ប្រែក្លាយ​កំពង់ផែ​ភ្នំពេញ​ឲ្យទៅ​ជា​ផែ​និង​ចំណត​ទេសចរណ៍
Sunday, 29 May 2016

(​ភ្នំពេញ​)៖​ទីតាំង​អតីត​កំពង់ផែ​ភ្នំពេញ កំពុង​ត្រូវបាន​គេ​រៀបចំ​ឲ្យទៅជា​ផែ​និង​ចំណត​រថយន្ត​ដាក់​ភ្ញៀវទេសចរណ៍​បន្ទាប់ពី​​កំពង់ផែ​នេះ​បាន​ផ្អាក​សកម្មភាព​ជាង​ពីរ​ឆ្នាំ​ក្រោយ​ពី​កំពង់ផែ​ថ្មី ត្រូវបាន​សាងសង់​រួច​នៅ​ទន្លេ​មេគង្គ​ក្រោម ជា​ទី​ដែល​មាន​ផ្លូវ​​ទឹក​ជ្រៅ​និង​មាន​ចម្ងាយ​ប្រមាណ​ជា​៣០​គីឡូម៉ែត្រ​ពី​ក្រុងភ្នំពេញ​។​
​    ​
​លោក​ហ៊ឺ បា​វី ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​រដ្ឋាករ​ស្វយ័ត​កំពង់ផែ​ភ្នំពេញ​និយាយ​ឲ្យដឹង​នៅ​ថ្ងៃ​ទី​២៧​ខែ​​ឧសភា​ឆ្នាំ​២០១៦​ថា ទីតាំង​កំពុងផែ​ភ្នំពេញ​ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​ឲ្យ​ទុក​មួយ​ផ្នែក​សម្រាប់​ផែ​កុងតេន័រ​ទំនិញ​រួម ផែ​ទេសចរណ៍​និង​ចំណតរថយន្ត​ដាក់​ទេសចរណ៍​ដែល​ពេល​នេះ​កំពុងតែ​ធ្វើ​ការពិភាក្សា​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​សម្រាប់​​គម្រោង​នេះ​។​
​    ​
​ប្រភព​ខាងលើ​បាន​និយាយ​ឲ្យដឹង​ទៀត​ថា​ផែ​ទេសចរណ៍​នៅ​ជិត​ផ្សារ​រាត្រី​សព្វថ្ងៃ​ចង្អៀត​ហើយ​ត្រូវ​ពង្រីក​មក​ទីតាំង​ផែ​ធំ​ដែល​​ពេលនេះ​កំពុងតែ​រៀបចំ​ធ្វើ​ផែបណ្តែត​ឲ្យ​ឡើង​ចុះ​ទៅ​តាម​ស្ថានភាព​ទឹក ។  

​ទីតាំង​អតីត​កំពង់ផែ​នេះ​ក្រៅ​ពី​រៀបចំ​សម្រាប់​កំពង់ផែ​កុងតេន័រ​រួម ផែរ​ទេសចរណ៍ គឺ​ធ្វើ​ជា​ចំណតរថយន្ត​ក្រុង​សម្រាប់​ទេសចរ​​ណ៍​មកពី​ប្រទេស​ជិតខាង​។​
​    ​
​លោក​អគ្គនាយក​បានបញ្ជាក់​ថា រថយន្តក្រុង​មិន​ត្រូវបាន​អនុញ្ញាត​ចត​នៅក្នុង​ទីតាំង​កំពង់ផែរ​នេះ​ទេ គឺ​គ្រាន់តែ​ជា​ចំណត​ដាក់​​ភ្ញៀវ​រួច​ទៅ​ចត​នៅ​កន្លែង​ផ្សេង​ដែល​ចំណត​បែបនេះ​នៅក្នុង​ទីក្រុង​របស់​ប្រទេស​ណា​ក៏​គេ​មាន​ដែរ​។ ​រថយន្តក្រុង​ដាក់​ភ្ញៀវ​ចុះ​រួច​ហើយ​ត្រូវ​ទៅ​ចត​រង់ចាំ​នៅ​ទីតាំង​មួយកន្លែង​ទៀត​ដែល​មាន​ទំហំ​រហូត​១០​ហិកតា​ស្ថិតនៅ​ខាងក្រោយ​​ឃ្លាំង​សាំង​សូគីម៉ិច​(​ម្តុំ​គីឡូម៉ែត្រ  លេខ​៥)​។​
​    ​
​គួរ​និយាយ​ឲ្យដឹង​ថា​កំពង់ផែ​ភ្នំពេញ​ដែល​ត្រូវ​ស្តារ​ឡើងវិញ​ដោយ​ជំនួយ​របស់​ប្រទេស​ជប៉ុន​នេះ​បាន​ផ្អាក​សកម្មភាព​ជាង​ពីរ​​ឆ្នាំ​មកហើយ​បន្ទាប់​ពី​កំពង់ផែ​ថ្មី​បាន​សាងសង់​រួច​នៅ​ទន្លេមេគង្គ​ក្រោម​(​ខ្សុំ ផ្លូវជាតិ​លេខ​១)​ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​៣០​គីឡូម៉ែត្រ​ពី​ក្រុងភ្នំពេញ ជា​គម្រោង​របស់​រាជរដ្ឋាភិបាល​ក្នុងកា​រ​កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍នៅ​ក្នុង​ក្រុង​ភ្នំពេញ និង​ម្យ៉ាង​​នៅ​តំបន់​កំពង់ផែ​ថ្មី​នោះ​មាន​ផ្លូវទឹក​ជ្រៅ​ផង​៕

Source From: www.rasmeinews.com