តើ​គម្រោង​សង់​ទីក្រុង​ថ្មី​នៅ​កម្ពុជា​របស់​ក្រុមហ៊ុន​ចិន​​ អាច​ទៅ​មុខ​រួច​ដែរ​ឬ​ទេ?
THURSDAY, 02 June 2016

ចំនួន​ទឹក​ប្រាក់​៥០០០​លាន​ដុល្លារ​អាមេរិកសម្រាប់​សាង​សង់​​ទីក្រុង​ថ្មី​មួយ​នៅ​កម្ពុជា ដែល​គ្រោង​វិនិយោគ​ដោយ​ក្រុមហ៊ុន​យក្ស​មួយ​មកពី​ប្រទេស​ចិន Country Garden Holdings Company Limited ស្ថិត​នៅ​តែ​ជា​សំណួរ​នៅ​ឡើយ ខណៈ​អ្នក​ជំនាញ​ក្នុង​វិស័យ​នេះ​ហាក់​មិន​ទាន់​ជឿ​គម្រោង​ប្រកប​ដោយ​មហិច្ឆតា​នេះ​នៅ​ឡើយ​។

​ក្នុង​ជំនួប​ជាមួយ​សម្តេច ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា នៅ​វិមាន​សន្តិភាព កាលពី​សប្តាហ៍​មុន​លោក យ៉ាង កូវឈាំង ប្រធាន​ក្រុមហ៊ុន Country Garden Holdings Company Limited បាន​ប្រាប់​សម្តេច​តេជោ​ថា នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​របស់​លោក​លើក​ទី​១ ក្នុង​ការ​មក​ពិនិត្យ សិក្សា​ស្រាវជ្រាវ​ដើម្បី​វិនិយោគ​ការសាងសង់​ទីក្រុង​ទំនើប​មួយ​នៅ​កម្ពុជា​។

លោក​បន្ត​ថា ក្រុមហ៊ុន​របស់​លោក​មាន​ថវិកា​ប្រមាណ ៥​ពាន់​លាន​ដុល្លារ​ក្នុង​ការ​វិនិយោគ ហើយ​សព្វ​ថ្ងៃ​នេះ​ក្រុមហ៊ុន​របស់​លោក​កំពុងតែ​វិនិយោគ​នៅ​ប្រទេស​ម៉ាឡេស៊ី ក្នុង​ការ​សាងសង់​ទីក្រុង​ទំនើប​មួយ​ដែល​អាច​ឲ្យ​មនុស្ស​ស្នាក់​នៅ​ប្រមាណ​២​លាន​នាក់​។

​ក្រុម​ហ៊ុន​នេះ​បាន​បង្ហាញ​បំណង​ចង់​សាងសង់​ទីក្រុង​ទំនើប​នៅ​ប្រទេស​កម្ពុជា ដោយ​យក​គំរូ​តាម​ទីក្រុង​ទំនើប​មួយ​នៅ​ព្រំដែន​ប្រទេស​ម៉ាឡេស៊ី និង​សិង្ហ​បុរី​។

លោក យ៉ាង កូវ​ឈាំង បាន​សុំ​អនុសាសន៍​ពី​សម្តេច​តេជោ ដើម្បី​ពិនិត្យ​លទ្ធភាព​សាងសង់​ទីក្រុង​ដូច​គ្នា​នេះ នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​គោល​បំណង​ជួយ​រំដោះ​ចរាចរណ៍​កក​ស្ទះ​នៅ​ក្នុង​ទីក្រុង​ផង និង​សាងសង់​ទីក្រុង​ថ្មី​មួយ ដែល​មាន​លក្ខណៈ​ទំនើប និង​មាន​សោភណភាព​ល្អ​។

