ចំណាយ​ពេល​៥​ឆ្នាំ ដើម្បី​វិនិយោគ​លើ​ដី​ធំ​ដែល​មាន​សិទ្ធិ​ត្រឹម​អាជីវកម្ម​បណ្តោះ​អាសន្ន
THURSDAY, 02 June 2016

ខាង​ក្រោយ​ផ្សារ​ទំនើប Aeon គេ​ឃើញ​មាន​ភោជនីយដ្ឋាន និង​បារ៍​មួយ​ចំនួន​ដែល​មាន​អតិថិជន​ភាគ​ច្រើន​ជា​យុវវ័យ​កម្ពុជា​។

រៀងរាល់​ល្ងាច​មាន​ការ​ប្រគំ​ភ្លេង​នៅ​តាម​បណ្តា​ហាង​នៅ​ម្តុំ​នេះ​ដែល​ពី​មុន​គឺជា​ដី​ទំនេរ​ទុក​ចោល​មួយ ដែល​មាន​ដើម​ឈើ និង​ស្មៅ​ដុះ​ពាស​ពេញ​។ ទើប​តែ​រយៈ​ពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ​ទេ ដែល​ដី​នៅ​តាម​ផ្លូវ​ធំ​៣​នេះ មាន​ការ​ពុះ​ចែក​ដី​ឡូត៍​សម្រាប់​ធ្វើ​ការ​វិនិយោគ​។

តំបន់​នេះ​អាច​សម្គាល់​បាន​ថា ខាង​កើត​បែរ​ទៅ​មាត់​ទន្លេ ខាង​លិច ទូត​រុស្សី និង​ផ្លូវ​សុធារស ខាង​ត្បូង បែរ​ទៅ AEON ខាង​ជើង បែរ​ទៅ​ផ្លូវ The Bridge ឬ​ផ្លូវ​ដី​ក្រហម ដោយ​សារ​តែ​តំបន់​នេះ​ផ្ទាល់​ពុំ​មាន​លេខ​ផ្លូវ ឬ​ឈ្មោះ​ផ្លូវ​នោះ​ទេ​។

លោក សត្ថា ជា​អ្នក​គ្រប់គ្រង​ដី​តំបន់​នោះ​ម្នាក់​បាន​ប្រាប់​ថា ដី​នៅ​ទី​នោះ​ពុំ​មាន​ឈ្មោះ ឬ​លេខ​ផ្លូវ​ដោយ​សារ​តែ​តំបន់​នោះ គឺជា​តំបន់​អភិវឌ្ឍន៍​ថ្មី​។ លោក​បាន​បន្ត​ថា បង​ប្អូន​របស់​លោក​បាន​ជួល​ដី​នោះ​ពី​អ្នក​ជំនួញ​ល្បី​ម្នាក់ ហើយ​លោក​ក៏​បាន​ជួល​ទៅ​ឲ្យ​ហាង​បន្ត​ទៀត​។

អ្នក​ជំនាញ​ជាន់​ខ្ពស់​ផ្នែក​អចលនទ្រព្យ​នៅ CVEA ដែល​បដិសេធ​សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយ​បាន​បញ្ជាក់​ថា ដី​នោះ គឺជា​ដី​របស់​លោក​ឧកញ៉ា គិត ម៉េង ដែល​ជា​ឧកញ៉ា​ដែល​មាន​ឈ្មោះ​ល្បី​ខាង​ផ្នែក​ជំនួញ​មួយ​រូប​នៅ​ប្រទេស​កម្ពុជា​។ នៅ​លើ​ប្លង់​ដី ផ្លូវ​នៅ​លើ​ដី​នោះ គេ​អាច​ដាក់​បាន​ត្រឹម​តែ​ជា​«​ផ្លូវ​សាធារណៈ​»។

លោក សត្ថា បាន​បើក​អាជីវកម្ម​នៅ​តំបន់​នោះ ដោយ​មាន​កុងត្រា​ជួល​រយៈពេល​៣​ឆ្នាំ​ហើយ​ការ​បន្ត​កុងត្រា​គឺ​អាស្រ័យ​ទៅ​លើ​ការ​ចរចា​។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​លោក​បាន​បន្ត​ថា តំបន់​នោះ នឹង​អភិវឌ្ឍ​ទៅ​ជា​គម្រោង​ធំ​មួយ​នៅ​ក្នុង​រយៈពេល​៦​ឆ្នាំ​ខាង​មុខ​ទៀត​។

