វិនិយោគិន​ក្នុង​ស្រុក​និង​ឥណ្ឌា​បោះ​ទុន ៩០​លាន​ដុល្លារ សង់​ខុនដូ​និង​បុរី​នៅ​តំបន់​វិហារ​សួគ៌
THURSDAY, 16 June 2016

​ក្រុមហ៊ុន​វិនិយោគទុន​ក្នុង​ស្រុក SKYLAND ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Jet Group និង​ក្រុមហ៊ុន STAR5 Development Pvt., Ltd. ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ឥណ្ឌា បានសម្រេច​បោះទុន​វិនិយោគ​រួមគ្នា​ក្នុង​ទឹកប្រាក់​ប្រមាណ​​ ៩០ ​លាន​ដុល្លារ​អាមេរិក ដើម្បី​វិនិយោគ​ខុន​ដូ និង​វីឡា ដែលមាន​តម្លៃ​ធូរ​ថ្លៃ​ជា​លើក​ដំបូង​នៅ​ឃុំ​វិហារ​សួគ៌ ក្នុងស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​។

លោក​ឧកញ៉ា ស្រី ចាន់ថន អគ្គនាយក​ក្រុមហ៊ុន SKYLAND បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ម្សិលមិញ បន្ទាប់​ពី​បញ្ចប់​ការ​រៀបចំ​ម៉ាកែត​តាំង​បង្ហាញ​គម្រោង​ខុនដូ​របស់​លោក​ថា ពេល​នេះ​ម៉ាកែត​សម្រាប់​ខុនដូ​ទី១ ដែល​មាន​កម្ពស់ ៩​ ជាន់ បាន​បញ្ចប់​ហើយ ខណៈ​ក្រុមហ៊ុន​កំពុង​ដាក់​ពាក្យ​ស្នើ​សុំ​គម្រោង​នេះ​ទៅ​កាន់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មុន​ពេល​ចាប់​ផ្តើម​សាងសង់​ខុន​ដូ​ទី១ ក្នុង​ចំណោម​ខុន​ដូ​ចំនួន ៣​ អគារ នៅ​ក្នុង​ភូមិ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល​។

ខុន​ដូ​នេះ​មាន​ផ្សារ​ទំនើប នៅ​ជាន់​ទី១ និង​ចាប់​ពី​ជាន់​ទី​២ ដល់​ជាន់​ទី​៩ ជា​លំនៅឋាន ដែល​មាន​ផ្ទះ​សរុប​ចំនួន ​២០០​ យូនីត​។

នៅ​ពេល​សួរ​ពី​មូលហេតុ​នៃ​ការ​សម្រច​ចិត្ត​ជ្រើសរើស​ទីតាំង​នេះ លោក​ឧកញ៉ា ចាន់ថន បាន​ពន្យល់​ថា​៖ «​ក្រុមហ៊ុន​ជ្រើស​រើស​យក​ទីតាំង​នេះ ដោយ​សារ​ក្រុមហ៊ុន​បាន​និង​កំពុង​រៀបចំ​រមណីយដ្ឋាន​ខ្នាត​ធំ​នៅ​តំបន់​នេះ ដែល​ពេល​អនាគត​ប្រជា​ពលរដ្ឋ​នឹង​ទៅ​កម្សាន្ត​នៅ​តំបន់​នោះ​ពិសស​តំបន់​នោះ​មាន​ភាព​អំណោយ​ផល​សម្រាប់​វិស័យ​ទេសចរណ៍​»។

លោក​បន្ត​ថា ការ​សិក្សា​ទីផ្សារ​បាន​រក​ឃើញ​ថា ទីផ្សារ​ខុន​ដូ និង​តម្លៃ​ខុន​ដូ ដាក់​ចេញ​គឺ​អាច​ទទួល​យក​បាន ព្រោះ​ខុន​ដូ​នេះ​លក់​ក្នុង​តម្លៃ​ ៧០០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ និង​មាន​លក្ខខណ្ឌ​បង់ប្រាក់​ពិសេស​ដោយ​អតិថិជន​គ្រាន់​តែ​ចំណាយ​ប្រាក់​ក្នុង​មួយ​ខែ​ពី​៣០០ ទៅ​៤០០​ដុល្លារ​អាច​ទិញ​ខុន​ដូ​រស់​នៅ និង​សម្រាប់​លំហែ​ចុង​សប្តាហ៍​បាន​។

