អ្នក​វិនិយោគ​បរទេស​បោះទុន​៥០​លាន​ដុល្លារ​កសាង​បុរី​អេកូ​ផាក​ជា​លើកដំបូង​នៅ​កម្ពុជា
FRIDAY, 20 May 2016

​​ភ្នំពេញ៖ ក្រុមហ៊ុន​CIAC​ ដែល​មាន​មូលដ្ឋាន​នៅ​បរទេស​បាន និង​កំពុង​បោះទុន​វិនិយោគ​ទឹកប្រាក់​៥០​លាន​ដុល្លារ​អាមេរិក ដើម្បី​បង្កើត​តំបន់​លំនៅ​ដ្ឋាន​មួយ​ឈ្មោះ​Aco Park លើ​ផ្ទៃដី​ទំហំ​២០,០០០​ហិកតា​។​

​​​អ្នកស្រី​ HannyWahyuniGunawan ​នាយក​ក្រុមហ៊ុន​PR& Account Director​ បាន​ថ្លែង​ឲ្យ​ដឹង​កាលពីដើម​សប្តាហ៍​នេះ​ថា គំរោង​នេះ​បាន​និងកំពុង​ចាប់ផ្តើម​ដំណើរការ​ហើយ ដោយមាន​រួមបញ្ចូល​នូវ​លំនៅដ្ឋាន​បែប​ធម្មជាតិ អា​ផាត​ម៉ិ​ន និង​តំបន់ឧស្សាហកម្ម​ ដែល​បាន​និងកំពុង​ជិត​បញ្ចប់​ការសាងសង់ ផ្សារ​ទំនើប​បែប​ធម្មជាតិ និង​ប្រភេទ​Town House​។​

អ្នកស្រី​បន្ត​ថា ផ្ទៃដី​ក្នុង​គំរោង​នេះ​៣០​ភាគរយ​នឹង​ត្រូវ​រៀបចំ​ជា​តំបន់​បៃតង ហើយ​៥០​ភាគរយ​នៃ​ផ្ទៃដី​របស់​គំរោង​នេះ​ជា​តំបន់ឧស្សាហកម្ម និង​២០​ភាគរយ​ទៀត​នឹង​រៀបចំ​ជា​តំបន់​ពាណិជ្ជកម្ម និង​ផ្សារ​ទំនើប​។​​គំរោង​Eco Park​ស្ថិតនៅ​ភូមិ​ន​អន្លង់​រមៀត ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។

​អ្នកស្រី​Hanny​បាន​បន្តថា “​គំរោង​នេះ​ជា​ទស្សនទាន​នៃ​ការអភិវឌ្ឍ​ថ្មី​នៅ​កម្ពុជា ព្រោះ​គំរោង​នេះ​មានការ​បែងចែក​រវាង​តំបន់​លំនៅដ្ឋាន តំបន់​ពាណិជ្ជកម្ម និង​តំបន់ឧស្សាហកម្ម​ខុសៗ​គ្នា ពោលគឺ​ធ្វើយ៉ាងណា​ឲ្យ​អ្នក​រស់នៅក្នុង​គំរោង​នេះ អាច​រស់នៅ​ជាមួយ​បរិស្ថាន​ធម្មជាតិ និង​ប្រកបដោយ​ផាសុខភាព​”​។​អ្នកស្រី​បន្តថា “​កម្ពុជា​គឺជា​ប្រទេស​ដែលមាន​ភាពសម្បូរ​បែប​នៃ​វប្ប​ធ៌​ម និង​បរិស្ថាន ជា​អ្វីដែល​អ្នកវិនិយោគ​តំបន់​Eco Park​ផ្តោតលើ​ការអភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​”​។​

​អ្នកវិនិយោគ​គំរោង​នេះ​នឹង​ធ្វើការ​បំ​លែង​ទឹកស្អាត​ដោយ​ខ្លួនឯង និង​ទស្សនទាន​នៃ​ការអភិវឌ្ឍ ហើយ​នេះ​ជា​គំរោង​តំបន់​ពាណិជ្ជកម្ម និង​លំនៅដ្ឋាន​បែប​ធម្មជាតិ​ទី​១​នៅ​កម្ពុជា​”​។​

​ទោះជា​យ៉ាងណា​អ្នកស្រី​Hanny​មិន​បញ្ជាក់​ឲ្យ​ដឹង​ពី​គំរោង​នេះ​នឹង​បញ្ចប់​នៅ ពេលណា និង​ការលក់​គំរោង​នេះ​ចាប់ផ្តើម​នៅពេលណា​នោះទេ​។​

​លោក​សួន ហា​រ៉ា​ឌី​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​A4 Group​ បាន​ថ្លែងថា គំរោង​នេះ​ពិតជា​ល្អ ហើយ​តំបន់​ខាង​លើនេះ ​ពិតជា​ល្អ​ផងដែរ ព្រោះ​តំបន់​នោះ​មាន​ដី​នៅសល់​ទំនេរ​ច្រើន និង​ជា​តំបន់​ដែល​នឹង​ក្លាយជា​ទីក្រុង​នាពេល​អនាគត ដូច្នេះ​ប្រសិនជា​គំរោង​នេះ​ដំណើរការ​តំបន់​នោះ នឹងមាន​ភាព​រីកចម្រើន​លឿន ព្រោះ​វា​ជា​តំបន់​ ដែល​មាន​ប្រភព​ទឹក​ច្រើន ដែល​អ្នក​វិនិយោគ​គំរោង​នេះ​អាច​ទាញ​យក​ប្រភពទឹក​ពី​ស្ទឹង​នៅ​ជាប់​ផ្លូវជាតិ​លេខ​៣ និង​ស្ទឹង​នៅ​ផ្នែក​ខាងក្រោយ​តំបន់​អន្លង់​រមៀត​ផងដែរ​៕​

Source From: www.bayontv.com.kh