គំរូ​អាគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ​នៅ​តំបន់​ជ្រោយចង្វា ​ទទួល​បាន​កា​រ​អនុម័ត​ចុងក្រោយ​
Saturday, 21 May 2016

ភ្នំពេញ៖ គំរូ​អាគារ​ពាណិជ្ជកម្ម​កប់​ព​ពក​ចំនួន​៥ ដែល​គ្រោង​សាងសង់​ដោយ​ក្រុមហ៊ុន​សុខា គ្រុប​បាន​ទទួល​ការ​អនុម័ត​ចុងក្រោយ​ហើយ បន្ទាប់ពី​មានការ​ប្រកួតប្រជែង​ស្នាដៃ​ស្ថាបត្យកម្ម​ពី​ក្រុមហ៊ុន​នានា​។​

​​​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​លោក​ ភឿង សុ​ភ័​ណ្ឌ​ បាន​ថ្លែង​ឲ្យ​ដឹង​កាលពីដើម​សប្តាហ៍​នេះ​ថា ក្រុមហ៊ុន​សុខា​គ្រុប​ បាន​ដាក់​សំណើរ​ទៅកាន់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដើម្បី​សាងសង់​អាគារ​ខ្ពស់កប់ពពក​នៅ​តំបន់​ជ្រោយចង្វា ហើយ​សម្តេច​បាន​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​ជាមួយ​ក្រសួង​ជំនាញ ដើម្បី​ពិនិត្យមើល​ប្លង់​ស្ថាបត្យកម្ម​នៅ​តំបន់​ជ្រោយចង្វា ដែល​សម្តេច​ធ្លាប់​លើក​ឡើងថា អភិវឌ្ឍន៍​ខាងលិច កុំ​ភ្លេច​ខាង​ខាងកើត​។​

​​​លោក​បន្ត​ថា ក្រុមហ៊ុន​សុខា​គ្រុប និង​ក្រសួង​ជំនាញ ​បាន​ប្រកាស​ជ្រើសរើស​ស្នាដៃ​ស្ថាបត្យកម្ម ដើម្បី​គូ​ប្លង់​អាគារ​នៅ​តំបន់​នេះ ជាល​ទ្ឋ​ផល​មាន​ក្រុមហ៊ុន​ជាតិ អន្តរជាតិ​ជាង​១០​ក្រុមហ៊ុន បានដាក់​ស្នាដៃ​ស្ថាបត្យកម្ម​របស់​ខ្លួន ដើម្បី​បង្ហាញ​ស្នាដៃ​របស់​ពួកគេ​។​ លោក​បន្ត​ថា រហូត​មកទល់​ពេលនេះ ក្រុមហ៊ុន​និង​ក្រសួង​ជំនាញ ​បាន​ជ្រើសរើស​ស្នាដៃ​ចុងក្រោយ​រួចហើយ​។​

​​​លោក ​ភឿង សុ​ភ័​ណ្ឌ​ បាន​បន្ត​ថា ជា​គោលការណ៍​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាន​ឯកភាព​ជា​គោលការណ៍ ដើម្បី​អនុញ្ញាតិ​ឲ្យ​ក្រុមហ៊ុន​សុខា​សាងសង់​គំរោង​នេះ​រួចហើយ ប៉ុន្តែ​ការ​ដាក់​ឯកសារ​ស្នើសុំ​សាងសង់ ត្រូវ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​បច្ចេកទេស​ជាច្រើន​ទៀត​។​

​​ទោះជា​យ៉ាងណា​មន្ត្រីជាន់ខ្ពស់​រូបនេះ ​មិន​បញ្ជាក់​ឲ្យ​ដឹង​ថា ការសាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដែល​មាន​អាគារ​កំពស់​ជាង​៥០​ជាន់​ចំនួន​៥​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ពេលណា​នោះ​ទេ​។​

​​​លោក ​ប៉ូ អ៊ា​វ​គង់​ ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​Focus Property​បាន​ថ្លែង​ថា ការសាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ប្រភេទ​ខុន​ដូ អូ​តែ​ល និង​ផ្សារ​ទំនើប​នៅ​តំបន់​នេះ នៅ​តំបន់​នេះ​ជា​ការ​ល្អ ដែល​គំរោង​អភិវឌ្ឍន៍​បែបនេះ​ជា​ទស្សនទាន​នៃ​ការអភិវឌ្ឍន៍​ថ្មី ប៉ុន្តែ​ វា​ត្រូវការ​ពេលវេលា​បន្ថែម​ទៀត ព្រោះ​ទំហំ​នៃ​ការ​ផ្គត់ផ្គង់​និង​តម្រូវការ​ហាក់​ ស្ថិត​នៅក្នុង​គម្លាត​ពី​គ្នា​នៅឡើយ​។​ លោក​បន្ត​ថា ទំហំ​ពាណិជ្ជកម្ម និង​ទំហំ​លំហូរ​ភ្ញៀវ​ទេសចរណ៍​មកកាន់​ប្រទេស​យើង នៅ​មានកម្រិត​នៅឡើយ ដូច្នេះ​ប្រសិនជា​គំរោង​នេះ សម្រាប់​គោលដៅ​រយៈពេល​១០​ឆ្នាំក្រោយ​ គឺជា​ការល្អ​។​

​​​លោក​បន្ត​ថា “​ប្រសិនជា​សាងសង់​គំរោង​នេះ​អាច​ចំណាយពេល​៥​ឆ្នាំ ដូច្នេះ​បើ​គំរោង​នេះ​ដំណើរការ​រយៈពេល​៥​ឆ្នាំ​ខាងមុខ វា​មិនទាន់​ដល់ពេល​ល្អ​នៅឡើយ​ទេ ដោយសារ​កំលាំង​ទិញ​ពី​ប្រជាជន​ក្នុងស្រុក និង​លំហូរ​ទេសចរណ៍​មិនមាន​ទំហំ​ធំ​នៅឡើយ​”​។​

លោក​បន្ត​ថា “​រចនាបថ​របស់​អាគា​រ​នៅ​តំបន់​នេះ គួរ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះ​ទីតាំង​នេះ​ជាទី​តាំងនៅ​ទល់មុខ​ព្រះបរមរាជវាំង និង​តំបន់​បេតិកភណ្ឌ ហើយ​ទីតាំង​នេះ​ជាទី​តាំង​ដែល​គេ​មើលឃើញ​ច្រើន​បំផុត​”​៕​

Source From: www.bayontv.com.kh