អ្នក​ជំនាញ​ជាន់​ខ្ពស់​ខាង​ផ្នែក​អចលនទ្រព្យ​បាន​ថ្លែង​ថា​ ៖ «​ដី​នេះ​គឺ​គេ​ត្រូវ​តែ​សាងសង់​ហើយ​។ ជួល​រាល់​ថ្ងៃ​គឺ​ជួល​រយៈពេល​ខ្លី​ទេ​ដោយ​សារ​តែ​ស្ថានភាព​បន្ចុប្បន្ន»​។ លោក​បាន​បន្ត​ថា ប្រសិន​បើ​ដី​នោះ​អភិវឌ្ឍ​ក្នុងពេល​ឥឡូវនេះ នឹងមិន​មាន​អ្នក​ដែល​លក់​ទៅ​ឲ្យ​ទេ ព្រោះ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​នៅ​មាន​លក្ខណៈ​តូច​ចង្អៀត​នៅ​ឡើយ​។

លោក​បាន​បន្ថែម​ថា​ ៖ «​ឆ្នាំ​២០១៥ ដល់​២០១៨ គេ​អត់​សាង​សង់​ទេ​។ គេ​ចាំ​ដល់ GDP យើង​ឡើង​ដល់​២០០០​ដុល្លារ ហើយ​ប្រជាជន​រស់​នៅ​ក្នុង​ទីក្រុង​កើន​ឡើង​ច្រើន​ជាង​ពេល​នេះ ទើប​គេ​នឹង​សាងសង់​។ គេ​នឹង​សាង​សង់​យ៉ាង​ហោច​ណាស់​ក៏​នៅ​ឆ្នាំ​២០១៩ ឬ​២០២០ដែរ ​ទើប​បាន​គេ​សាងសង់​»​។

ដោយ​សារ​តែ​ទីតាំង​អំណោយ​ផល​ដី​ទំហំ​៤​ហិកតា​នេះ​មាន​តម្លៃ​យ៉ាង​ហោច​ណាស់​ក៏ ៤០០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ដែរ​។ ផ្លូវ​នៅ​ផ្នែក​ខាង​ជើង​នៃ​ដី​នេះ​មាន ទទឹង​ទំហំ​៣០​ម៉ែត្រ​។

អ្នក​ជំនាញ​មួយ​រូប​នោះ​បាន​ប្រមើល​មើល​ថា គម្រោង​ដែល​នឹង​អភិវឌ្ឍ​នៅ​ដី​នោះ អាច​ជា​សណ្ឋាគារ​អគារ​ ការិយាល័យ ឬ​ខុនដូ​។ លោក​បាន​សង្កត់​ធ្ងន់​ថា តំបន់​នោះ នឹង​ត្រូវ​តែ​អភិវឌ្ឍ​នៅ​ក្នុង​រយៈពេល ៥​ឆ្នាំ​ទៀត​។

ខណៈ​ពេល​ដែល​គម្រោង​ធំ​នេះ​នៅ​ពុំ​ទាន់​មាន​លេច​ចេញ​ជា​រូប​រាង​នៅ​ឡើយ គេ​សង្កេត​ឃើញ​មាន​ភោជនីយដ្ឋាន​ថ្មី​មួយ​ចំនួន​បាន​បើក ហើយ​ក៏​ឃើញ​មាន​ភោជនីយ​ដ្ឋាន​ចាស់ៗ​មួយ​ចំនួន​ក៏​បាន​បិទ​ទ្វារ​វិញ បន្ទាប់ពី​បាន​ធ្វើ​អាជីវកម្ម​អស់​រយៈពេល​ប៉ុន្មាន​ខែ​ក្រោយ​មក​។

លោក សត្ថា បាន​ឲ្យ​ដឹង​ថា មូល​ហេតុ គឺ​ដោយ​សារ​តែ ៖ «​អ្នក​ដែល​មក​កន្លែង​នេះ គឺជា​អ្នក​ដែល​មាន​ឋានៈ​ខ្ពង់ខ្ពស់​។ ហាង​បើក​ធម្មតា​ទប់​មិន​រួច​ទេ​»​។

