គម្រោង​វិនិយោគ​តម្លៃ​៥០០​លាន​ដុល្លារ​ចាប់​ផ្ដើមដំណើរការ​
THURSDAY, 15 June 2016

ភ្នំពេញ ៖ គម្រោងវិនិយោគតម្លៃ៥០០លានដុល្លារ ដែលបាននិងកំពុងអភិវឌ្ឍន៍នៅតំបន់រមណីយដ្ឋានគិរីរម្យបាននិងកំពុងដំណើរការហើយ ដោយបានចាប់ផ្ដើមសាងសង់ផ្ទះលំហែសម្រាប់និវត្តន៍ជន និងការបើកវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ។

លោកហ៊ិន សុជាតិប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុនA2A Town Cambodiaបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៥ មិថុនានេះថា បច្ចុប្បន្នក្រុមហ៊ុនកំពុងរៀបចំហាងកាហ្វេកុងទីណ័រចំនួន៤ និងរៀបចំដីជុំវិញឲ្យបានស្អាតមុនបើកដំណើរការនៅចុងខែមិថុនា ឬដើមខែកក្កដាខាងមុខនេះ។ បន្ទាប់មកក្រុមហ៊ុនបាននិងកំពុងសាងសង់ផ្ទះលំហែ សម្រាប់និវត្តន៍ជនចំនួនជាង១០០ផ្ទះ និងកំពុងរង់ចាំអាជ្ញាប័ណ្ណបើកវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យពីក្រសួងអប់រំ ដើម្បីបើកដំណើរការវិទ្យាស្ថាននេះ ព្រោះអាគារចំនួន៤បានសាងសង់រួចហើយ និងគ្រោងសាងសង់អាគារចំនួន៤បន្ថែមទៀត ពេលក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណបើកវិទ្យាស្ថានកម្រិតឧត្ដមសិក្សានេះ។

លោកបន្តថា “ការវិនិយោគផ្ទះលំហែនេះ ធ្វើឡើងសម្រាប់និវត្តន៍ជនដែលត្រូវការកន្លែងលំហែមានខ្យល់អាកាសបរិសុទ្ឋគ្រប់រដូវ ហេតុនេះទើបក្រុមហ៊ុនព្យាយាមរក្សាដើមឈើដែលមានស្រាប់ និងដាំដើមឈើបន្ថែមនៅកន្លែងគ្មានដើមឈើ ពោលគឺយើងធ្វើយ៉ាងណាឲ្យការអភិវឌ្ឍន៍នេះប្រកបដោយនិរន្តរភាព”។លោកបន្តថា “ក្រុមហ៊ុនក៏នឹងរៀបចំជាសណ្ឋាគារកុងទីណ័របន្ថែម នាពេលខាងមុខបន្តទៀត ព្រោះកន្លែងសម្រាកដែលបានរៀបចំកន្លងមក គឺទទួលបានភ្ញៀវចូលសម្រាកពេញៗពេលរដូវបុណ្យទាន និងមានកំណើនភ្ញៀវជាបន្តបន្ទាប់ចាប់តាំងពីបើកដំណើរការមក”។

លោកហ៊ិន សុជាតិបានបន្តថា ទាក់ទងវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ជំហ៊ានតំបូងក្រុមហ៊ុននឹងធ្វើការបណ្ដុះបណ្ដាលជំនាញព័ត៌មានវិទ្យាជាមុន បន្ទាប់មកបើកជំនាញស្ថាបត្យកម្ម ភាសាជប៉ុន និងជំនាញដទៃទៀត ហើយនិស្សិតសិក្សានៅវិទ្យាស្ថាននេះនឹងទទួលបានអាហារូបករណ៍១០០ភាគរយ ព្រមទាំងផ្ដល់ជូននូវIpad កុំព្យូទ័រលេបថប់ អាហារបីពេល កន្លែងស្នាក់នៅ និងសេវាធ្វើដំណើរពីភ្នំពេញទៅគិរីរម្យដោយឥតគិតថ្លៃរៀងរាល់សប្ដាហ៍ទៀតផង។

ក្រុមហ៊ុនA2A Town Cambodiaបានទទួលដីសប្បទានពីរដ្ឋាភិបាលចំនួន២០០០ហិកតាពីរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍន៍នៅតំបន់នេះ ដោយដំណាក់កាលទី១ នឹងធ្វើការអភិវឌ្ឍន៍លើផ្ទៃដីទំហំ៥០០ហិកតា។

លោកអាង គីមអៀងប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា ការវិនិយោគបែបនេះជាសម្បទាថ្មីមួយជួយទ្រទ្រង់ និងទាក់ទាញបន្ថែមទៀតដល់រមណីដ្ឋានទេសចរណ៍នេះ ដែលការវិនិយោគបែបនេះសមស្របនឹងនិន្នាការពិភពលោក ដូច្នេះប្រសិនជារមណីយដ្ឋាននេះរៀបចំបានល្អ វានឹងទទួលបានចំណូលកាន់ច្រើន។លោកបន្តថា ទីផ្សារទេសចរណ៍បែបនេះមានកំណើនលើពិភពលោក ក៏ដូចជានៅកម្ពុជា ដូច្នេះកម្ពុជាគួរមានការកែច្នៃរមណីយដ្ឋានកែច្នៃបន្ថែមទៀត ដើម្បីឲ្យកម្ពុជាមានផលិតផលទេសចរណ៍កាន់តែសម្បូរបែប ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ក្រុមផ្សេងៗគ្នា។

លោកបន្តថា “គិរីរម្យពីមុនមកជាទីក្រុងមួយ ព្រោះវាមានភាពទាក់ទាញដោយសារសម្រស់ធម្មជាតិនៅតំបន់នេះ ដែលមានអាកាសធាតុត្រូពិកអំណោយផលជាងនៅអឺរ៉ុប និងប្រទេសជប៉ុន”។លោកបន្តថា “រមណីយដ្ឋាននេះស្ថិតនៅរយៈកម្ពស់ជាង៦០០ម៉ែត្រ គឺជាលក្ខខ័ណ្ឌអំណោយផលដល់ជីវិតមនុស្ស និងសត្វ” ៕

Source From: www.bayontv.com.kh