​ពេល​បច្ចុប្បន្ន គឺ​នាំ​ឲ្យ​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​ដទៃ​ទៀត​ត្រូវ​មាន​ផ្សារ​ទំនើប និង​ពាក់​កណ្តាល​ទំនើប ដែល​មាន​ស្តង់ដារ​អន្តរជាតិ មាន​រោងភាព​យន្ត ភោជនីយដ្ឋាន​ល្អៗ ដែល​អាច​ទាក់ទាញ​ប្រជា​ពលរដ្ឋ​ក្នុង​ខេត្ត​មក​លេង​កម្សាន្ត​។

ទោះ​ជា​យ៉ាង​ណា​លោក​ឧកញ៉ា មិន​បញ្ជាក់​ឲ្យ​ដឹង​ពី​ទុន​វិនិយោគ​ក្នុង​គម្រោង​នេះ​នៅ​ឡើយ​ទេ ដោយ​លោក​ឧកញ៉ា បាន​បញ្ជាក់​ ថា កំពុង​ស្ថិត​ក្នុង​ការ​រៀប​ចំ​គម្រោង។

គម្រោង​នេះ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ភូមិ​សូរិយា សង្កាត់​លលកស ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់​។

លោក​ឧកញ៉ា ភួ ពុយ បាន​បន្ត​ថា ក្រៅពី​ផ្សារ​ទំនើប​លោក​ក៏​មាន​គម្រោង​កសាង​ផ្សារ​បន្លែ​ទៅ​តាម​ការ​ស្នើ​សុំ​របស់​លោក ស៊ុយ សែម រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល និង​អភិបាល​ខេត្តពោធិ៍សាត់​ផង​ដែរ ដើម្បី​ជំរុញ​យ៉ាង​ណា​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​នេះ​ធ្វើ​ស្រូវ​ផង និង​ដាំ​បន្លែ​នៅ​ក្រោយ​រដូវ​ប្រមូល​ផល​ស្រូវ​ផង​។

លោក​ឧកញ៉ា​បាន​បន្ថែម​ថា តាម​រយៈ​ការ​ជំរុញ​របស់​ថ្នាក់​ដឹក​នាំ​ទាំងពីរ បាន​ធ្វើ​ឲ្យ​ខេត្ត​ពោធិ៍សាត់​ មាន​ប្រព័ន្ធ​ធារាសាស្ត្រ​ច្រើន​ជាង​ខេត្ត​ដទៃ ហើយ​ពេល​ណា​មាន​ប្រព័ន្ធ​ធារាសាស្ត្រ​ច្រើន កសិកម្ម​រីក​ចម្រើន​ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច និង​ប្រាក់​ចំណូល​របស់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​មាន​ជីវភាព​ល្អ​ប្រសើរ​។

ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Daily Realty Group លោក ខុម មុនី​រតន៍ បាន​ថ្លែង​ថា ប្រសិន​ជា​គម្រោង​អភិវឌ្ឍន៍​នេះ​ធ្វើ​ឡើង វា​មិន​ត្រឹម​តែ​ជា​ការ​ទាក់​ទាញ​សម្រាប់​ប្រជាពលរដ្ឋ​ខេត្ត​ពោធិ៍សាត់​នោះ​ទេ តែ​វា​នឹង​ទាក់​ទាញ​អ្នក​ខេត្ត​ជុំវិញ និង​អ្នក​ដំណើរ​ឆ្លង​កាត់​ក្រុង​ពោធិ៍សាត់​ផង​ដែរ​ហើយ​បើ​សិន​ជា​ផ្សារ​នេះ​មាន​លក់​ទំនិញ​រួច​ពន្ធ​បន្ថែម​ទៀត​នោះ ​វា​នឹង​កាន់​តែ​ទាក់ទាញ​។