ខុន​ដូ​នេះ​មាន​បី​ប្រភេទ​គឺ​ប្រភេទ​ស្ទី​ឌី​យោ​មាន​ទំហំ​៣០​ម៉ែត្រ​ការ៉េ​, បន្ទប់​គេង​១ មាន​ទំហំ ៤៥​ទៅ​៥០​ម៉ែត្រ​ការ៉េ និង​បន្ទប់​គេង​២​ដែល​មាន​ទំហំ ​៦០ ​ម៉ែត្រ​ការ៉េ​។

លោក​ឧកញ៉ា ចាន់ថន បាន​បន្ត​ថា ក្រៅពី​គម្រោង​សាងសង់​ខុន​ដូ​នេះ ក្រុមហ៊ុន​ទាំង​ពីរ​នឹង​ចាប់​ផ្តើម​សាងសង់​វីឡា​ចំនួន​២៤៨​វីឡា​នៅ​តំបន់​នេះ នៅលើ​ផ្ទៃដី ១០​ហិកតា​។ គម្រោង​វីឡា​នេះ​នឹង​រៀបចំ​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទំនើប ដោយ​បង្កប់​ខ្សែ​ភ្លើង​ក្រោម​ដី មាន​ផ្លូវ​ធំ​ទូលាយ មាន​តំបន់​សាធារណៈ​សម្រាប់​អ្នក​រស់ នៅ​ក្នុង​គម្រោង​នេះ​អាច​រៀបចំ​ពិធី​ជប់​លៀង ឬ​អាពាហ៍​ពិពាហ៍​បាន​។

«គម្រោង​ខុនដូ​របស់​យើង​គ្រោង​ចំណាយ​ទុន​វិនិយោគ​៣០​លាន​ដុល្លារ និង​គម្រោង​វីឡា​គ្រោង​ចំណាយ​ទុន​វិនិយោគ​រហូត​ដល់​៦០​លាន​ដុល្លារ​អាមេរិក​»​។ នេះ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក ចាន់ថន​។

អគ្គនាយក​ក្រុមហ៊ុន STAR5 development Pvt., Ltd. លោក C. Kiran Kumar Reddy ដែល​ជា​ដៃ​គូ​វិនិយោគ​ជា​មួយ​ក្រុមហ៊ុន SKYLAND បាន​ថ្លែង​ថា ការ​សម្រេច​ចិត្ត​វិនិយោគ​នៅ​ទីតាំង​ដែល​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ គឺជា​សំណួរ​ដែល​មិត្ត​ភក្តិ​លោក​ជាច្រើន​បាន​សួរ​សំណួរ​នេះ ប៉ុន្តែ​លោក​មើល​ឃើញ​ថា ទីក្រុង​ភ្នំពេញ​កាន់​តែ​មាន​សភាព​ចង្អៀត តម្លៃ​ដីធ្លី​បាន​ឡើង​ថ្លៃ​ខ្ពស់​រួច​ទៅ​ហើយ ហើយ​គម្រោង​ភាគ​ច្រើន​បាន​ផ្តោត​លើ​អតិថិជន​ជា​អ្នក​លំដាប់​ខ្ពស់ ប៉ុន្តែ​ តំបន់​វិហារ​សួគ៌ គី​ជា​តំបន់​ដែល​មាន​ភាព​ទាក់ទាញ​នា​ពេល​អនាគត​។

លោក​បាន​បន្ត​ថា ៖ «​យើង​នឹង​វិនិយោគ​នៅ​ទីនេះ​មួយ​ជំហ៊ាន​ម្តងៗ ហើយ​វីឡា​របស់​យើង​មាន​សួនច្បារ មាន​អាង​ទឹក មាន​កន្លែង​លេង​កីឡា និង​កន្លែង​រៀបចំ​កម្មវិធី​នានា ពិសេស​យើង​នឹង​ផ្តល់នូវ​ប្រព័ន្ធ​ចម្រោះ ទឹក​កខ្វក់ មុន​បង្ហូរ​ចូល​ទន្លេ ព្រោះ​គម្រោង​របស់​យើង​គឺ​ទទួល​ខុស​ត្រូវ​ចំពោះ​បរិស្ថាន និង​សង្គម​»​។