ហាង Zest ដែល​ជា​ហាង​ថ្មី​ទើប​តែ​នឹង​បើក​មួយ ដែល​ហាង​នេះ គឺ​ធ្លាប់​ជា​ហាង Blue Monkey ដោយ​មាន​ម្ចាស់​តែ​មួយ​។ អ្នក​នាង​បាន​បើក​ហាង Blue Monkey អស់​រយៈពេល​មួយ​ឆ្នាំ មុន​នឹង​បិទ​ឈប់​ធ្វើ​អាជីវកម្ម​។ មូល​ហេតុ​ដែល​អ្នក​នាង​បាន​ប្តូរ​ឈ្មោះ​ហាង គឺ​មក​ពី​ហាង Blue Monkey របស់​អ្នក​នាង​មិន​បាន​រក​ចំណូល​បាន​ច្រើន ដូច​ជា​ការ​គ្រោង​ទុក​។ ដោយ​ហាង Blue Monkey បាន​ផ្តោត​ទៅ​លើ​អតិថិជន​លក្ខណៈ​គ្រួសារ ហាង Zest របស់​អ្នក​នាង គឺ​ផ្តោត​លើ​ការ​ទាក់​ទាញ​យុវវ័យ​ខ្មែរ ដែល​មាន​បំណង​ចង់​ទៅ​ផឹក​ស្រា​ក្រឡុក ហើយ​ទស្សនា​ការ​ប្រគំ​តន្ត្រី​។

ពេល​ដែល​សួរ​ថា តើ​អ្នក​នាង​នឹង​ធ្វើ​យ៉ាង​ណា​ប្រសិន​បើ​មាន​គម្រោង​អភិវឌ្ឍន៍​ហើយ​ហាង​របស់​អ្នក​នាង​ត្រូវ​តែ​បិទ​ទ្វារ អ្នក​នាង​បាន​ប្រាប់​ថា អ្នក​នាង​មិន​ព្រួយ​ពី​បញ្ហា​នេះ​ទេ ព្រោះ​ពេល​នោះ​ហាង​ផ្សេងៗ​ទៀត ​ដែល​នៅ​តំបន់​នោះ​ក៏​ត្រូវ​បិទ​ទ្វារ​ដែរ មិន​មែន​តែ​ហាង​របស់​អ្នក​នាង​តែ​មួយ​នោះ​ទេ​។

ទោះ​ជា​យ៉ាង​ណា​ក្តី អ្នក​នាង​បាន​បន្ត​ថា អ្នក​នាង​ពុំ​បាន​ទទួល​ព័ត៌មាន​ពី​ម្ចាស់​ជួល​ដី​អំពី​គម្រោង​វិនិយោគ​ក្នុងពេល​ឆាប់ៗ​នេះ​ទេ ហើយ​អ្នកនាង​ក៏​មិនដឹង​ដែរ​ថា តើ​អ្នកនាង​អាច​នឹង​ជួល​ដី​នោះបាន​ដល់​រយៈ​ពេល​ណា​ដែរ​។

​បើ​ទោះ​ជា​លោក សត្ថា បាន​និយាយ​ថា លោក​ពុំ​ដឹង​ថា​លោក ឬ​អ្នក​ជំនួញ​នៅ​ទីនោះ​នឹងធ្វើ​យ៉ាង​ណា​​នៅ​ពេល​ដែល​គម្រោង​វិនិយោគ​នោះ​នឹង​ត្រូវ​បាន​ដាក់​ដំណើរ​ការ​ក៏​ដោយ អ្នក​ជំនាញ​ជាន់​ខ្ពស់​របស់ CVEA បាន​ពន្យល់ថា សម្រាប់​កុងត្រា​ជួល​បែប​នេះ​ហាង​ដែល​ជួល​នោះ​ផ្ទាល់​នឹង​មិន​ត្រូវ​បាន​ផ្តល់​ជា​សំណង​នោះ​ទេ​។

លោក​បាន​បន្ត​ថា​ ៖ «​ពួក​គេ​នឹង​ត្រូវ​រុះរើ​ហាង​របស់​គេ​ដោយ​ខ្លួន​ឯង​»៕

Source From: www.postkhmer.com