រយៈពេល ៣​ខែ​ទុន​វិនិយោគ​លើ​វិស័យ​សំណង់​កើនឡើង​បើ​ធៀប​នឹង​ឆ្នាំទៅ​
Tuesday, 07 June 2016

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់មន្ទីរដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញបានបង្ហាញថា ស្ថិតិគម្រោងទុនវិនិយោគសាងសង់ប្រចាំត្រីមាសទី១ ឆ្នាំ២០១៦នេះមានការកើនឡើងរហូតដល់ប្រមាណជា ១៥០០លានដុល្លារ បើធៀបទៅ នឹងឆ្នាំ២០១៥កន្លងទៅ។

ស្ថិតិគម្រោងទុនវិនិយោគសាងសង់ប្រចាំត្រីមាសទី១ ឆ្នាំ២០១៦ នេះបានកើនឡើងដល់ជាង១៥០០លានដុល្លារ បើធៀបនឹងឆ្នាំ២០១៥ មានត្រឹមតែជាង១៧២លានដុល្លារប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញនៅថ្ងៃទី៧ខែមិថុនានេះ។

របាយការណ៍ដដែលបន្តថា រយៈពេលបីខែនេះមានតែ៣សំណង់តែប៉ុណ្ណោះគឺ ប្រភេទសំណង់លំនៅដ្ឋាន មានទុនវិនិយោគប្រមាណជា ប្រមាណជា៣១៣លានដុល្លារ សំណង់ពាណិជ្ជកម្ម មានប្រមាណ១១១លានដុល្លារ និងសំណង់ទេសចរណ៍មានប្រមាណ៧៦លានដុល្លារ លើគម្រោង៤៤ គម្រោង។

លោក សារិន វណ្ណា ប្រធានមន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានឲ្យដឹងថា ការកើនឡើងនូវទុនវិនិយោគនេះដោយសារតែ កម្រិតជីវភាពប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន មានការកើនឡើងជាប្រចាំព្រមទាំងមន្ទីរបានបង្ខិតសេវាកម្មទៅកាន់មូលដ្ឋានដើម្បីងាយស្រួលដល់ពួកគេក្នុងការទទួលសេវាកម្ម។

លោកបន្តថា ដោយសាររាជរដ្ឋាភិបាលមានគតិយុត្តិគ្រប់គ្រាន់ ដូចជាអនុក្រឹត្យ សារាចរ សេចក្តីណែនាំ ព្រមទាំងឯកសារពាក់ព័ន្ធលើការគ្រប់គ្រងសំណង់មានការចូលរួមសហការពីអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងមានការចូលរួមចង្អុលបង្ហាញតម្រង់ទិសពីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់។

ជាមួយគ្នានេះដែរ លោកថាក៏នៅមានការបញ្ហាប្រឈមខ្លះដែរ ដូចជាការយល់ដឹងផ្នែកច្បាប់នៅមានកម្រិត ការផ្សព្វផ្សាយច្បាប់ និងឯកសារគតិយុត្តិពុំទាន់បានជ្រួតជ្រាបដល់ប្រជាពលរដ្ឋនៅមូលដ្ឋានការចូលរួមពីប្រជាជន ក្នុងការអនុវត្តច្បាប់ពុំទាន់បានច្រើនកុះករនៅឡើយ និងតំលៃដីធ្លីកាន់តែឡើងខ្ពស់ធ្វើអោយការសាងសង់ទាមទារអោយបានក្រឡាផ្ទៃដីធំ និងខ្ពស់។

លោកបានអំពាវនាវដល់មន្ត្រីពាក់ព័ន្ធផ្សព្វផ្សាយឯកសារគតិយុត្តិ និងបទដ្ឋានគតិយុត្តិផ្សេងៗលើវិស័យសំណង់អោយបានដល់មូលដ្ឋានភូមិឃុំជាពិសេសដល់ប្រជាពលរដ្ឋផ្ទាល់ និងបន្តបណ្តុះបណ្តាលជំនាញបច្ចេកទេសសំណង់ និងច្បាប់ ស្តីពីការគ្រប់គ្រងសំណង់ដល់មន្ត្រីជំនាញផងដែរ៕

Source From: www.bayontv.com.kh