តំបន់​ភាគ​ខាង​ត្បូង​រាជធានី​ភ្នំពេញ​កំពុង​តែ​ទាក់​ទាញ​អ្នក​វិនិយោគ
THURSDAY, 02 June 2016

ការ​តភ្ជាប់​ផ្លូវ​សម្តេច​តេជោ ហ៊ុន សែន ទំហំ​៦០​ម៉ែត្រ និង​មាន​បណ្តោយ​ជាង​៩​គីឡូម៉ែត្រ ព្រម​ទាំង​ការ​ពង្រីក​ផ្លូវ​ក្រវាត់​ក្រុង​ចេញពី​ផ្លូវ​ជាតិ​លេខ​២ ទៅ​ភ្ជាប់​ជាមួយ​ផ្លូវ​ជាតិ​លេខ​៣ បាន​និង​កំពុង​ក្លាយ​ជា​កម្លាំង​ចលករ​យ៉ាង​សំខាន់ ដែល​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ជាច្រើន​កំពុង​មាន​ការ​ចាប់​អារម្មណ៍​។

វត្តមាន​រោងចក្រ សហគ្រាស​ជា​ច្រើន​បាន​និង​កំពុង​កសាង​នៅ​តំបន់​ខាង​លើ នេះ​ជា​អ្វី​ដែល​អ្នក​វិនិយោគ​មើល​ឃើញ​ពី​ភាព​ងាយ​ស្រួល​ក្នុង​ការ​ស្វែងរក​កម្លាំង​ពលកម្ម ការ​ដឹក​ជញ្ជូន​មាន​ចម្ងាយ​ជិត​ទៅ​កាន់​ព្រំដែន​វៀតណាម ខណៈ​រដ្ឋាភិបាល​គ្រោង​ស្ថាបនា​ផ្លូវ​ក្រវាត់​ក្រុង​ថ្មី​ទំហំ​៦០​ម៉ែត្រ ចេញ​ពី​តំបន់​ព្រៃ​ទទឹង តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣ មក​កាន់​ផ្លូវ​ជាតិ​លេខ​២ ឆ្ពោះ​ទៅ​កាន់​ស្រុក​ស្អាង ព្រំ​ប្រទល់​ប្រទេស​វៀតណាម​នា​ពេល​ខាង​មុខ​។

លោក មុំ សុខឿន ស្មៀន​ឃុំ​ព្រែក​រកា ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល​បាន​ថ្លែង​ថា បច្ចុប្បន្ន​មាន​រោង​ចក្រ​ជិត​២០ ហើយ បាន​និង​កំពុង​ដំណើរ​ការ​នៅ​ក្នុង​មូលដ្ឋាន​នេះ និង​មាន​សកម្មភាព​ចាក់​ដី​ថ្មីៗ​ជាច្រើន ដែល​តាម​ព័ត៌មាន​ពី​លោក​អភិបាល​ស្រុក​បាន​ឲ្យ​ដឹង​ថា នឹង​មាន​រោងចក្រ​ថ្មីៗ​ជា​ច្រើន​បើក​នៅ​តំបន់​នេះ​នា​ពេល​ខាង​មុខ​។ លោក​បន្ត​ថា ពី​មុន​តម្លៃ​ដី​នៅ​ក្នុង​ស្រុក​កណ្តាល​ស្ទឹង និង​ស្រុក​បាទី​មាន​សភាព​ស្ងប់​ស្ងាត់ ទើប​តែ​រយៈពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ​ដី​ធ្លី​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ជាក់​ស្តែង​ដី​នៅ​ជាប់​អម​ផ្លូវ​ជាតិ​លេខ​២​ដែល​មាន​ចម្ងាយ​ពី​ភូមិសាស្ត្រ​របស់​រាជធានី​ភ្នំពេញ គឺ​ក្នុង​រង្វង់​ពី​២-៣​គីឡូម៉ែត្រ​ពី​ព្រំ​ប្រទល់​រាជធានី ក៏​មាន​តម្លៃ​ចន្លោះ​ពី៧៥​ ទៅ​៨០​ដុល្លារ ក្នុង​មួយ​ម៉ែត្រ​ការ៉េ​។ ចំណែក​ឯ​ដី​ចេញ​ឆ្ងាយ​ពី​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​៤ ​ទៅ​៥​គីឡូម៉ែត្រ​ដី​មាន​តម្លៃ​៤០ ​ទៅ​៥០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​។

