កម្ពុ​ជា​មាន​តម្រូវការ​ផ្លូវ​ល្បឿន​លឿន​ជាង​២០០០​គីឡូម៉ែត្រ​
Saturday, 04 June 2016

ភ្នំពេញ ៖ ​ការសិក្សា​ថ្មី​មួយ​បាន​​រក​ឃើញថា​ កម្ពុ​ជា​ មាន​តម្រូវការ​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ជាង​២០០០​គីឡូម៉ែត្រ ​ដើម្បី​រួមចំណែក​លើក​កំពស់​សេដ្ឋកិច្ច​សង្គម​ និង​បង្កើន​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ ជាមួយ​ប្រទេស​ក្នុង​តំបន់​។

លោក​ ឈឹម ផល្លា ​ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ ​ទទួលបន្ទុក​គំរោង​ជប៉ុន​នៃ​ក្រសួង​សាធារណៈការ ​និង​ដឹកជញ្ជូន​ បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ​តាម​ការសិក្សា​បាន​រក​ឃើញថា កម្ពុជា​ត្រូវការ​ផ្លូវ​ល្បឿន​លឿន​ជាង​២០០០​គីឡូម៉ែត្រ​ ដើម្បី​សម្រួលការ​ដឹកជញ្ជូន និង​លើក​កំពស់​សេដ្ឋកិច្ច​កម្ពុជា ប៉ុន្តែ​ក្នុងចំណោម​នោះ​ក្រសួង​បាន ​និង​កំពុង​គិតពី​ការស្ថាបនា​ផ្លូវ​អាទិភាព​ជាមុន គឺ​ផ្លូវ​ល្បឿន​លឿន​ចេញពី​រាជធានី​ភ្នំពេញ ​ទៅកាន់​ក្រុង​បាវិត ព្រំប្រទល់​ជាមួយ​ប្រទេស​វៀតណាម ដែល​កំពុង​សិក្សា​ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន ​(JICA)​ និង​ផ្លូវ​ល្បឿន​លឿន​ចេញពី​រាជធានី​ភ្នំពេញ ​ទៅកាន់​ខេត្ត​ព្រះសីហនុ ដែល​កំពុង​សិក្សា​ដោយ​ប្រទេស​ចិន​។


​លោក ​បន្តថា ឆ្លើយតប​នឹង​តម្រូវការ​នេះ ទើប​ក្រសួង​សាធារណៈការ ​និង​ដឹក ជញ្ជូន​បាន​បង្កើត​នាយកដ្ឋាន​ថ្មី​មួយ​ឈ្មោះ​នាយកដ្ឋាន​ផ្លូវ​ល្បឿន​លឿន ដើម្បី​ធ្វើ​ការងារ​នេះ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។

លោក​បណ្ឌិត​ ម៉ី កល្យាណ​ ទីប្រឹក្សា​ជាន់ខ្ពស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​ បាន​ថ្លែងថា ​ការកសាង​ហេ​ដ្ឋា ​រចនា​ស​ម្ព័​ន្ធ​ ដូចជា ផ្លូវ កំពង់ផែ និង​ស្ពាន​គឺជា​ការ​បើក​ឱកាស​ច្រើន​សម្រាប់​សេដ្ឋកិច្ចជាតិ ព្រោះ​ហេ​ដ្ឋា​ រចនា​ស​ម្ព័​ន្ធ ​នៅ​កម្ពុជា​បច្ចុប្បន្ន​នៅមាន​ភាព​ទន់ខ្សោយ​នៅឡើយ ដូច្នេះ​ការ​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ធ​ នានា​គឺជា​កត្តា​គន្លឹះ ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ​។

កាលពីពេល​ថ្មីៗ​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន ​សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ដាក់ចេញ​នូវ​គោលនយោបាយ​ថ្មី​មួយ​ដោយ​បង្វែរ​ការចាប់អារម្មណ៍ ចំពោះ​ការ​វិនិយោគ​លើ​វិស័យ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ធ​ នានា ដើម្បី ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ​និង​លើក​កំពស់​សេដ្ឋកិច្ច​កម្ពុជា​ ឲ្យ​កាន់​តែ​មាន​ភាព​ប្រកួតប្រជែង​៕

Source From: www.bayontv.com.kh