ធនាគារពិភពលោក​បន្ត​ជួយ​លើ​គម្រោង​ដីធ្លី​នៅ​កម្ពុជា ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​
Tuesday, 14 June 2016

ភ្នំពេញ៖ នាយកធនាគារពិភពលោកប្រចាំកម្ពុជា ដែលបន្តអាណត្តិថ្មី បានថ្លែងថា នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយនឹងក្រសួងមហាផ្ទៃ លើគម្រោងពីរក្នុងវិស័យដីធ្លី ដើម្បីធ្វើឲ្យប្រសើរឡើងនូវជីវភាព និងដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា។

នៅក្នុងជំនួបជាផ្លូវការជាមួយនឹងសម្តេចក្រឡាហោម ស ខេង កាលពីរសៀលថ្ងៃទី១៤ មិថុនា នៅទីក្រសួងមហាផ្ទៃ លោកស្រី Inguna Dobraja នាយកធនាគារពិភពលោកប្រចាំកម្ពុជា ដែលទើបទទួលការតែងតាំងថ្មី បានថ្លែងនៅក្នុងជំនួបនោះថា ធនាគារពិភពលោកនឹងនៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយនឹងក្រសួងមហាផ្ទៃបន្ថែមទៀត ដើម្បីជួយទៅលើគម្រោងនានា ដែលស្ថិតនៅក្រោមស្ថាប័នមួយនេះ ក្នុងការធ្វើឲ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋ។

លោកស្រី Inguna Dobraja បានបញ្ជាក់ថា គម្រោងចំនួនពីរ ក្នុងចំណោមគម្រោងទាំងអស់ចំនួន៧ របស់ក្រសួងមហាផ្ទៃ ត្រូវបានធនាគារពិភពលោកបន្តយកចិត្តទុកដាក់ខ្លាំង ដើម្បីជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

បើតាមលោកស្រី Inguna Dobraja គម្រោងទាំងសំខាន់ពីរនោះ រួមមាន គម្រោងបែងចែកដីធ្លីសង្គមកិច្ច និងសម្បទានសេដ្ឋកិច្ចនៅដំណាក់កាលទី២ និងគម្រោងមួយទៀត ដែលមានឈ្មោះថា គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រនៅខេត្តសៀមរាប។

ជាការឆ្លើយតបនៅក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណជាដំបូងដល់លោក Alassane Sow អតីតនាយកធនាគារពិភពលោកប្រចាំកម្ពុជាទើបបញ្ចប់អាណត្តិ ដែលបានធ្វើការងារជាច្រើននាពេលកន្លងមកដើម្បីជួយដល់កម្ពុជាឲ្យបន្តមានការរីកចម្រើននាពេលបច្ចុប្បន្ននេះ។

សម្តេចក្រឡាហោម បានអះអាងប្រាប់ទៅនាយកធនាគារពិភពលោក លោកស្រី Inguna Dobraja វិញថា ក្រសួងមហាផ្ទៃនឹងបន្តកិច្ចសហប្រតិបត្តិការដោយយកចិត្តទុកដាក់បំផុតជាមួយធនាគារពិភពលោក ដើម្បីឆ្លើយតមទៅនឹងការអភិវឌ្ឍន៍នៅក្នុងគម្រោងនានាដែលជួយដោយជ្រោមជ្រែងដោយស្ថាប័នធនាគារដ៏ធំមួយនេះ៕

Source From: www.bayontv.com.kh