លោក​បន្ត​ថា ចំណែក​ដី​នៅ​ផ្នែក​ខាង​ក្នុងៗ​ពី​ផ្លូវ​ជាតិ​លេខ​២ និង​ផ្លូវ​ជាតិ​លេខ​៣៨ មាន​តម្លៃ​ចាប់​ពី​៨ ​ទៅ​១០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ និង​មាន​សកម្មភាព​ពុះ​ដីឡូត៍​លក់​ជា​ច្រើន​ហើយ​មាន​ការ​លក់​ដាច់​ជា​បន្ត​បន្ទាប់​ផង​ដែរ​។

លោក មុំ សុខឿន បាន​សម្តែង​ក្តី​រំពឹង​ទុក​ថា​ ៖ «​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ខាង​មុខ ភូមិសាស្ត្រ​ស្រុក​កណ្តាល​ស្ទឹង និង​ផ្នែក​ខ្លះ​របស់​ស្រុក​បាទី ខេត្ត​តាកែវ តម្លៃ​ដី​នឹង​កើន​ឡើង​ខ្ពស់​បន្ថែម​ទៀត ហើយ​សេដ្ឋកិច្ច​ប្រជា​ពលរដ្ឋ​នឹង​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​»​។ លោក​បន្ត​ថា​៖ «អ្នក​នៅ​ក្នុង​មូលដ្ឋាន​នេះ​មាន​ដី​ច្រើនៗ ហើយ​ក្នុង​មួយ​គ្រួសារៗ សុទ្ធ​តែ​មាន​កូន​មួយ​គ្រួសារ​ពីរ​ ឬ​បី​នាក់​ធ្វើ​ការ​នៅ​តាម​រោងចក្រ​សហគ្រាស​នានា ដែល​ធ្វើ​ឲ្យ​ពួក​គេ​កាន់​តែ​មាន​ជីវភាព​ធូរធារ​មួយ​កម្រិត​បន្ថែម​ទៀត​»​។

ទាក់ទង​នឹង​ភូមិសាស្ត្រ​តំបន់​នេះ លោក​ស្មៀន​ឃុំ​ព្រែក​រកា បាន​ឲ្យ​ដឹង​ថា តំបន់​នេះ​មិន​សូវ​ប្រឈម​មុខ​នឹង​ទឹក​ជំនន់​នោះ​ទេ​ ពិសេស​តំបន់​ស្ថិត​នៅ​ប្រប​ផ្លូវ​ជាតិ​លេខ​២ ប៉ុន្តែ​តំបន់​ស្ថិត​នៅ​ស្រប​នឹង​ផ្លូវ​ជាតិ​លេខ​៣៨​ដែល​ចេញ​ពី​រង្វង់​មូល​គួរ​ស្រូវ​ឆ្ពោះ​ទៅ​កាន់​តំបន់​កំពង់ទួល ក្បែរ​ផ្លូវ​ជាតិ​លេខ​៣ គឺ​ឧស្សាហ៍​ប្រឈម​មុខ​នឹង​ទឹក​ជំនន់ ដោយ​សារ​តំបន់​នេះ​ស្ថិត​នៅ​ជាប់​ស្ទឹង​ព្រែក​ត្នោត​។

លោក ពឹង សុង ម្ចាស់​អាជីវកម្ម​បូម​ខ្សាច់​លក់ ស្ថិតក្នុង​ភូមិ​សាស្ត្រ​ស្រុក​កណ្តាល​ស្ទឹង ដែល​ឈរ​ជើង​នៅតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២ បាន​ថ្លែងថា តម្លៃ​ដីធ្លី​នៅ​តំបន់​នេះ​បាន​ឡើងថ្លៃ​រើបៗ​ជា​បន្ត​បន្ទាប់ ជាក់ស្តែង​ដី​នៅ​ជាប់​ផ្លូវ​ជាតិ​លេខ​២ មិនអាច​ទិញ​បាន​ក្រោម​តម្លៃ ១០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​នោះទេ​។ ចំណែក​ដីស្រែ ដែល​គ្មាន​ផ្លូវ​ក៏មាន​តម្លៃ៤​ ទៅ​៥​ដុល្លារ និង​ដី​នៅជាប់​ផ្លូវ​តូចៗ​ដែលចុះ​ពី​ផ្លូវជាតិ​លេខ​២​ប្រវែង​ពីរ​ទៅ​បី​គីឡូម៉ែត្រក៏មាន​តម្លៃ១០​ទៅ​២០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ផងដែរ​។

