គម្រោង​លំនៅដ្ឋាន​សាធារណៈ​ដំបូង​គេ​នៅ​រាជធានី​ភ្នំពេញ​នឹង​ចាប់​ផ្តើម​នៅ​ចុង​ឆ្នាំនេះ​
Tuesday, 07 June 2016

ភ្នំពេញ ៖ គម្រោងលំនៅដ្ឋានសាធារណៈដែលគេរង់ចាំជាយូរមកហើយ គ្រោងនឹងសាងសង់នៅចុងឆ្នាំនេះ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ។

អ្នកឧកញ៉ាសៀ រិទ្ឋីអគ្គនាយកក្រុមហ៊ុនWorld Bridge Landបានថ្លែងឲ្យដឹងតាមទូរស័ព្ទនៅថ្ងៃម្សិលមិញថា គម្រោងសាងសង់លំនៅដ្ឋានសម្រាប់ប្រជាពលរដ្ឋមានប្រាក់ចំណូលទាប និងប្រាក់ចំណូលមធ្យមនឹងចាប់ផ្តើមនៅខែវិច្ឆិកាខាងមុខនេះ ព្រោះពេលនេះ ក្រុមហ៊ុនកំពុងឲ្យនិស្សិតប្រលងស្នាដៃស្ថាបត្យកម្ម ដើម្បីជ្រើសរើសស្នាដៃឯកណាមួយ សម្រាប់យកមកអនុវត្តន៍ក្នុងគម្រោងនេះ។ គម្រោងជ្រើសរើសស្នាដៃនេះនឹងបញ្ចប់នៅសប្ដាហ៍ក្រោយ។

លោកបន្តថា “គម្រោងសាងសង់លំនៅដ្ឋាននេះគ្រោងវិនិយោគទឹកប្រាក់១០០លានដុល្លារអាមេរិក ដែលមានទីតាំងស្ថិតនៅខាងកើតឈៀងខាងត្បូងរាជធានីភ្នំពេញ”។លោកបន្តថា “គម្រោងនេះនឹងបែងចែកជាពីរដំណាក់កាល ដោយដំណាក់កាលទី១ស្ថិតនៅលើផ្ទៃដី២០ហិកតា នឹងមានលំនៅដ្ឋានសរុប២០០០ខ្នង”។

ទាក់ទងនឹងតម្លៃលំនៅដ្ឋាននេះ អ្នកឧកញ៉ាសៀ រិទ្ឋីបានថ្លែងថា លំនៅដ្ឋាននេះជាប្រភេទលំនៅដ្ឋានផ្ទាល់ដី និងមានតម្លៃចាប់ពី២ទៅ៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ គម្រោងនេះនឹងមិនកំណត់ពេលបញ្ចប់នៅពេលណាទេ ព្រោះគម្រោងនេះនឹងធ្វើឡើងជាបន្តបន្ទាប់ និងស្ថិតនៅទីតាំងខុសៗគ្នានៅរាជធានីភ្នំពេញ។

គម្រោងលំនៅដ្ឋានសម្រាប់ប្រជាពលរដ្ឋមានប្រាក់ចំណូលទាបនេះ គ្រោងនឹងវិនិយោគដោយក្រុមហ៊ុនWorld Bridge Land Straight Construction ដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបុរី។

អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់លោកឡៅ ទិព្វសីហាបានថ្លែងថា ក្រសួងមិនទាន់បានទទួលសំណើសុំពីក្រុមហ៊ុននេះនៅឡើយ ទេ តែជាគោលការណ៍រួមឲ្យតែសំណង់សាងសង់ សម្រាប់ប្រជាពលរដ្ឋមានប្រាក់ចំណូលទាបគឺក្រសួងនឹងគាំទ្រ ប៉ុន្តែម្ចាស់គម្រោងត្រូវតែគិតគូរពីសុវត្ថិភាព គុណភាព សំណង់ និងបរិស្ថាននៅក្នុងគម្រោងនេះឲ្យបានល្អ ពិសេសការកំណត់អត្តសញ្ញាណជនក្រីក្រឲ្យបានច្បាស់លាស់ ដើម្បីកុំឲ្យសំណង់នេះពេលសាងសង់រួច អ្នកមានលទ្ឋភាពខ្ពស់ជាអ្នកទទួលបានផលប្រយោជន៍ទៅវិញ។

លោកបន្តថា “ការគិតគូរពីសុវត្ថិភាព គុណភាព បរិស្ថាន សន្តិសុខពិតជាមានសារៈសំខាន់ណាស់ ដើម្បីឲ្យសហគមន៍រស់នៅមានភាពរីករាយ និងមានសណ្ដាប់ធ្នាប់”។លោកបន្តថា “ក្រុមហ៊ុនវិនិយោគក្នុងគំរោងនេះក៏គួរគិតគូរឲ្យមានប្រព័ន្ឋសន្តិសុខ និងប្រធានសហគមន៍ ដើម្បីគ្រប់គ្រងសហគមន៍នេះឲ្យបានល្អ”។

អ្នកនាងអាន សុធីតានាយិការងជាន់ខ្ពស់នៃកក្រុមហ៊ុនCBRE Cambodiaបានថ្លែងថា ប្រសិនជាគិតសម្រាប់ប្រជាពលរដ្ឋក្នុងស្រុក គម្រោងនេះពិតជាឆ្លើយតបតាមទីផ្សារក្នុងស្រុកហើយ ប៉ុន្តែសំខាន់ទីតាំងក្នុងគម្រោងនេះ ធ្វើយ៉ាងណាកុំឲ្យស្ថិតនៅឆ្ងាយពីក្រុងខ្លាំងពេក។ ប្រសិនជាគម្រោងនេះស្ថិតនៅចម្ងាយ១០គីឡូម៉ែត្រពីរាជធានីភ្នំពេញ វានឹងមិនមានបញ្ហាអ្វីនោះទេ ប៉ុន្តែបើឆ្ងាយជាងនេះវាអាចនឹងពិបាកទាក់ទាញ ព្រោះទោះជាទីក្រុងយើងតូចក្ដី ប៉ុន្តែប្រព័ន្ធចរាចរណ៍របស់យើងមានសភាពចង្អៀតខ្លាំង ៕

Source From: www.bayontv.com.kh