លោក ឈាង បូណា នាយក​ក្រុមហ៊ុន 7FTD ដែល​បាន​និង​កំពុង​សាងសង់​រោងចក្រ​ផលិត​សសរ​គ្រឹះ និង​លូ​នៅ​តំបន់​វិហារ​សួគ៌​បាន​ថ្លែង​ថា រយៈពេល ៥ ​ឆ្នាំ​ចុង​ក្រោយ​នេះ​តំបន់​វិហារ​សួគ៌​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង ដោយ ផ្លាស់​ប្តូរ​ពី​ដី​វាល​ស្រែ​មក​ជា​តំបន់​ឧស្សាហកម្ម ព្រោះ​បច្ចុប្បន្ន​មាន​រោងចក្រ​ចំនួន​ជាង ២០ និង​មាន​មនុស្ស​កាន់​តែ​ច្រើន​មក​រស់នៅ​តំបន់​នេះ​។

​លោក​បន្ត​ថា ៖ «​ពេលណា​មាន​មនុស្ស​មក​រស់​នៅ​មក​ធ្វើ​ការ និង​វិនិយោគ​ច្រើន​នៅ​ទីនេះ វា​ជា​សក្តានុពល​សម្រាប់​អ្នក​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​»​។

លោក​បន្ត​ថា ៖ «​សក្តានុពល​តំបន់​នេះ ដោយ​សារ​វា​មាន​ភូមិសាស្ត្រ​នៅ​ក្បែរ​រាជធានី​ភ្នំពេញ និង​មាន​សណ្ឋាន​ដី ដែល​ផ្តល់​ភាព​ងាយ​ស្រួល​សម្រាប់​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​»​។​

​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន DAILY Realty GROUP បាន​ថ្លែងថា តំបន់​អរិយ​ក្សត្រ និង​វិហារ​សួគ៌​ស្ថិតនៅ​កៀក​គ្នា​នឹង​រាជធានី​ភ្នំពេញ ហើយ​គម្រោង​ខុន​ដូ​ដែលមាន​តម្លៃ​ចន្លោះ​ពី ២៥ ០០០ ​ទៅ ​៣០ ០០០ ​ដុល្លារ គឺអាច​ដំណើរការបាន ប្រសិនជា​មានការ​រៀប​ចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ និង​រមណីយដ្ឋាន​ខ្នាត​ធំ​នៅ​តំបន់​នោះ​បាន​។​

​លោក​បន្ត​ថា ៖ «​ជំហាន​ដំបូង​អ្នកវិនិយោគ​អាច​ពុះ​ដីឡូត៍​លក់ សាងសង់​ផ្ទះល្វែង ឬ​វីឡា​ជាមុន សម្រាប់​អា​ផាត​ម៉ិ​ន ឬ​ខុន​ដូ​អាច​ធ្វើឡើង​តាម​ក្រោយ ព្រោះ​ពេលនេះ​មិនទាន់​ដល់ពេល​នោះទេ តែ​សម្រាប់​រយៈពេល​៥​ឆ្នាំ​ទៅមុខទៀត គឺ​គម្រោង​នេះ​អាច​ទៅមុខ​បាន​»​។​

​លោក ប៉ាន សេង មេភូមិ​វិហារ​សួគ៌​ត្បូង បាន​មានប្រសាសន៍ថា ឃុំ​វិហារ​សួគ៌​មានការ​រីកចម្រើន​ច្រើន​ក្នុងអំឡុងពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដោយ​ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ​រាប់ម៉ឺន​នាក់ ដែល​ពួកគេ​មកពី​ខេត្ត​នានា​ដូចជា ខេត្តកំពង់ចាម តាកែវ ព្រែ​វែង និង​ខេត្តកណ្តាល ជា​ប្រជាជន​នៅ​មូលដ្ឋាន​។

លោក​បន្តថា តម្លៃ​ដីធ្លី​នៅ​តំបន់​នេះ​មិនមាន​ការកើនឡើង​ជា​ដុំកំភួន​នោះទេ តែ​ជីវភាព​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​មានការ​រីកចម្រើន ដោយ​អ្នកខ្លះ​លក់​ដី​បាន​ប្រាក់​យកទៅ​ធ្វើ​ផ្ទះជួល​នៅក្នុង​តំបន់ 7NG ខ្លះ​លក់​ចំណីអាហារ និង​ខ្លះទៀត​ទទួលបាន​ចំណូល តាមរយៈ​ការចូលទៅ​បំពេញការងារ​នៅក្នុង​រោងចក្រ​នានា​នៅ​តំបន់​នោះ​។​