លោក​បន្ត​ថា​ ៖ «​តំបន់​នេះ​នឹង​មាន​ការ​រីក​ចម្រើន​លឿន​នាពេល​អនាគត ព្រោះ​សាលា​ក្រុង​ភ្នំពេញ​គ្រោង​កសាង​ផ្លូវ​ទំហំ​៦០​ម៉ែត្រ ចេញពី​តំបន់​ព្រៃ​ទទឹង​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣ មក​កាន់​ផ្លូវ​ជាតិ​លេខ​២ ឆ្ពោះទៅ​កាន់​ស្រុក​ស្អាង​ព្រំ​ប្រទល់​ប្រទេស​វៀតណាម​នា​ពេល​ខាង​មុខ​នេះ»។

លោក​បន្ត​ថា​ ៖ «​ដី​ទំនេរ​ធំៗ​ត្រូវ​បាន​អ្នក​មាន​អំណាច​ប្រមូល​ទិញ​យក​អស់​ទៅ​ហើយ​នៅ​តំបន់​នេះ ព្រោះ​ពួក​គេ​ដឹង​ពី​គម្រោង​អភិវឌ្ឍន៍​មុន​យើង​»​។

លោក ងួន ឆៃលាង អគ្គនាយក​ក្រុមហ៊ុន RATANAKA Realty ដែល​កំពុង​ដើរ​តួ​ជា​ភ្នាក់ងារ​លក់​ផ្តាច់​មុខ​នៃ​គម្រោង​សុរិន្ទ​ភូមិ ដែល​កំពុង​វិនិយោគ​ដោយ​ក្រុមហ៊ុន​ PACRIM CAMBLOSSOM DEVELOPMENT Co., Ltd. បាន​ថ្លែង​ថា តំបន់​ភាគ​ខាង​ត្បូង​រាជធានី​ភ្នំពេញ ជា​តំបន់​មាន​សក្តានុពល​ខ្ពស់ ដោយ​សារ​ការ​ពង្រីក​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​រដ្ឋាភិបាល ជា​ពិសេស​ការ​តភ្ជាប់​មហា​វិថី​សម្តេច​តេជោ ដែល​មាន​ទទឹង​ទំហំ​៦០​ម៉ែត្រ នឹង​ធ្វើ​ឲ្យ​តំបន់​នេះ​កាន់​តែ​មាន​ការ​រីក​ចម្រើន​ខ្លាំង​។

លោក​បន្ត​ថា​ ៖ «​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស Kerry World Bridge ដែល​អាច​ផ្តល់​ការងារ​ដល់​ប្រជា​ពលរដ្ឋ​ជាង ២៦០០០​នាក់ និង​ការ​កសាង​រោងចក្រ សហគ្រាស​ ជាច្រើន​នៅ​ប្រប​ផ្លូវ​ជាតិ​លេខ​២ ក្នុង​ស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល និង​ស្រុក​បាទី ខេត្ត​តាកែវ ពិត​ជា​នឹង​ហុច​សក្តានុពល​ខ្ពស់​នៅ​តំបន់​នេះ​បន្ថែម​ទៀត​»​។

លោក​បន្ត​ថា​ ៖ «តំបន់​ភាគ​ខាង​ត្បូង​រាជធានី​ភ្នំពេញ មាន​តម្លៃ​ដី​សម​ល្មម​នៅ​ឡើយ ដែល​អាច​វិនិយោគ​បាន បើ​ធៀប​នឹង​តំបន់​ភាគ​ខាង​ជើង​រាជធានី​ភ្នំពេញ គឺ​ផ្ទៃ​ដី​នៅ​ភាគ​ខាង​ជើង​បាន​ឡើង​ថ្លៃ​ខ្ពស់​ពិបាក​ក្នុង​ការ​វិនិយោគ​រួច​ទៅ​ហើយ​»​។

អ្នក​ឧកញ៉ា សៀ រីទ្ធី អគ្គនាយក​ក្រុមហ៊ុន World Bridge Land ដែល​បាន​និង​កំពុង​វិនិយោគ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២ ក្នុង​ទំហំ​ដី ៦៣​ហិកតា និង​ដាក់​ឈ្មោះ​តំបន់​សេដ្ឋកិច្ច​ពិសេស​ឈ្មោះ Kerry World Bridge បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២ ព្រោះ​វា​ជា​តំបន់​យុទ្ធសាស្ត្រ ដែល​ងាយ​ស្រួល​ក្នុង​ការ​តភ្ជាប់​ជាមួយ​ផ្លូវ​ជាតិ​លេខ​៣ ផ្លូវ​ជាតិ​លេខ​៤ និង​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​។

