អ្នកជំនាញ​អចលនទ្រព្យ​ថា​វិស័យ​សំណង់​មិន​មាន​ហានិភ័យ​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​នោះទេ​
Monday, 30 May 2016

ភ្នំពេញ៖ អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​លើកឡើង​ថា ការ​រីក​ដុះដាល​នៃ​វិស័យ​សំណង់​នៅ​កម្ពុជា​បង្ហាញ​ពី​ភាព​ទុកចិត្ត​របស់​អ្នក​វិនិយោគ​ចម្រុះ​ជាតិ​សាសន៍ និង​ទំនុកចិត្ត​លើ​កម្ពុជា ហើយ​វិស័យ​នេះ​ទៅ​ថ្ងៃមុខ​នឹង​ដំណើរ​ការ​ល្អ​ដូច​ប្រក្រតី​ធម្មតា​។​

​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​អចលនទ្រព្យ​កម្ពុជា​លោក​ គឹម​ ហ៊ាង ​បាន​ថ្លែងប្រាប់​​ ​កាល​ពីពេល​ថ្មីៗ​នេះ​ថា ដោយសារតែ​ស្ថិរភាព​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​រឹងមាំ​ទើប​ជំរុញ​ឲ្យ​អ្នក​វិនិយោគិន​ធំៗ​ពី​ក្រៅប្រទេស​សម្រុក​មក​រក​ស៊ី​វិស័យ​ផ្នែក​អចលនទ្រព្យ​កាន់​តែច្រើន ហើយ​ថ្វីបើ​សំណង់​អគារ​ខ្ពស់ៗ​បាន​រីក​ដុះដាល​កាន់​តែច្រើន​ ប៉ុន្តែ​ វិស័យ​នេះ​ មិន​មាន​ហានិភ័យ​សម្រាប់​ប្រទេស​កម្ពុជា​នោះទេ​។​

​លោក​ គីម​ ហ៊ាង​ បន្តថា ​កម្ពុជា​ជា​ប្រទេស​មួយ​ដែលមាន​លំនឹង​ផ្នែក​នយោបាយ​រឹងមាំ​ជាង​ប្រទេសជិតខាង ហើយ​កត្តាសេដ្ឋកិច្ច​មាន​រង្វង់​៧​ខ្ទង់​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ​នេះ​ហើយ​សម្រាប់​វិស័យ​សំណង់​ ដែល​មាន​ច្បាប់ទម្លាប់​ត្រឹម​ត្រូវ​មាន​សកម្មភាព​សាងសង់​ជា​ធម្មតា ដែល​បង្ហាញ​ពី​ការ​កើនឡើង​វិស័យ​សំណង់​ជា​សញ្ញា​ល្អ សម្រាប់​សេដ្ឋកិច្ច​របស់​កម្ពុជា ​ដែល​ជា​ប្រទេស​កំពុងតែ​អភិវឌ្ឍន៍​ឈានឡើង​។​

​លោក​បាន​បញ្ជាក់​ថា​ ដើម្បី​ឲ្យ​អ្នក​វិនិយោគ​មាន​ទំនុកចិត្ត​រាជរដ្ឋាភិបាល​និង​ស្ថាប័ន​ជំនាញ​គួរតែ​សម្រួល​បែបបទ​នៃ​ការសាងសង់​ឲ្យ​បាន​លឿន​ហើយ​ការ​រីកចម្រើន​ទាំងនោះ​ បង្ហាញ​ពី​ការ​រីកចម្រើន​ពិតប្រាកដ​នៅក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។​

​ចំណែក លោក​ប៉ែន​សុផល​រដ្ឋលេខាធិការ​ក្រសួង​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ធ្លាប់​អះអាង​ថា​នៅពេលដែល​វិស័យ​សំណង់​កើនឡើង​ច្រើន​ដូចជា តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក​ភ្លើង​ផ្លូវ​ការ​ដឹក​ជញ្ជួន​និង​ការធ្វើ​ដំណើរ​សម្រាប់​បំពេញ​នៃ​កំណើន​ទៅលើ​វិស័យនេះ​។​

​លោក​បាន​បន្តថា ដោយសារតែ​វិស័យ​សំណង់​ចេះតែ​កើនឡើង​បែបនេះ​បាន​ជំរុញ​ឲ្យ​ចំនួន​ប្រជាពលរដ្ឋ​ដែល​មក​រស់​នៅ​តាម​ទីក្រុង​កើនឡើង ហើយ​បច្ចុប្បន្ន​នេះ ​កំណើន​នៃ​វិស័យ​សំណង់​បង្ហាញ​ពី​ការអភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា​យើង​ផងដែរ​។​

​លោក​បាន​បន្ថែម​ថា ជាក់ស្តែង​គម្រោង​វិនិយោគ​ផ្នែក​សំណង់​ក្នុង​រយៈពេល​៣​ខែ​នេះ​បើ​ធៀប​នឹង​រយៈពេល​៣​ខែ​ដូចគ្នា​កាលពី​ឆ្នាំ​២០១៥​កន្លងទៅ​ដែល​មាន​ការកើនឡើង​ដល់​ទៅ​២៥៧,៥១​ភាគរយ​។​ហើយ​ភាគច្រើន​នៃ​ការ​កើនឡើង​សំណង់​នេះ​គឺ​៦៥​ទៅ​៧០​ភាគរយ​នៃ​ទុន​វិនិយោគ​នៅ​រាជធានី​ភ្នំពេញ​តែម្តង​។​

​សម្រាប់​អ្នកជំនាញ​អចលនទ្រព្យ​លើកឡើង​ថា បច្ចុប្បន្ន​នេះ គម្រោង​សាងសង់​ខុន​ដូ​នៅ​កម្ពុជា​កំពុង​តែ​ធ្វើការ​សាងសង់​ជាច្រើន នឹង​ទាក់ទាញ​យ៉ាង​ខ្លាំង ហើយ​វិស័យ​នេះ ​មានការ​រីកចម្រើន​លឿន​ឆ្លុះបញ្ចាំង​ពី​ការ​រីកចម្រើន​សេដ្ឋកិច្ចជាតិ​។​

​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​បាន​បង្ហាញថា​បច្ចុប្បន្ន​នេះ​ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​ចាប់ពី​ឆ្នាំ​២០១១​រហូត​ដល់​ឆ្នាំ​២០១៤​មាន​អ្នក​វិនិយោគ​ក្នុងស្រុក ​និង​ក្រៅប្រទេស​បាន​បោះទុន​រួមគ្នា​វិនិយោគ​លើ​វិស័យ​សំណង់​ជា​មធ្យម​ចំនួន​២,៧៧៣​លាន​ដុល្លារ​អាម៉េរិក​ហើយ​គិត​ត្រឹម​ឆ្នាំ​២០១៥​ទុន​វិនិយោគ​សរុប​លើ​វិស័យ​នេះ ​មាន​រហូតដល់​២,៩៣៦​លាន​ដុល្លារ​អាម៉េរិក​៕

Source From: www.bayontv.com.kh