គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត​តម្លៃ​ជាង​២១​លាន​ដុល្លារ​កើតមាន​ក្នុង​ខេត្តកំពត​

កំ​ពតៈ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ដែលមាន​តម្លៃ​ជាង​២១​លាន​ដុល្លារ​បានមកពី​ជំនួយឥតសំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន​នឹង​លេច​ជា​រូបរាង​ក្នុង​ក្រុង​កំពត​នា​ចុងឆ្នាំ​២០១៨​បន្ទាប់ពី​បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ព្រឹក​ថ្ងៃទី​១៣​ខែមិថុនា​ឆ្នាំ​២០១៦​ទៅ​។​ពិធី​បញ្ចុះបឋមសិលា​ជា​សាក្សី​នៃ​កិច្ច​ចាប់ផ្តើម​ដំណើរការ​ស្ថាបនា​គម្រោង​ដែលមាន​វិសាលភាព​ដ៍​ធំធេង​នេះ​ស្ថិតក្រោម​វត្តមាន​របស់លោក​ទេសរដ្ឋមន្ត្រី​ចម​ប្រសិទ្ធ​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ព្រមទាំង​លោក​Yuji Kumamaru ឯកអគ្គ​រាជ ទូត​ជប៉ុន​ប្រចាំ​កម្ពុជា ជា​គណៈអធិបតី​។​


លោក​ទេសរដ្ឋមន្ត្រី​ចម​ប្រសិទ្ធ​បាន​មានប្រសាសន៍​ក្នុង​ពិធី​នេះ​ថា​គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ដែលមាន​ត​ម្លែ​២១.១៣០.០០០​ដុល្លារ​បានមកពី​ជំនួយឥតសំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន​។​គម្រោង​នេះ​នឹង​ចំណាយ​លើ​ប្រព័ន្ធ​សង្វាក់​ផលិតកម្ម​ដែលមាន​សមត្ថភាព​អាច​ផលិត​ទឹកបាន​៧.៥០០ ម៉ែត្រត្រីគុណ​ក្នុង​មួយថ្ងៃ បំពាក់​ឧបករណ៍​ពិសោធន៍​គុណភាព​ទឹក ប្រព័ន្ធ​បណ្តាញ​ចែកចាយ​ទឹកស្អាត ៨៨,៦០​គីឡូម៉ែត្រ សម្ភារៈ​សម្រាប់​ត​បណ្តាញ​ចូល​ផ្ទះ​ជូន​ពលរដ្ឋ​ក្រីក្រ​ប្រមាណ​៩០០​កន្លែង​។​ជាមួយគ្នា​នោះ​ត្រូវ​ចំណាយ​លើ​ការបណ្តុះបណ្តាល​បច្ចេកទេស​រាល់​បរិក្ខា​គម្រោង​ប្រព័ន្ធ​ទឹកស្អាត​ទាំងមូល និង​វគ្គ​បណ្តុះបណ្តាល​នៅពេល​ចាប់ផ្តើម​សាកល្បង​ប្រព័ន្ធ​ផលិតកម្ម​ថ្មី​សន្លាង​នេះ​ផងដែរ​។ 


​លោក​ទេសរដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​ដំណើរការ​នៃ​គម្រោង​សាងសង់​នឹងត្រូវ​បញ្ចប់​នា​ខែសីហា​ឆ្នាំ​២០១៨​ដោយ​សមិទ្ធផល​ដ៏​ថ្លៃថ្លា​នេះ​អ្នក​ក្នុង​ក្រុង​កំពត ក៏ដូចជា​ប្រជាពលរដ្ឋ​នៅ​ឃុំ​កំពង់​សំរោង ព្រមទាំង​ឃុំ​ព្រៃ​ឃ្មុំ នឹង​ទទួល​នូវ​ផលប្រយោជន៍​ពី​ការផ្គត់ផ្គង់​សេវា​ទឹកស្អាត​នោះ​។ 

លោក​ចម ប្រសិទ្ធ​បាន​បញ្ចាក់​ទៀតថា​ជា​គំនិត​ក្នុង​គោលដៅ​ដោះស្រាយ​បញ្ហា​តម្រូវការ​ទឹក​សម្រាប់​វិស័យ​ឧស្សាហកម្ម​និង​ទេសចរណ៍​ក៍​ដូចជា​ផ្នែក​សេដ្ឋកិច្ច​ទាំងមូល​ដើម្បី​អភិវឌ្ឍន៍​ច្រក​សេដ្ឋកិច្ច​តំបន់ឆ្នេរ​សមុទ្រ​ភាគខាងត្បូង​។​អ្នកជំនាញ​នៃ​ក្រសួង​ឧស្សាហកម្ម​កំពុង​សិក្សា​លទ្ធភាព​ក្នុងការ​ទាញ​ប្រភពទឹក​ពី​ភ្នំ​កំចាយ​យកទៅ​ផ្គត់ផ្គង់ សេចក្តីត្រូវការ​នៅ​តំបន់​នានា​គិត​តាំងពី​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ត្រង់​ព្រំប្រទល់​ខេត្ត​ព្រះសីហនុ និង​ខេត្តកំពត​ឆ្លងកាត់​ខេត្ត​កែប​រហូតដល់​ព្រែក​ចាក​ព្រំប្រទល់​ជាមួយ​ប្រទេស​វៀតណាម​។​ប៉ុន្តែ​ដើម្បី​អនុវត្ត​គម្រោង​នេះ​បាន​សម្រាប់​ប្រាំ​ឆ្នាំ​ដំបូង​ចាំបាច់​ត្រូវការ​ទុនវិនិយោគ​ប្រមាណ​៨០​លាន​ដុល្លារ​៕

Source From: www.rasmeinews.com