លោក​បន្ត​ថា​ ៖ «​តំបន់​ស្ថិត​នៅ​ប្រប​ផ្លូវ​ជាតិ​លេខ​២ ជា​តំបន់​មាន​សណ្ឋាន​ដី​ខ្ពស់ ដែល​លោក​មិន​ដែល​ឃើញ​មាន​ទឹក​ជំនន់​នោះ​ទេ ហើយ​ថ្ងៃ​ក្រោយ​តំបន់​នេះ​នឹង​ជា​តំបន់​លំនៅឋាន ព្រោះ​វា​ស្ថិត​នៅ​ជិត​ទីក្រុង​ភ្នំពេញ​មែន​ទែន​»​។ លោក​បន្ត​ថា​ ៖ «​នៅ​ពេល​ផ្លូវ​សម្តេច​តេជោ​ហ៊ុន សែន ​បើក​ឲ្យ​ដំណើរ​ការ តំបន់​នេះ​នឹង​មាន​ការ​អភិវឌ្ឍ​លឿន​ខ្លាំង​»​។

តាំង​ពី​ច្រើន​ឆ្នាំ​មក​ហើយ និង​ជា​ការ​រំឭក​ចុង​ក្រោយ​កាល​ពី​ឆ្នាំ​២០១៤ វីរ​ស្ថាបត្យករ​កម្ពុជា​លោក វណ្ណ មូលីវណ្ណ ធ្លាប់​បាន​ផ្តល់​អនុសាសន៍​ឲ្យ​រាជ​រដ្ឋាភិបាល​អភិវឌ្ឍ​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង ដោយ​សារ​តំបន់​ភាគ​ខាង​ត្បូង​មាន​សណ្ឋាន​ដី​ខ្ពស់ និង​មិន​ប្រឈម​មុខ​នឹង​ទឹក​ជំនន់​នា​ពេល​អនាគត​។

លោក ប៉ែន សុខុម ប្រជាជន​រស់នៅ​ភូមិ​ព្រែក​រកា ឃុំ​ព្រែករកា ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល បាន​និយាយ​ថា តម្លៃ​ដី​នៅ​ក្នុង​មូលដ្ឋាន​របស់​លោក​បាន​និង​កំពុង​ឡើង​ថ្លៃ ជាក់​ស្តែង​លោក​ទើប​លក់​ដី​បឹង​ទំហំ ៣០​អា ក្នុង តម្លៃ ៥​ដុល្លារ​អាមេរិក ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ កាល​ពី​ពេល​ថ្មីៗ​នេះ​។

លោក​បាន​បន្ត​ទៀត​ថា តម្លៃ​ដី​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​មាន​តម្លៃ​ចន្លោះ​ពី ៤០ ទៅ ៥០​ដុល្លារ ក្នុង​មួយ​ម៉ែត្រ​ការ៉េ និង​ដី​នៅ​តាម​ផ្លូវ​លំ​តូចៗ​ចម្ងាយ​ប្រមាណ​១​គីឡូម៉ែត្រ​ពី​ផ្លូវ​ជាតិ មាន​តម្លៃ​ចន្លោះ​ពី៧ ទៅ​១០​ដុល្លារ ក្នុង​មួយ​ម៉ែត្រ​ការ៉េ​។

លោក សុខុម បន្ត​ថា ៖ «​ខ្ញុំ​ជឿ​ជាក់​ថា ដី​តំបន់​នេះ​នឹង​ឡើង​ថ្លៃ​បន្ថែម​ទៀត​នា​ពេល​អនាគត ដូច្នេះ​អ្នក​មាន​លទ្ធភាព​ទិញ​ដី​ទុក​នៅ​តំបន់​នេះ​នឹង​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​ជា​ប្រាកដ នា ពេល​អនាគត​»។

ភូមិ​ព្រែក​រកា ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២ មាន​ចម្ងាយ​ប្រមាណ​៧​គីឡូម៉ែត្រ ពី​សង្កាត់​ត្រពាំង​ថ្លឹង ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​៕

Source From: www.postkhmer.com