ទីផ្សារ​អាផាតមិន​ បង្ហាញ​សញ្ញា​នៃ​ការ​កើន​ឡើង
THURSDAY, 02 June 2016

ខណៈ​ដែល​កំណើន​ទីផ្សារ​ខុនដូ​នៅ​ប្រទេស​កម្ពុជា មាន​ការ​យឺតយ៉ាវ ទីផ្សារ​អាផាតមិន​នឹង​ត្រូវ​ពង្រីក​បន្ថែម។

អ្នក​នាង អាន ធីតា នាយិការង ជាន់​ខ្ពស់ គ្រប់គ្រង នៅ​ក្រុមហ៊ុន CBRE កម្ពុជា បាន​និយាយ​ក្នុង​បទ​បង្ហាញ​នៅ​ក្នុង​សន្និសីទ Real Estate Market & Outlook នៅ​ដើម​ឆ្នាំនេះ​ថា ទីក្រុង​ភ្នំពេញ មាន​ការ​ផ្គត់ផ្គង់​គ្រប់គ្រាន់​សម្រាប់​ការ​សាងសង់​សំណង់​អាផាតមិន​។ យោង​តាម​ការស្រាវជ្រាវ​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន CBRE បាន​ឲ្យ​ដឹងថា អត្រា​ប្រើប្រាស់​ដីធ្លី​សម្រាប់​ការ​សាងសង់​អាផាតមិន នៅ​ទីក្រុង​ភ្នំពេញ មាន​រហូតដល់ ៨៥,៨០​ភាគរយ​។

​របាយការណ៍​ឆ្នាំ​២០១៥ របស់​ក្រុមហ៊ុន CBRE កម្ពុជា បាន​បង្ហាញ​ថា មាន​ជន​បរទេស​ប្រមាណ​ជា ៣៥០០០​នាក់ បាន​ស្នើសុំ​ការ​អនុញ្ញាត​មក​ធ្វើការ​នៅ​ប្រទេស​កម្ពុជា​រាល់​ឆ្នាំ បើ​ប្រៀបធៀប​ជាមួយ​នឹង​អត្រា​ផ្គត់ផ្គង់​នៃ​សំណង់​អាផាតមិន នៅ​ទីក្រុង​ភ្នំពេញ ដែល​មាន​ចំនួន ៦៤៩៤​យូនីត​។

អតុល្យភាព​នៃ​ការ​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​នេះ គឺជា​ហេតុ​ផល​សំខាន់​មួយ​នៃ​ការ​ឡើង​តម្លៃ នៃ​សំណង់​អាផាតមិន​នៅ​ក្នុង​ទីផ្សារ បើ​ប្រៀបធៀប​នឹង​ទីផ្សារ​អាផាតមិន​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ និង​ទីក្រុង​ហូជីមិញ​។

អត្រា​ឈ្នួល​ផ្ទះ​ប្រចាំ​ខែ នៅ​ក្នុង​តំបន់​បឹង​កេងកង និង​តំបន់​ដូនពេញ ជា​តំបន់​ពេញ​និយម មាន​តម្លៃ​រហូត​ដល់ ៣៥០០​ដុល្លារ​អាមេរិក ក្នុង​មួយ​ខែ​។

លោក Jeremiah lee ប្រធាន​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​អភិវឌ្ឍន៍ Kingsland Global មាន​ទីតាំង​នៅ​ប្រទេស​សិង្ហបុរី បាន​និយាយ​ថា ៖ «​ខណៈ​ដែល​ប្រទេស​កម្ពុជា ត្រូវ​បាន​ចាត់​ទុក​ជា​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​ខ្លាំង មាន​ជីវភាព​រស់នៅ​ល្អ និង​ការ​កើន​ឡើង​នៃ​អ្នក​ទេសចរ​បរទេស និង​សមត្ថភាព​ប៉ិន​ប្រសប់ វា​បាន​បង្កើត​ឲ្យ​មាន​តម្រូវ​ការ​គេហដ្ឋាន និង​ការ​រស់នៅ​ដែល​មាន​ស្តង់ដារ និង​គុណភាព​ខ្ពស់​»​។

