ទីក្រុង​តាខ្មៅ​កាន់​តែ​បង្ហាញ​សក្តានុពល​នៅ​ឆ្នាំ​នេះ
THURSDAY, 26 May 2016

ដោយ​​មាន​ទីតាំង​ចម្ងាយ​ប្រមាណ​១០​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ ក្រុង​តាខ្មៅ​ ត្រូវបាន​គេ​បំភ្លេច​អស់​រយៈពេល​រាប់​ឆ្នាំ​មក​ហើយ ដោយ​សារតែ​ទីក្រុង​នេះ​គ្រាន់តែ​ជា​តំបន់​ឆ្លងកាត់ពី​និគម​ជន​នៅ​​ខេត្ត​ភាគ​ខាងត្បូងចូល​មកកាន់​រាជធានី។ ប៉ុន្តែ​ចាប់​តាំង​ពី​ដើម​ឆ្នាំនេះ​មក​ទីក្រុង​នេះ​កាន់​តែបង្ហាញ​​សក្តានុពល​របស់​ខ្លួន ដោយ​សារ​មានការ​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​បុរី​លំនៅឋាន​ជាច្រើន​ព្រោងព្រាត​នៅ​ក្នុង​ទី​ក្រុងនៃទីរួម​ខេត្ត​មួយ​នេះ​។​

​​លោក ង៉ែត ពិសិដ្ឋ ជំនួយការ​អគ្គនាយក​បុរី​ពិភពថ្មី បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ចន្ទ​ថា ៖ «បុរី​របស់លោក​នឹង​ចាប់​ផ្តើម​សាងសង់​នៅលើ​ផ្ទៃដី​១០​ហិកតា និង​លក់​នៅក្នុង​ទីក្រុង​នេះ​ពេល​ឆាប់ៗ​ខាង​មុខ​។ សំណង់​ក្នុង​ទីក្រុង​​នេះ​នឹង​សាង​សង់​ប្រភេទ​ផ្ទះ​បែប E0 និង E1 និង​លក់​ក្នុង​តម្លៃ​ប្រហាក់ប្រហែល​នឹង​សំណង់ បុរី​ពិភពថ្មី នៅតាម​សាខា​នានា​ក្នុង​​រាជធានី​ភ្នំពេញដែរ ដោយសារ​តម្លៃ​ដី​ដែល​បាន​ទិញ​ដើម្បី​សាង​សង់​គម្រោង​នេះ​មានតម្លៃ​ថ្លែ​រួច​ទៅហើយ​»។​

​លោក ពិសិដ្ឋ បាន​បដិសេធ​មិនបញ្ជាក់​ឲ្យ​ដឹង​ពី​សក្តានុពល​នៅ​​​ក្រុង​តាខ្មៅ ដែលជា​មូលហេតុ​ធ្វើ​ឲ្យ​អ្នកវិនិយោគ​បុរី​នេះទៅ​បោះ​ទីតាំង​នៅ​ក្រុង​តាខ្មៅ​នោះ​ទេដោយ​​លោក​បាន​ថ្លែងថា ៖ «ខ្ញុំ​មិន​បាន​វិភាគ​ស៊ីជម្រៅ​ដល់​កម្រិត​នេះទេ​»​។​

​លោក​ឧកញ៉ា តាំង គួ​ង ដែល​គ្រោង​ចំណាយ​ទុន១០០​លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​លំនៅឋាន​កប់​ពពក ជា​លើកដំបូង​នៅ​ទីក្រុង​តាខ្មៅ​ បាន​ថ្លែងថា គម្រោង​របស់​លោក​​ជាគ​ម្រោ​ង​សម្រាប់​លំនៅឋាន និង​ផ្សារ​ទំនើប​ពោល​ គឺជា​គម្រោង​មាន​ភាព​ចម្រុះដែល​បាននិងកំពុង​សាង​សង់​​នៅក្នុង​ទីក្រុង​នេះ​។​