នៅ​ក្នុង​ជំនួប​នោះ​សម្តេច ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​បាន​ស្វាគមន៍​ចំពោះ​ការ​សិក្សា​ស្វែង​យល់​ការ​វិនិយោគ​ទីក្រុង​នៅ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ហើយ​សម្តេច​បាន​ផ្តល់​ អនុសាសន៍​ឲ្យ​សិក្សា​លើ​គម្រោង​ប្លង់​មេ​របស់​ទីក្រុង​ភ្នំពេញ ដើម្បី​ស្វែងយល់​តំបន់​ណា ដែល​អាច​សាងសង់​ទីក្រុង​បាន និង​តំបន់​ណា​មិន​អាច​សាងសង់​បាន​។

សម្តេច​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​នេះ​ធ្វើ​ការ​ជា​មួយ​មន្ត្រី​ពាក់ព័ន្ធ ដើម្បី​ធ្វើ​យ៉ាង​ណា​សិក្សា​ឲ្យ​បាន​លម្អិត​មុន​នឹង​វិនិយោគ ព្រោះ​វា​គឺជា​ការ​វិនិយោគ​ដ៏​ធំ​មួយ​ ដែល​អាច​ជួយ​រួម​ចំណែក​ជំរុញ​កំណើន​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​របស់​កម្ពុជា។

នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Focus Property លោក ប៉ូ អ៊ាវគង់ បាន​ថ្លែង​ថា លោក​បាន​ទទួល​ព័ត៌មាន​ពី​គម្រោង​របស់​ក្រុមហ៊ុន​ខាង​លើ​នេះ​តាម​រយៈ​សារព័ត៌មាន​តែ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​ទាន់​បាន​ឆែក​ព័ត៌មាន​លម្អិត​ពី​ក្រុមហ៊ុន​នេះ​នៅ​ឡើយ​ទេ ដោយ​លោក​បាន​លើក​ឡើង​ថា ការ​សិក្សា​គម្រោង​ណា​មួយ​វា​ត្រូវការ​រយៈពេល​វែង ព្រោះ​ការ​សាងសង់​ទីក្រុង​មួយ ​វា​ត្រូវ​ចំណាយ​ពេល​លើស​ពី​៥​ឆ្នាំ ព្រោះ​គម្រោង​នេះ​អាច​ផ្ទុក​មនុស្ស​បាន​២​លាន​នាក់ គឺជា​ទីក្រុង​ថ្មី​មួយ​ ហើយ គឺ​មិន​មែន​ត្រឹម​តែ​ជាទី​ក្រុង​រណប​ នោះ​ទេ។

លោក​បន្ត​ថា​ ៖ «​វា​ត្រូវ​ការ​រយៈ​ពេល​មិន​ក្រោម ២០​ឆ្នាំ​នោះទេ ដើម្បី​រៀបចំ​កសាង​ទីក្រុង​ថ្មី​មួយ ព្រោះ​វា​ទាមទារ​ឲ្យ​មាន​ការ​រៀប​ចំ​ប្លង់​មេ​សម្រាប់​អនាគត ដូច្នេះ​គម្រោង​ទីក្រុង​នេះ នឹង​មិន​កើត​ឡើង​នៅ​រយៈពេល ៥​ទៅ​១០​ឆ្នាំ​ខាង​មុខ​នោះ​ទេ​»​។

លោក​បន្ត​ថា៖ «​ប្រសិន​ជា​គិត​អំពី​លំហូរ​របស់​ប្រជាជន​ចូល​មក​រស់​នៅ​ក្នុង​ទីក្រុង គម្រោង​នេះ​អាច​កើត​ឡើង​បាន ព្រោះ​តាម​ការ​សិក្សា​របស់ RICS បាន​ព្យាករ​ថា នៅ​ឆ្នាំ​២០៣០ ខាង​មុខ​ប្រជាជន​រស់នៅ​តាម​ប្រទេស​នានា នឹង​រស់​នៅ​តាម​ទីក្រុង​ចន្លោះ​ពី​៥០ ទៅ​៦០​ភាគរយ​នៃ​ដង់​ស៊ី​តេ​ប្រជាជន​សរុប​»​។

ទោះ​ជា​យ៉ាង​ណា​ គម្រោង​នេះ​ស្ថិតក្នុង​ភាព​មិនទាន់​ច្បាស់​លាស់​នៅ​ឡើយ ខណៈ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ទាន់​ដឹង​រឿង​នេះ​នៅ​ឡើយ​ទេ។