ក្រុមហ៊ុន Kingsland នឹង​ឈាន​ជើង​ចូលក្នុង​វិស័យ​អាផាតមិន នៅ​ទីក្រុង​ភ្នំពេញ ដោយ​មាន​គម្រោង​សាងសង់ One18 Residences Project មាន​ទីតាំងនៅ​លើផ្លូវ​១១៨ ដែល​ជិត​នឹង​បញ្ចប់​ការសាងសង់​ហើយ​នា​ពេល​នេះ​។

អ្នក​នាង ធីតា បាន​លើក​ឡើង​ថា បើ​មើល​ក្នុង​រូបភាព​ធំ​វិញ ទាក់ទង​នឹង​ទីផ្សារ​អាផាតមិន​ក្នុង​តំបន់​ទីក្រុង​ភ្នំពេញ មាន​អត្រា​ឈ្នួល​ទាប​ជាង​គេ​សម្រាប់​អាផាតមិន ដែល​មាន​គុណភាព​ខ្ពស់​បើ​ប្រៀប​ធៀប​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដី​គោក​ដែល​រាប់​ចាប់​ពី​អាផាតមិន ដែល​មាន​បន្ទប់​គេង​១​ដល់​អាផាតមិន​ដែល​មាន​បន្ទប់​គេង​៣​។

ប៉ុន្តែ​លោក Sofia Perez ប្រធាន​ផ្នែក​ស្រាវជ្រាវ និង​ប្រឹក្សា​យោបល់​នៅ​ក្រុមហ៊ុន Knight Frank កម្ពុជា បាន​និយាយ​ថា ៖ «​វា​មិន​សម​ហេតុផល​ទេ បើ​យើង​ស្វែងរក​សំណង់​អាផាតមិន​នៅ​តំបន់​ដាច់​ស្រយាល​ជា​ពិសេស​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​គម្រោង​សាង​សង់​ខុនដូ អាច​ប្រែ​ក្លាយ​ជា​សំណង់​អាផាតមិន​វិញ ឬក៏​ពី​អាផាតមិន​ទៅ​ជា​ខុនដូ​វិញ​នោះ​»​។

លោក Perez បាន​បន្ត​ថា ៖ «​ភាព​ខុស​គ្នា​ធំ​មួយ រវាង​សំណង់​ខុនដូ និង​សំណង់​អាផាតមិន​នៅ​ប្រទេស​កម្ពុជា គឺ​ទាក់ទង​នឹង​ការសុំ​សិទ្ធិ​ធ្វើ​កម្មសិទ្ធិ​។ ទាំង​សំណង់​ខុនដូ និង​សំណង់​អាផាតមិន នៅ​ប្រទេស​កម្ពុជា នៅ​ទំនេរ​សម្រាប់​ជួល ដែល​ធ្វើ​ឲ្យ​អ្នក​ជួល​ទាំង​អស់​នោះ មិន​អាច​កំណត់​ភាព​ខុស​គ្នា​បាន​រវាង​សំណង់​ទាំង​ពីរ​។ អាផាតមិន​ធំៗ និង​ទំនើបៗ​ទាំង​នោះ បាន​ផ្តល់​ឲ្យ​នូវ គ្រឿង​បរិក្ខារ និង​សេវាកម្ម​ដូច​គ្នា​ទៅ​នឹង​សំណង់​ខុនដូ»។

«ដូច្នេះ​ការ​ផ្គត់ផ្គង់​នៃ​សំណង់​គេហដ្ឋាន​សម្រាប់​ជួល​អាច​មាន​ច្រើន​ជាង​តម្រូវ​ការ​ជា​ពិសេស​នៅ​ពេល​ដែល​ការ​ផ្គត់ផ្គង់​ផ្នែក​សំណង់​ខុនដូ នឹង​ធ្វើ​ការ​ដាក់​លក់​អនឡាញ​នៅ​ពេល​ពីរ​ទៅ​បី​ឆ្នាំ​ទៀត ខណៈ​បច្ចុប្បន្ន​នេះ​មាន​សំណង់​ខុនដូ ប្រហែល​ជា ២០០០០​យូនីត ប្រសិន​បើ​គម្រោង​សាងសង់​ទាំង​នោះ​បាន​បញ្ចប់​ទៅ​តាម​កាល​កំណត់​»​។