​ទោះជា​យ៉ាងណា​លោក​ឧកញ៉ា​មិនបាន​បញ្ជាក់​ពី​សក្តានុពល និងមូល​ហេតុដែល​ធ្វើ​ឲ្យ​លោក​សម្រេចចិត្ត​បោះទុន​វិនិយោគ​នៅ​ក្នុង​ទីក្រុង​នេះ​ទេ ប៉ុន្តែ​លោក​ប្រាប់ថា ក្រុមហ៊ុន​មាន​គម្រោង និង​មើលឃើញ​សក្តានុពល​ខ្ពស់​របស់​ទីក្រុង​នេះ ទើប​សម្រេចចិត្ត​វិនិយោគ​នៅ​ទីនោះ ។​

​លោក ប៉ូ អ៊ា​វ​គង់ នាយក​គ្រប់​គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Focus Property បាន​ថ្លែងថា ទីតាំង​ក្រុង​​តាខ្មៅ គឺជា​តំបន់​ដែល​អាច​អភិវឌ្ឍ​បាន ព្រោះ​វា​ជាទី​រួម​ខេត្ត​ដែល​ស្ថិត​នៅ​កៀក​រាជធានី​ភ្នំពេញ​ជាងគេ ដូច្នេះ​ការ​អភិវឌ្ឍ​លំនៅ​ឋាន​នៅ​តំបន់​នេះ អាចធ្វើ​ឡើង​ក្នុង​កម្រិត​សម្រាប់​ប្រជាពល​រដ្ឋ​ដែល​មាន​ជីវភាព​ចាប់ពី​កម្រិត​ក្រោម​មធ្យម និង​កម្រិត​មធ្យម​បាន ប៉ុន្តែ​បើ​អភិវឌ្ឍ​លំនៅឋាន​​ដែល​មាន​តម្លៃ​ចាប់ពី១០​ម៉ឺនដុល្លារ​ឡើង គឺ​ពិបាក​ទទួល​បាន​​ជោគជ័យ​ណាស់​។​

​លោក​បន្តថា​ ៖ «​ប្រ​ព័​ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ក្នុង​ខេត្ត​​ទាំង​មូល គឺ​រួម​ទាំង​ផ្លូវថ្នល់ និង​ប្រ​ព័​ន្ធ​លូ នៅ​មិនទាន់មាន​ភាព​រៀបរយ​នៅ​ឡើយ​​ទេ បើទោះជា​សណ្ឋាន​ដី​នៅ​ក្នុង​​ក្រុង​តាខ្មៅ​មាន​លក្ខណៈ​ធម្មជាតិ​ល្អ​ជាង​ទីក្រុង​ភ្នំពេញ​ក្តី​ ប៉ុន្តែ​ទីក្រុង​នេះ​មិនមាន​សក្តានុពល​ខ្លាំង​​នោះទេ ដោយសារ​មិន​សូវ​មាន​​​មនុស្ស​ច្រើន​ទៅ​រស់នៅ​ក្នុង​ទីក្រុង​នេះ​ទេ​»​។​

​លោក អ៊ា​វ​គង់ បានបញ្ជាក់​ឲ្យ​ដឹងថា តម្លៃ​ដីធ្លី​នៅ​ក្រុង​តាខ្មៅ​នៅតំបន់​ពាណិជ្ជកម្ម​មានតម្លៃ​ចន្លោះ​ពី៥០០ ទៅ​១០០០​ដុល្លារ​អាមេរិក តំបន់​លំនៅឋាន​នៅតាម​បណ្តោយ​ផ្លូវ​លេខ​២១ មានតម្លៃ​ចន្លោះ​ពី ៥០​ទៅ​២០០​ដុល្លារ និង​ដី​នៅតាម​ផ្លូវ​មាត់​ទន្លេឆ្ពោះទៅ​តំបន់​ស្វាយ​រលំ មានតម្លៃ​ចន្លោះ​ពី១៥០ ​ទៅ​៣០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។​