​លោក ឡៅ ទិព្វ​សីហា អនុរដ្ឋ​លេខា​ធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ថ្លែង​ថា ក្រសួង​មិន​ទាន់​បាន​ទទួល​សំណើ​ពី​ក្រុមហ៊ុន Country Garden Holdings Company Limited ចុះ​ធ្វើ​ការ​សិក្សា​ពី​តំបន់​ណា​មួយ ដើម្បី​សាងសង់​ទីក្រុង​ថ្មី ណា​មួយ​នោះ​ទេ​។

លោក មាន ចាន់យ៉ាដា អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ​បាន​ថ្លែង​ថា ក្រុង​មិន​ទាន់​ទទួល​បាន​សំណើ​សុំ​ចុះ​សិក្សា​ពី​ទីតាំង​ណា​មួយ​របស់​ក្រុមហ៊ុន​ខាង​លើ​នោះ នៅ​ឡើយ​ទេ​។

ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក គីម ហ៊ាង បាន​ថ្លែង​ថា ក្រុមហ៊ុន​នេះ​ជា​ក្រុមហ៊ុន​លំដាប់ Top 10 ឬ TOP 20 នៅ​ក្នុង​ប្រទេស​ចិន ដែល​តាម​ព័ត៌មាន​លោក​បាន​ដឹង​អំពី​ក្រុមហ៊ុន​នេះ​ធ្លាប់​បាន​ទៅ​បំផើម​ព័ត៌មាន​បែប​នេះ​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ទីម័រ រួច​មក​ហើយ ដូច្នេះ​លោក​មិន​ទាន់​ជឿ​ពី​គម្រោង​នេះ​ទេ ព្រោះ​ថា បើ​គម្រោង​ទីក្រុង​ថ្មី​នេះ កើត​ឡើង​មែន​ទាល់​តែ​ប្រទេស​យើង​មាន​មនុស្ស​ចាប់ពី​២៥​ទៅ​៣០​លាន​នាក់​។​

លោក ហ៊ាង បន្ត​ថា ៖ «​ខ្ញុំ​គាំទ្រ​គម្រោង​នេះ​វា​ពិត​ជា​ល្អ ប៉ុន្តែ​វា​មិន​ទាន់​ដល់​ពេល​នៅ​ឡើយ​ទេ​។ វា​នៅ​លើ​ផ្លូវ​វែង​ឆ្ងាយ​ពេក​។ វា​ទាល់​តែ​ទីក្រុង​ភ្នំពេញ​មាន​មនុស្ស​រស់​នៅ​ពី ៧​ទៅ​១០​លាន​នាក់ និង​ផល​ទុន​ជាតិ​សរុប​របស់​មនុស្ស​ម្នាក់ៗ​កើន​ឡើង​ចន្លោះ​ពី ៥០០០​ទៅ​៧០០០​ដុល្លារ​អាមេរិក ទើប​អាច​ទៅ​រួច​»​។

លោក​បន្ត​ថា​ ៖ «ប្រសិន​ជា​ទីក្រុង​ភ្នំពេញ មាន​មនុស្ស​រស់នៅ​ត្រឹម​ជាង​២​លាន​នាក់​នា​ពេល​នេះ និង​ប្រជាជន​មាន​ចំណូល​ប្រចាំ​ឆ្នាំ​ជាង​១៣០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ វា​មិន​ទាន់​ដល់​ពេល​នៅ​ឡើយ​ទេ​»​។

លោក ហ៊ាង បាន​លើក​ជា​សំណួរ​ថា ដង់ស៊ីតេ​ប្រជាជន និង​ចំណូល​របស់​ប្រជាជន​នៅ​ក្នុង​កម្រិត​ នេះ តើ​មាន​អ្នក​ណា​ទៅ​រស់នៅ បើ​សាងសង់​ទីក្រុង​នោះ​រួច​?៕

Source From: www.postkhmer.com