ធីតា បន្ថែម​ថា មាន​ការ​យល់​ច្រឡំ​ថា តម្លៃ​នៃ​អាផាតមិន​នោះ អាច​កំណត់​ពី​ភាព​ជោគជ័យ​នៃ​វិស័យ​អាផាតមិន​បាន​ខណៈ​ដែល​អាផាតមិន​ទាំង​នោះ​ត្រូវ​បាន​ដាក់​លក់​អនឡាញ​។

លោក Perez ឯកភាព​លើ​ចំណុច​នេះ​ដោយ​លោក​បាន​ថ្លែង​ថា ៖ «​វា​មាន​ភាព​ខុស​គ្នា​ដ៏​សំខាន់​រវាង​សំណង់​ខុនដូ និង​គម្រោង​អភិវឌ្ឍន៍​អាផាតមិន ដែល​មាន​ស្តង់ដារ និង​សំណង់​មួយ​ចំនូន​មិន​បាន​រាប់​បញ្ចូល​ក្នុង​ស្តង់ដារ​ទាំង​នោះ​។ ជាមួយ​គ្នា​ដែរ ខ្ញុំ​គិត​ថា ការ​សាងសង់​គេហដ្ឋាន​ដែល​មាន​គុណភាព គឺ​មិន​ចាំបាច់​សាងសង់​ឲ្យ​មាន​កម្ពស់​ខ្ពស់ ឬ​ទំហំ​ធំ​នោះ​ទេ តែ​ត្រូវ​ធ្វើ​ឡើង​គ្រប់​ខ្នាត​ទាំង​អស់​»​។

នៅ​ក្នុង​ទីក្រុង​ភ្នំពេញ តំបន់​ទួលគោក បាន​រីក​ចម្រើន​គួរ​កត់​សម្គាល់ ហើយ​នឹង​មាន​តម្រូវ​ការ​ខ្ពស់​ផ្នែក​អាផាតមិន ដែលមាន​គុណភាព​ល្អ ទាំង​នេះ​ជា​ការ​លើក​ឡើង​ដោយ​អ្នក​នាង ធីតា​។ រីឯ​តំបន់​ដូន​ពេញ វិញ មាន​អត្រា​ប្រើ​ប្រាស់​ដីធ្លី​ច្រើន​។

អ្នក​នាង ធីតា បាន​ព្រមាន​អ្នក​អភិវឌ្ឍន៍​គម្រោង​ដទៃ​ទៀត​ថា វិស័យ​អាផាតមិន​នៅ​កម្ពុជា​នៅ​មាន​ភាព​លំបាក ដែល​វា​រួម​មាន កង្វះ​ទីធ្លា​ចត​ឡាន​ម៉ូតូ ហើយ​មួយ​ចំនួន​មាន​កង្វះ​ប្រសិទ្ធភាព​ក្នុង​ការ​គ្រប់​គ្រង​សំណង់​។

ប៉ុន្តែ​បើ​សិន​អ្នក​អភិវឌ្ឍន៍​គម្រោង​ទាំង​នោះ​មាន​ជម្រើស​ត្រឹម​ត្រូវ ទីផ្សារ​អាផាតមិន​នៅ​ភ្នំពេញ អាច​ជា​គោល​ដៅ​ដ៏​សំខាន់​ក្នុង​ភាព​ជោគ​ជ័យ​របស់​ពួក​គេ។

អ្នក​នាង ធីតា មាន​ប្រសាសន៍ ថា ៖ «​ប្រសិន​បើ​អ្នក​សាងសង់​អចលនទ្រព្យ​របស់​អ្នក​នៅ​លើ​ទីតាំង​ត្រឹម​ត្រូវ និង​គ្រប់គ្រង​វា​បាន​ល្អ អាផាតមិន​នោះ​នឹង​បង្ក​ភាព​ងាយស្រួល​សម្រាប់​ភាព​ទទួល បាន​ជោគជ័យ​របស់​អ្នក​»៕

Source From: www.postkhmer.com