​លោក​បន្តថា​ ៖ «​តម្លៃ​ដីធ្លី​នៅ​តំបន់​ពាណិជ្ជកម្ម​ក្នុង​ទីក្រុង​នេះ មាន​កំណើន​ចន្លោះ​ពី១០ ​ទៅ​១៥​ភាគរយ និង​តម្លៃ​ដីធ្លី​នៅ​តំបន់​លំនៅឋាន​មាន​កំណើន​ចន្លោះ​ពី ៥​ទៅ​ ១០​ភាគរយ​ នា​ឆ្នាំនេះ ធៀបនឹង​រយៈ​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​»​។​

​លោក គីម ហ៊ាង ប្រធាន​សមា​គម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​​ថ្លែងថា ក្រុងតាខ្មៅ​ជា​តំបន់​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ ព្រោះ​បើ​គិតពី​វត្តភ្នំ ទៅ​កាន់​ទីក្រុង​នេះ​មាន​ចម្ងាយ​ជិតហើយ​​ទីក្រុង​នេះ​ក៏មាន​ទន្លេ​ដូចនៅ​រាជ​ធានី​ភ្នំពេញ​ផង​ដែរ ប៉ុន្តែ​បញ្ហា​ប្រឈម​របស់​ក្រុង​នេះ គឺ​ចិត្ត​សាស្ត្រ​របស់​ប្រជាពលរដ្ឋដែល​ពួកគេ​មិន​ចង់ទៅ​រស់នៅច្រើន ព្រោះ​វា​ជា​ទឹកដី​ខេត្ត​កណ្តាល ហើយ​ប្រជាជន​ភាគ​ច្រើន​ចេញ​ពីខេត្ត​មក​រស់នៅ​ទីក្រុងជាជាង​ចេញ​ពី​ទីក្រុង​ទៅ​រស់​នៅតាម​បណ្តា​ខេត្ត​។​

​លោក​បន្តថា​ ៖ «​ប្រសិនជា​ក្រុង​នេះ​ត្រូវកាត់​ចូលមក​ទឹកដី​រាជធានី​ភ្នំពេញ នាពេល​អនាគត ទីក្រុង​នេះ​នឹងមាន​ការរីកចម្រើន​ខ្លាំងតម្លៃ​ដីធ្លី​នឹង​កើន​ទ្វេ​ដង​។ ខ្ញុំ​ជឿជាក់១០០​ភាគរយ​ថា ទីក្រុង​តាខ្មៅ​នឹង​កាត់​ចូល​​រាជធានី​ភ្នំពេញ នាពេល​អនាគត​»​។ លោក​បន្តថា ​៖ «​ដូច្នេះ​អ្នក​អភិវឌ្ឍន៍ អ្នក​សាងសង់​បុរី ពួកគេ​មើលឃើញ​និន្នាការ​នេះ ដែល​ការអភិវឌ្ឍ​បែប​នេះ​នឹងមាន​សក្តានុពល​នៅ​ពេល​អនាគត​»​។​

​អ្នកស្រី ស្រី​នាង រស់នៅ​ភូមិ​ក្រពើ​ហា​ខាង​កើត សង្កាត់​ព្រែក​ឫ​ស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល បាន​ថ្លែងថា ខេត្តកណ្តាល​មាន​ការ​រីកចម្រើន​ជាង​មុន ហើយ​វា​នឹង​រីកចម្រើន​កាន់តែខ្លាំង​នា​ពេលអនាគត ប៉ុន្តែ​អាជ្ញាធរ​គួរ​តែពង្រីក​ផ្លូវ​នៅក្នុង​ទីក្រុង​នេះ​ឲ្យបាន​ធំៗ ព្រោះ​បើ​ផ្លូវ​តូចៗ​នឹង​ធ្វើឲ្យ​ទីក្រុង​នេះ​មានការ​អភិវឌ្ឍ​យឺត និង​មានការ​កកស្ទះ​ចរាចរណ៍​។ អ្នក​ស្រី​បន្តថា បច្ចុប្បន្ន​មាន​​បុរី​ជាច្រើនកំពុង​សាងសង់ ហើយ​លក់​ដាច់​ខ្លាំង​ដោយ​សារ​មាន​កំណើន​ប្រជា​ពលរដ្ឋ​ចូលទៅ​រស់នៅ​ទីក្រុងនេះ​។​

