៤​ខែ​ដើម​ឆ្នាំនេះ​ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​មាន​ទឹកប្រាក់​ជាង​៥០០០​លាន​ដុល្លារ​
Wednesday, 18 May 2016

ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​រយៈពេល​៤​ខែ​ដើម​ឆ្នាំនេះ ដែល​មាន​ទឹកប្រាក់​សរុប​ជាង​៥៧៦០​លាន​ដុល្លារ​អាមេរិក និង​ស្មើនឹង​កំណើន​៧៨៧​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​ ​លោក​ភឿង សុ​ភ័​ណ្ឌ​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំ ណង់​បាន​ថ្លែង​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា គិតតែ​ក្នុង​ខែមេសា​កន្លងមកនេះ លោក​ដោយសារ​រដ្ឋមន្ត្រី​ថ្មី (​លោក​ជា សុផារ៉ា​)​មកកាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​លោក​បាន​ជំ​រះ​បញ្ជីរ​(​អនុម័ត​)​គម្រោង​ស្នើសុំ​របស់​ក្រុមហ៊ុន​ជាង​១០០ ដែល​បានដាក់​ពាក្យស្នើសុំ​សាងសង់​កន្លងមក។ ដូច្នេះ​គ្រាន់តែ​នៅក្នុង​ខែមេសា​កន្លងមក គឺ​កំណើន​នៃ​ការវិនិយោគ​ឡើងដល់​ជាង​២០០០​ភាគរយ ព្រោះ​លោក​រដ្ឋមន្ត្រី​ចង់​ជំរុញ​ធ្វើ​យ៉ាងណា ឲ្យ​អ្នកវិនិយោគ​សប្បាយចិត្ត​នឹង​ការ​មក​ធ្វើ​វិនិយោគ​នៅ​កម្ពុជា។

លោក​បន្ត​ថា “​ការរីកចម្រើន​ផ្នែក​សំណង់ និង​អចលនទ្រព្យ មានការ​ផលប្រយោជន៍​ច្រើន​ទិស​ណាស់ ដែល​ឆ្លុះបញ្ចាំង​ពី​ការ​រីកចម្រើន​សេដ្ឋកិច្ច​សង្គម​របស់​ខ្មែរ​យើង​។ វិស័យ​នេះ​បាន​ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ និង​កាត់បន្ថយ​ភាព​ក្រីក្រ​”​។

លោក​បន្ត​ថា​“​ឲ្យ​តែ​វិស័យ​សំណង់​មានការ​រីកចម្រើន​ហើយ ពេល​ប្រទេស​ណាមួយ​សំណង់​រីក​ហើយ ប្រទេស​នោះ​មានការ​រីកចម្រើន​ហើយ ប៉ុន្តែ​បើ​ប្រទេស​ណា​មិន​មាន​ការសាងសង់​ប្រទេស​នោះ​មិនមាន​ការរីកចម្រើន​នោះទេ​”។

លោក​ឡៅ ទិព្វ​សីហា​អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ធ្លាប់​បាន​ថ្លែង​ថា កំណើន​នៃ​ការវិនិយោគ​ក្នុង​វិស័យ​សំណង់ និង​អចលន​ទ្រព្យ​នៅ​កម្ពុជា​ឆ្លុះបញ្ចាំង​ពី​កម្ពុជា​រក្សា​បាន​នូវ​ស្ថិរភាព​នយោបាយ កំណើន​សេដ្ឋកិច្ច​រឹងមាំ ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​កម្ពុជាមាន​បទដ្ឋាន​ច្បាប់​គតិយុ​ត្តិ​នានា ដែល​ធ្វើ​ឲ្យ អ្នកវិនិយោគ​មាន​ទំនុកចិត្ត​ក្នុងការ​មក​វិនិយោគ​នៅ​កម្ពុជា​។

លោក​បន្តថា “​កំណើន​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ កំណើន​ប្រជាជន​វ័យក្មេង ភាព​ទាក់ទាញ​នៃ​ច្បាប់​វិនិយោគ​នៅ​កម្ពុជា និង​កម្លាំង​ពលកម្ម​ថោក ក៏​ជា​ភាព​ទាក់ទាញ​របស់​កម្ពុជា​ចំពោះ​វិនិយោគិន​ផងដែរ​”។

ប្រធាន​សមាគម​អ្នក​វាយ​តំលៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក​គីម ហ៊ាង​បាន​សម្តែង​ការភ្ញាក់ផ្អើល​នឹង​កំណើន​នៃ​ទុនវិនិយោគ​នេះ ដោយ​លោក​បាន​ថ្លែងថា កំណើន​នេះ​វា​មិន​ស្រប​នឹង​កម្រិត​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ វា​ប្រៀប​ដូច​ជា​ការ​យក​រថ​យន្ត​រ៉ុល​រ៉​យ​ទៅ​លក់​នៅ​ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង​អញ្ចឹង​។

លោក​បន្ត​ថា ទោះជា​យ៉ាងណា​លោក​សូម​អបអរសាទរ ព្រោះ​វា​ជា​រឿង​ល្អ​ដែល​កម្ពុជា​ទទួល​បាន​កំណើន​វិនិយោគ​ធំ​បែបនេះ ប៉ុន្តែ​លោក​បាន​លើក​ជា​សំណួរ​ថា តើ​ទឹកប្រាក់​ទាំងនោះ​ជា​ទឹកប្រាក់​យកទៅជួយ​សង្គម​ឬ​យ៉ាងណា​?៕

Source From: www.kampucheathmey.com