អ្នក​វិនិយោគ​ក្នុងស្រុក ​និង​ឥណ្ឌា​បោះទុន​៩០​លាន ​ដុល្លារ​ សាងសង់​ខុន​ដូ​ និង​បុរី​ក្នុងស្រុក​ខ្សាច់​កណ្តាល
Tuesday, 14 June 2016

កណ្តាល ៖ ក្រុមហ៊ុនវិនិយោគក្នុងស្រុក SKYLAND និងក្រុមហ៊ុន STAR5 Development Pvt, Ltdដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌាបានសម្រេច បោះទុនវិនិយោគរួមគ្នាលើទឹកប្រាក់៩០លានដុល្លារអាមេរិក ដើម្បីវិនិយោគខុនដូ និងវីឡាលើកតំបូងនៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន SKYLAND ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន JET GROUP បានថ្លែងឲ្យដឹងកាលពីម្សិលម៉ិញថា ក្រុមហ៊ុន នឹងធ្វើការវិនិយោគសាងសង់ខុនដូ១ អាគារក្នុងចំណោមបីអាគារនៅពេលឆាប់ៗខាងមុខនេះ។ ខុនដូនេះ មានកំពស់៩ជាន់ ដោយជាន់ទី១ជាចំណតយានយន្ត និងផ្សារទំនើប និងជាន់ទី២ដល់ជាន់ទី៩ជាលំនៅ ដ្ឋាន ដែលមានផ្ទះសរុបចំនួន២០០យូនីត ។គំរោងវិនិយោគនេះស្ថិតនៅក្នុងភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

លោក បន្តថា “មូលហេតុដែលក្រុមហ៊ុនជ្រើសរើសយកទីតាំងនេះ ដោយសារក្រុមហ៊ុនបាន និងកំពុងរៀបចំ រមណីយដ្ឋានខ្នាតធំនៅតំបន់នេះ ដែលពេលអនាគត ប្រជាពលរដ្ឋ នឹងទៅកំសាន្តនៅតំបន់នោះ ព្រោះតំបន់នោះមានភាពអំណោយផលសំរាប់វិស័យទេសចរណ៍”។លោក បន្តថា “ដោយសារទីក្រុងរបស់យើងកាន់តែមានសភាពចង្អៀត និងការធ្វើដំណើរទៅតំបន់នេះចំណាយពេលត្រឹម៣៥នាទី ក្នុងពេលមិនទាន់មានស្ពានផង ដូច្នេះលោកគិតថាតំបន់នេះនឹងមានភាពទាក់ទាញនាពេលអនាគត”។

លោក បន្តថា ការសិក្សាទីផ្សារបានរកឃើញថា ទីផ្សារខុនដូ និងតំលៃខុនដូ ដាក់ចេញគឺអាចទទួលយកបានពិសេសទីតាំងរបស់គំរោងនេះមានភាពអំណោយផល មានខ្យល់អាកាសបរិសុទ្ធ  ពិសេសក្រុមហ៊ុនមានលក្ខខ័ណ្ឌ បង់ប្រាក់ពិសេស ដោយអតិថិជនគ្រាន់តែចំណាយប្រាក់ក្នុងមួយខែពី៣០០ ទៅ៤០០ដុល្លារអាចទិញខុនដូ រស់នៅ និងសំរាប់លំហែចុងសប្តាហ៍បាន។លោក បន្តថា ខុនដូនេះមានបីប្រភេទគឺប្រភេទស្ទីឌីយោ មានទំហំ៣០ម៉ែត្រការ៉េ បន្ទប់គេង១មានទំហំ៤៥ទៅ៥០ម៉ែត្រការ៉េ និងបន្ទប់គេង២ ដែលមានទំហំ៦០ម៉ែត្រការ៉េ។