លោក​បន្ត​ថា គម្រោង​ផ្សារ​ទំនើប​នេះ​ជា​ការ​បន្ថែម​ភាព​ទាក់ទាញ ដើម្បី​ឲ្យ​ក្រុម ហ៊ុន​អាច​លក់​ផ្ទះ​ល្វែង​ដាច់ ព្រោះ​ការ​មាន​ផ្សារ​ទំនើប​ជា​ភាព​ទាក់​ទាញ​មួយ បើ​ទោះ​ជា​កម្លាំង​ទិញ​របស់​ពលរដ្ឋ​ខេត្ត​ពោធិ៍សាត់​ នៅ​មាន​កម្រិត​ធៀប​ជាមួយ​ខេត្ត​សៀមរាប និង​ខេត្ត​ព្រះសីហនុ​ក្តី​។

លោក​បន្ត​ថា​ ៖ «​ការ​អភិវឌ្ឍ​ផ្សារ​ទំនើប​ត្រឹម​កំពស់ ២​ជាន់ គឺ​អាច​ទៅ​មុខ​បាន​សម្រាប់​ខេត្ត​នេះ ប៉ុន្តែ​ប្រសិន​ជា​ធ្វើ​ដូច​ផ្សារ​ទំនើប​សុវណ្ណា ឬ​ផ្សារ​ទំនើប​សូរិយា​ ក៏​មិន​ជោគ​ជ័យ​ដែរ​»​។

ទោះ​ជា​យ៉ាង​ណា​លោក ប៉ូ អ៊ាវ​គង់ ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុម​ហ៊ុន​អេស៊ា រៀល​អេស្ទេត មិន​មាន​សុទិដ្ឋិ​និយម​ចំពោះ​គម្រោង​នេះ​ទេ ដោយ​លោក​បាន​ថ្លែង​ថា បើ​គិតពី​ដង់ស៊ីតេ​ប្រជាពលរដ្ឋ និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​ក្នុង​ខេត្ត​នៅ​មាន​កម្រិត​នៅ​ឡើយ បើ​ប្រៀប​ធៀប​នឹង​ក្រុង​បាត់ដំបង ជា ទី​កន្លែង​ដែល​ឧកញ៉ា​រូប​នេះ​បាន​វិនិយោគ​ផ្សារ​ទំនើប​កម្ពស់ ៥​ជាន់ នៅ​ក្រុង​បាត់ដំបង ហើយ​ផ្សារ​ទំនើប​នោះ​មិន​ទាន់​ទទួល​បាន​ជោគជ័យ​នៅ​ឡើយ​ទេ​។

លោក​បន្ត​ថា​ ៖ «​កម្រិត​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​មិន​ទាន់​មាន​ភាព អំណោយ​ផល​ដល់​ការ​វិនិយោគ​បែប​នេះ​ទេ វា​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត ដោយ​សារ​ទីក្រុង​ពោធិ៍សាត់​មាន​មនុស្ស​រស់នៅ​តិច និង​កម្រិត​ជីវភាព​របស់​ប្រជាពល រដ្ឋ​នៅ​មាន​កម្រិត​ផង​ដែរ​»​។

កញ្ញា ឡេង ម៉ាឡា រស់នៅ​ភូមិ​អន្លង់​មៀន ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ដែល​មាន​ចម្ងាយ​ប្រមាណ ៤​គីឡូម៉ែត្រ ពី​ក្រុង​ពោធិ៍សាត់ ហើយ​បច្ចុប្បន្ន​បាន​និង​កំពុង​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​លក់​គ្រឿង​សំណង់​មួយ​ក្នុង​ក្រុង​ពោធិ៍សាត់​ បាន​ថ្លែង​ថា​ ការ​វិនិយោគ​ផ្សារ​ទំនើប​ក្នុង​ទីក្រុង​នេះ ប្រហែល​ជា​មិន​ទទួល​បាន​ជោគ​ជ័យ​ទេ ដោយ​សារ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​នេះ ​បាន​ធ្វើ​ចំណាក​ស្រុក​ច្រើន ព្រោះ​ពួក​គេ​មិន​សូវ​មាន​ប្រាក់​ចំណូល​។