​លោក​បន្តថា ៖ «​តំបន់​នេះ​នឹងមាន​ការរីក​ចម្រើនប​ន្ថែ​ម​ទៀត​នាពេល​អនាគត ប្រសិនជា​មានការ​ធ្វើ​ផ្ទះ​លក់ និង​ធ្វើ​ខុន​ដូ ដែល​នឹង​ទាក់ទាញ​មនុស្ស​កាន់តែច្រើន​មក​រស់នៅ​តំបន់​នេះ​»​។​

​មេឃុំ​វិហារ​សួគ៌​លោក ម៉េង ឈាង​ហេង បាន​ថ្លែងថា ប្រសិនជា​ក្រុមហ៊ុន​ធ្វើ​ផ្ទះ ​ឬ​ ខុន​ដូ​ លក់​នៅ​តំបន់​នេះ អ្នកមូលដ្ឋាន​មិន​ច្រើន​ទេ​ដែលមាន​លទ្ធភាព​ទិញ​គម្រោង​ទាំងនេះ គឺ​អ្នក​មកពី​ក្រៅ​អាចមក​ទិញ​ច្រើន តែ​អាជ្ញាធរ​មូលដ្ឋាន​ស្វាគមន៍​គម្រោង​អភិវឌ្ឍន៍​បែបនេះ ព្រោះ​វា​នឹងធ្វើ​ឲ្យ​តំបន់​នេះ​កាន់តែ​មាន​ភាព​រីកចម្រើន​នាពេល​អនាគត​។​

​លោក​បន្តថា ៖ «​ប្រសិនជា​រដ្ឋាភិបាល​សាងសង់​ស្ពាន​មកកាន់​តំបន់​អរិយ​ក្សត្រ និង​តំបន់​ស្វាយជ្រំ តំបន់​នេះ​នឹងមាន​ការរីកចម្រើន​កាន់តែ​ឆាប់រហ័ស ខណៈ​ពេលនេះ​ជីវភាព​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​មិនទាន់​ធូរធារ​ខ្លាំង​នោះទេ គឺ​ពួកគេ​ភាគច្រើន​មាន​ជីវភាព​មធ្យម​»​។​

​លោក​បន្តថា ភូមិសាស្ត្រ​តំបន់​នេះ ពីមុន​មកជា​ដី​លិច​ទឹក​ច្រើន ប៉ុន្តែ​ពេលនេះ​តំបន់​លិច​ទឹក​ត្រូវ​បង្រួម​នៅសល់​តិច​ដោយសារ​ក្រុមហ៊ុន​ចាក់ដី​ដើម្បី​សាងសង់​រោងចក្រ និង​អភិវឌ្ឍ​គម្រោង​ផ្សេងៗ នៅក្នុង​ឃុំ​នេះ​គឺមាន​ផ្ទៃដី​ធំជាងគេ​នៅក្នុង​ស្រុក​ខ្សាច់កណ្តាល ដែល​បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​រស់នៅ​រហូត​ដល់​ជាង ១៥ ០០០​ នាក់​។​

​ថ្វីបើ​គម្រោង​របស់​ក្រុមហ៊ុន SKYLAND បានបង្ហាញ​ពី​ការចូលរួម​នៅក្នុង​ការអភិវឌ្ឍ​នៅ​កម្ពុជា នាពេល​បច្ចុប្បន្ននេះ​ក៏ដោយ ក៏​សាវតារ​ដើម​របស់​ក្រុមហ៊ុន​នេះ ហាក់​មានការ​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ក្រុមហ៊ុន 7NG ដែល​ទាក់ទង​ទៅនឹង​ការបង្ខំ​ឲ្យ​មានការ​ផ្លាស់ប្តូរ​លំនៅឋាន​របស់​សហគមន៍​ដីក្រហម​នៅ​កណ្តាល​រាជធានី ​ភ្នំពេញ កាលពី​ទសវត្សរ៍​មុន ហើយ​រហូត​មកទល់ពេលនេះ​ក៏​នូវ​មានគ្រួសារ​ជនរងគ្រោះ​ខ្លះ​កំពុងតែ​ជាប់​បណ្តឹង​ជាមួយនឹង​ក្រុមហ៊ុន 7NG ផងដែរ​។​