បច្ចុប្បន្នក្រុមហ៊ុនកំពុងដាក់សំណើរសុំសាងសង់គំរោងនេះទៅកាន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ហើយ មុនចាប់ផ្តើមសាងសង់គំរោងនេះនៅពេលឆាប់ៗខាងមុខនេះ។
លោកឧកញ៉ា ស្រី ចាន់ថន បានបន្តថា ក្រៅពីគំរោងសាងសង់ខុនដូនេះ ក្រុមហ៊ុនទាំងពីរនឹងចាប់ផ្តើមសាងសង់វីឡាចំនួន២៤៨វីឡានៅតំបន់នេះនៅលើផ្ទៃដី១០ហិកតា ដែលជាប្រភេទវីឡាទំនើប និងលក់ក្នុងតំលៃសមរម្យ។ពិសេសគំរោងវីឡានេះនឹងរៀបចំប្រព័ន្ធ ហេដ្ឋា រចនាសម្ព័ន្ធ ទំនើប ដោយបង្កប់ខ្សែភ្លើងក្រោមដី មានផ្លូវធំទូលាយ មានតំបន់សាធារណៈសម្រាប់អ្នករស់នៅក្នុងគំរោងនេះអាចរៀបចំពិធីជប់លៀង ឬអាពាហ៍ពិពាហ៍។លោក បន្តថា លើសពីនេះគំរោងវីឡាប្រណីតនេះ នឹងរៀបចំប្រព័ន្ធ ចម្រោះទឹកកខ្វក់ចេញពីលំនៅ ដ្ឋានប្រជាពលរដ្ឋមុនបង្ហូរចូលទៅក្នុងទន្លេ ដើម្បីធ្វើយ៉ាងណាកុំឲ្យមានផលប៉ះពាល់ដល់បរិស្ថាន។

លោកស៊ី គីរ៉ាន គូម៉ារ រ៉េដឌី (C.Kiran Kumar Reddy) អគ្គនាយកក្រុមហ៊ុន STAR5 Development Pvt, Ltd បានថ្លែងថា រដ្ឋាភិបាលឥណ្ឌាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការបង្ហូរទុនវិនិយោគចូលក្នុងប្រទេសរបស់ខ្លួន ប៉ុន្តែមានការរឹតបន្តឹងនីតិវិធី ច្បាប់បែបបទយ៉ាងស្មុគស្មាញ នៅពេលអ្នកវិនិយោគណាម្នាក់នាំយកប្រាក់ចេញដើម្បីវិនិយោគនៅប្រទេសផ្សេងៗ ដូច្នេះទើបក្រុមហ៊ុនរបស់លោកបានសម្រេចចិត្តដកទុនចេញពីប្រទេសអូស្ត្រាលី និងប្រទេសម៉ាឡេស៊ីយកមកវិនិយោគនៅកម្ពុជា។

លោក បន្តថា ក្រុមហ៊ុនរបស់របស់លោកមានបទពិសោធន៍ជាយូរមកហើយក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ កសាងស្ពាន ថ្នល់នៅប្រទេសឥណ្ឌា ដូច្នេះ យើងមានបទពិសោធន៍លើការងារនេះស្រាប់ ហើយយើងជឿជាក់ថា នឹងទទួលបានជោគជ័យ ព្រោះក្រុមហ៊ុនរបស់លោកផ្តោតលើការធ្វើយ៉ាងណាឲ្យមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព តាមរយៈការមិនធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ច សង្គម និងបរិស្ថាន។

លោក បន្តថា ការសម្រេចចិត្តវិនិយោគនៅទីតាំងដែលឆ្ងាយពីរាជធានីភ្នំពេញ គឺជាសំណួរដែលមិត្តភ័ក្រលោកជាច្រើនបានសួរសំណួរនេះ ប៉ុន្តែលោកមើលឃើញថា ទីក្រុងភ្នំពេញមានសភាពចង្អៀត តំលៃដីធ្លីបានឡើងថ្លៃខ្ពស់រួចទៅហើយ ហើយគំរោងភាគច្រើនបានផ្តោតលើអតិថិជនជាអ្នកលំដាប់ខ្ពស់ ប៉ុន្តែតំបន់វិហារសួគ៌គីជាតំបន់ដែលមានភាពទាក់ទាញនាពេលអនាគត បន្ទាប់ពីរយៈពេល៧ឆ្នាំក្រោយទីក្រុងភ្នំពេញ នឹងកាន់តែចង្អៀត ប្រជាជននឹងស្វែងរកទីតាំងថ្មីៗនៅជាយក្រុងដូចជាតំបន់វិហារសួគ៌ដែលនៅកៀកនឹងរាជធានី ហើយជាតំបន់ដែលមានភាពអំណោយផលខាងភូមិសាស្ត្រ និងបរិស្ថាន៕

Source From: www.bayontv.com.kh