ក្រុមហ៊ុន ទ្រី ភាព នឹង​សង់​កំពង់ផែ​តម្លៃ​៣០០​លាន​ដុល្លារ​នៅ​ខេត្តកំពត
Wednesday, 01 June 2016

(​ភ្នំពេញ​) ៖ លោក​ឧកញ៉ា​ទ្រី ភាព គ្រោង​នឹង​ចាប់ផ្ដើម​សាងសង់​កំពង់ផែ​ខ្នាត​អន្តរជាតិ​មួយ​ដែលមាន​តម្លៃ​៣០០​លាន​ដុល្លារ​អាមេរិក​​នៅ​ឆ្នេរសមុទ្រ​ខេត្តកំពត​នៅ​ចុងឆ្នាំ​នេះ​។ នេះ​បើ​យោងតាម​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​ប្រាប់​ដល់​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​មួយ​​កាលពី​ម្សិលមិញ​។​

​កំពង់ផែ​ថ្មី​នេះ​នឹង​ជាការ​អភិវឌ្ឍន៍​រួមមួយ​រវាង​ក្រុមហ៊ុន Hutchison Port Holdings Limited របស់​កោះ British Virgin Islands ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង បន្ទាប់ពី​ក្រុមហ៊ុន​ពីរ​នេះ​បាន​ចុះ ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) មួយ​កាលពី​ថ្ងៃទី ៣០ ខែឧសភា​។​

​លោក ឃៀង សុ​ជី​វ័​ន្ត ជំនួយការ​របស់លោក ទ្រី ភាព បាន​បញ្ជាក់ថា​កំពង់ផែ​នេះ​នឹងមាន​ទីតាំង​នៅលើ​ផ្ទៃដី​ទំហំ​៥០​ហិកតា​ក្នុង​ចំ​ណោម​ផ្ទៃដី​៣០០​ហិកតា ដែលមាន​ទីតាំងនៅ​ស្រុក​ទឹកឈូ ខេត្តកំពត​។ 

​លោក សុ​ជី​វ័​ន្ត បាន​បន្ដថា​កំពង់ផែ នេះ​នឹង​ចូល​ជ្រៅ​ចម្ងាយ​៣​គីឡូម៉ែត្រ​ទៅក្នុង​សមុទ្រ​ក្នុង​ជម្រៅ​១៥​ម៉ែត្រ​។ ការបង្កើត​កំពង់​ផែន​​នេះ​នឹង​អាច​ទទួល​នាវា​ដឹកទំនិញ​ចំណុះ​២០.០០០ តោន និង​អាច​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​នាំចូល​ប្រេង​។​

​លោក​ថា “​នេះ​ជា​កំពង់ផែ​ស្ដង់ដា​ដែល​យើង​បាន​វិនិយោគ​៣០០​លាន​ដុល្លារ​ជាមួយ​ដៃគូ​របស់​យើង​មកពី​ទីក្រុង​ហុងកុង​ដែលជា​អ្នក​​ជំនាញ សាងសង់​កំពង់ផែ​”​។​

​ចំណែក​លោក សឹម សុទ្ធា នាយក​នៃ​ខុ​ទ្ធ​កាល័យ​ខេត្តកំពត​បានបញ្ជាក់​ថា​ក្រុមហ៊ុន ទ្រី ភាព របស់លោក ទ្រី ភាព បានទទួល​ការអនុញ្ញាត​សម្រាប់​គម្រោង​ផែនការមេ​របស់​កំពង់​ផែ​នេះ​ចាប់ តាំងពី​ឆ្នាំមុន​ម្ល៉េះ​៕

Source From: www.rasmeinews.com