អ្នក​វិនិយោគ​ថ្មី​ទៀត​ក្រុង​សៀង​ហៃ​ប្រទេស​ចិន ​ចាប់អារម្មណ៍​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​
Wednesday, 08 June 2016

ភ្នំពេញ៖ ប្រតិភូធុរកិច្ចមកពីទីក្រុងសៀងហៃ ប្រទេសចិនបានចាប់អារម្មណ៍ ក្នុងការវិនិយោគនៅប្រទេសកម្ពុជា លើវិស័យអចលនទ្រព្យ និងកម្មន្តសាល។

ក្នុងជំនួបជាមួយលោក ជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ច នារសៀលថ្ងៃទី៨មិថុនា នៅទីស្តីការក្រសួង លោក សា ហៃលីន សមាជិកមជ្ឈិមបក្សក្រុងសៀងហៃប្រទេសចិន បានថ្លែងថា លោកបានដឹកនាំអ្នកវិនិយោគមួយក្រុមថ្មីទៀត មកពីទីក្រុងសៀងហៃ ប្រទេសចិន មកសិក្សាស្វែងយល់ការវិនិយោគក្នុងប្រទេសកម្ពុជា។ លោកបញ្ជាក់ថា អ្នកវិនិយោគនេះ ទើបបានមកសិក្សាប្រទេសកម្ពុជាជាលើកទី១ដោយផ្តោតសំខាន់លើការងារសំណង់និងកម្មន្តសាល។

លោកសា ហៃលីន ជំរាបជូនលោកជំទាវឧបនាយករដ្ឋមន្ត្រីថា រូបលោកក៏ដូចប្រតិភូទាំងអស់មានការចាប់អារម្មណ៍ពីការវិវត្តន៍រីកចម្រើនរបស់ប្រទេសកម្ពុជាពិសេសក្នុងរាជធានីភ្នំពេញ ដែលធ្វើអោយប្រតីភូធុរកិច្ចមានការទាក់ទាញអារម្មណ៍ក្នុងការវិនិយោគក្នុងប្រទេសកម្ពុជា។

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានជំរាបជូនប្រតិភូវិនិយោគពីសក្ដានុពល និងភាពអំណោយផលការងារនយោបាយសន្តិសុខសណ្តាប់ធ្នាប់សំរាប់ការងារវិនិយោគនៅក្នុងប្រទេសកម្ពុជា។លោកជំទាវ បានថ្លែងបន្តថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យ ឯកជនជាដៃគូមិនអាចខ្វះបានសំរាប់ជំរុញការអភិវឌ្ឍន៍ប្រទេសអោយរីកចម្រើនឆាប់រហ័ស។

លោកជំទាវបញ្ជាក់ថា ប្រទេសចិនបាននាំមកការវិនយោគធំជាងគេជូនប្រទេសកម្ពុជា ដែលបានពង្រីកទីផ្សារនិងផ្តល់ការងារជាច្រើនសំរាប់ប្រជាជនកម្ពុជា។

លោកជំទាវ ម៉ែន សំអន សូមអោយថ្នាក់ដឹកនាំក្រុងសៀងហៃប្រទេសចិនជំរុញអ្នកវិនិយោគចិនមកវិនិយោគក្នុងប្រទេសកម្ពុជាអោយបានច្រើនថែមទៀត៕

Source From: www.bayontv.com.kh