កញ្ញា​បន្ត​ថា​ ៖ «​ផ្សារ​នេះ​អាច​មាន​ប្រជាជន​ចាប់​អារម្មណ៍​តែ​រយៈ​ពេល​ដំបូង​តែ​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ឧកញ៉ា​រូប​នេះ ធ្វើ​ផ្ទះល្វែង​សម្រាប់​លក់​ក្នុង​តម្លៃ​ចន្លោះ​ពី​ ៣ ទៅ​ ៤​ម៉ឺន​ដុល្លារ អាច​ទទួល​បាន​ជោគជ័យ ជាក់ស្តែង​មាន​ក្រុមហ៊ុន​មួយ​បាន​និង​កំពុង​សង់​ផ្ទះល្វែង​លក់ និង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​»​។

កញ្ញា​បន្ត​ថា ​៖ «​បើ​ធ្វើ​ផ្ទះ​ក្នុង​តម្លៃ​ខាង​លើ​អាច​នឹង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន ព្រោះ​បើ​យក​លុយ​ទិញ​ដី​សង់​ផ្ទះ​ក៏​ដី​មាន​តម្លៃ​ថ្លៃ​ខ្ពស់​ផង​ដែរ​»​។

លោក ចាប នាង អភិបាលក្រុង​ពោធិ៍សាត់​បាន​ថ្លែង​ថា អាជ្ញាធរ​ក្រុង​ពោធិ៍សាត់​ បាន​ឯកភាព​ជា​គោល​ការណ៍​រួច​ហើយ សម្រាប់​គម្រោង​វិនិយោគ​នេះ ប៉ុន្តែ​ការ​សម្រេច​​បែប​ណា​ជាក់លាក់​លោក​មិន​ទាន់​ដឹង​នៅឡើយ​ទេ វាអាស្រ័យ​លើ​ការ​សម្រេច​របស់​អភិបាលខេត្ត និង​គណៈកម្មការ​វិនិយោគ​របស់​ខេត្ត​។ លោក​បន្តថា ក្រុង​ពោធិ៍សាត់​មាន​សង្កាត់​ចំនួន​៧ ស្មើ​នឹង ៦៦​ភូមិ និង​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាង ៦០,000​នាក់។

លោក​បន្ត​ថា​ ៖ «​គម្រោង​នេះ​ប្រសិនជា​ធ្វើ​ការ​អភិវឌ្ឍ​ដើម្បី​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត នឹង​ទទួលបាន​ជោគជ័យ»។

​ប្រសិន​បើ​គេ​គិត​អំពី​លំហូរ​ចរាចរណ៍​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៥ ពី​ភ្នំពេញ ឆ្ពោះ​ទៅ​ក្រុង​ប៉ោយប៉ែត ដែល​ជា​ច្រក​ទ្វារ​អន្តរជាតិ​ផ្លូវ​គោក​ដ៏​សំខាន់​មួយ​របស់​ប្រទេស​កម្ពុជា​នោះ ទីក្រុង​ពោធិ៍សាត់​ គឺ​ស្ថិត​នៅ​ស្ទើរ​តែ​ចំ​ចំណុច​កណ្តាល​នៃ​ផ្លូវ ជាតិ​លេខ​៥ ដូច្នេះ​វា​ទំនង​នឹង​ក្លាយ​ទៅ​ជា​ទី​សំចត​មួយ​ដ៏​សំខាន់​សម្រាប់​លំហូរ​ចរាចរណ៍​ទំនិញ និង​ភ្ញៀវ​ទេសចរ​ផង​ដែរ​។

ម្យ៉ាង​ទៀត​ផ្លូវ​ជាតិ​លេខ​៥ ក៏​ជា​ផ្លូវ​ដ៏​សំខាន់​នៅ​ក្នុង​ដំណើរ​ការ​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់​អាស៊ាន ដោយ​វា​បាន​តភ្ជាប់​ទីក្រុង​ធំៗ​បី​គឺ រាជធានី​បាងកក ប្រទេស​ថៃ​ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ​និង​ទីក្រុង​ហូជី​មិញ នៃ​ប្រទេស​វៀតណាម ហើយ​ទៅ​ថ្ងៃ​អនាគត​ទីក្រុង​ពោធិ៍សាត់​ក៏​អាច​ស្ថិត​នៅ​ក្នុង​ច្រក​របៀង​សេដ្ឋកិច្ច​របស់​អាស៊ាន​ផង​ដែរ​៕

Source From: www.postkhmer.com