​អ្នកស្រី​បន្តថា​ ៖ «​បច្ចុប្បន្ន​ក្រុង​តាខ្មៅ​មាន​ផ្សារ​ទំនើប​ឡាក់​គី និង​ហាង​ភី​ហ្សា មាន​ធនាគារ​ជាច្រើន មិន​ចាញ់​រាជធានី​ភ្នំពេញ ប៉ុន្មាន​នោះទេ​»​។​

​អភិបាលក្រុង​តាខ្មៅ​លោក ហេង ធៀ​ម បាន​ថ្លែង​ឲ្យ​ដឹង​ផង​ដែរ​ថា អាជ្ញាធរ​ក្រុង​បាន​និង​កំពុង​ខិតខំ​ពង្រីក​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ធ​នានា​នៅក្នុង​ក្រុង ដើម្បី​បង្កើន​សោភ័ណភាព​ទីក្រុង​នេះ​ជាទី​ក្រុង​ស្អាត​នាពេល​អនាគតតាមរយៈ​ការកសាង​បណ្តាញ​លូ ផ្លូវ​កៅស៊ូ និង​ផ្លូវ​បេតុង​។ លោក​បន្តថា បច្ចុប្បន្ន​សំណង់​បុរី​នានា​កំពុង​រីក​ស្គុះស្គាយ​​នៅ​ក្នុង​ទីក្រុង​នេះ​ដែល​មាន​បុរី​មិន​តិច​ជាង ១០​កន្លែង​​ឡើយ បាន​បញ្ចប់​ការ​សាង​សង់ និង​​កំពុង​សាងសង់​។​

​លោក​អភិបាល បាន​បន្តថា​ ៖ «​ដោយ​សារ​​កម្រិត​នៃ​ការអភិវឌ្ឍ​ច្រើន​បែបនេះ បានធ្វើ​ឲ្យ​តម្លៃ​ដីធ្លីនៅក្នុង​ទីក្រុង​នេះ​មាន​ការ​កើនឡើង​​ច្រើនព្រោះ​ដី​មិនកើត​ទេ ប៉ុន្តែ​ចំនួន​មនុស្ស​ចេះតែ​កើន​ឡើង​រហូត​»​។ លោក​​បន្តថា​ ៖ «ពេល​នេះ​ក៏មាន​ចលនា​ពុះ​​ដីឡូត៍​លក់​ច្រើន​ផងដែរ នៅក្នុង​ទីក្រុង​នេះ ដែលជា​ការជួយ​សម្រួល​ដល់​អ្នកមាន​ធនធាន​ល្មមៗ​អាចមាន​ល​ទ្ធ​ភាព​ទិញ​​បាន»។​

​បច្ចុប្បន្ន​ទីក្រុង​តាខ្មៅ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជិត៨​ម៉ឺន​នាក់ មាន​ភូមិ​ចំនួន៣៨ និង​​សង្កាត់​ចំនួន​៦​។​​លោក ធៀ​ម បាន​បន្តថា​ ៖ «ការ​សាង​សង់បុរី​ច្រើន​នៅ​ទីក្រុង​នេះ នឹង​ជួយ​សម្រួល​ដល់​ប្រជាជន​ដែល​មាន​ប្រាក់​កម្រិត​សម​ល្មម អាច​មាន​លទ្ធ​ភាព​ទិញ​យកមក​រស់នៅ​បាន​»៕

Source From: www.postkhmer.com