​អតីត​អនុប្រធាន​របស់ 7NG លោក ស្រី ចាន់ថន បាន​ចាក​ចេញពី​ក្រុមហ៊ុន 7NG ដើម្បី​ចាប់ផ្តើម​គម្រោង​សាងសង់​លំនៅឋាន​ដែល​មាន​តម្លៃ​សមរម្យ ក៏ដូចជា​គម្រោង​វិនិយោគ​ផ្សេងៗ ក្រោម​ឈ្មោះ​ក្រុមហ៊ុន​ថ្មី​របស់​លោក Jet Group ដែលជា​ក្រុមហ៊ុន​ដាច់ដោយឡែក​ពី 7NG​។​

​លោក សំបូរ ជំនួយ​ការ​ផ្ទាល់​ខ្លួន​របស់​លោក ចាន់ថន បាន​ថ្លែងប្រាប់ ប៉ុស្តិ៍ អចលនទ្រព្យ តាម​ទូរស័ព្ទ​កាលពី​ម្សិលមិញ​ថា ការ​សម្រេច​ចិត្ត​របស់​លោក ចាន់ថន ដើម្បី​បង្កើត​ជា​ក្រុមហ៊ុន​ផ្ទាល់ខ្លួន គឺជា​ការ​សម្រេច​ចិត្ត​ដែល​បាន​គ្រោង​ទុក​ជា​មុន​។

​លោក សំបូរ បាន​បន្ថែមទៀត ថា ៖ «​គាត់​សម្រេច​ចិត្ត​ចង់​ធ្វើ​អ្វីដែល​ខុសពី 7NG»​។ លោក​បន្ត ថា ៖ «​គាត់​គឺជា​មនុស្ស​ល្អ ដែល​ចូលចិត្ត​ធ្វើការ​ជាមួយ​នឹង​យុវវ័យ និង​ជួយ​ដល់​អ្នកក្រីក្រ​»​។​

​លោក សំបូរ បាន​ប្រាប់​ដែរ​ថា លោក​ដឹង​ពី​ទំនាស់​របស់ 7NG ជាមួយនឹង​ប្រជាជន​នៅ​សហគមន៍​ដី​ក្រហម ហើយ​ការប្តឹង​នៅ​តុលាការ​ថ្មី​នេះ នឹងធ្វើ​ទៅ​នៅ​ចុងខែ​នេះ​។

លោក​បាន​បញ្ជាក់​ដែរ​ថា បើទោះជា​លោក ចាន់ថន ពុំមាន​ពាក់ព័ន្ធ​ជាមួយ​នឹង 7NG ក៏ដោយ តែ​លោក​មិន​មាន​ទំនាស់​ណា​មួយ​ជាមួយ​នឹង​ឪពុក​របស់​លោក គឺ​លោក សុធា ហើយ​លោក សំបូរ កំពុងតែ​ផ្តោតទៅលើ​គម្រោង​វិនិយោគ​របស់​លោក​នៅ​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល​។​

​លោក សំបូរ បន្ត​ទៀត​ថា ប្រាក់​កម្រៃ​មួយ​ភាគ​ដែល​បានមកពី​ការវិនិយោគ​នៅ​វិហារ​សួគ៌ នឹង​បញ្ចូល​ទៅក្នុង​សមាគម​សប្បុរស 157 ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ា​ណែ​ត ជា​កូនប្រុស​ច្បង​របស់​នាយករដ្ឋ​មន្ត្រី​កម្ពុជា​។​

​បើតាម​លោក សំបូរ សមាគម​នេះ​គឺ​រៀបចំឡើង​ក្នុង​ថ្នាក់​ខេត្ត ហើយ​ផ្តោត​សំខាន់​ទៅលើ​ជន​ចាស់ ជរា និង​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​។ លោក​ចាន់ថន មាន​តួនាទី​ដឹកនាំ​សាខាសមាគម​នេះ​នៅ​ខេត្តកណ្តាល​។​

​នៅពេលដែល​លោក «​ចាក​ចេញពី 7NG» ហើយ​បានចាប់ផ្តើម​ចូលរួម​ក្នុង​គម្រោង​អភិវឌ្ឍ​នៅ​វិហារ​សួគ៌ ប្រជាពលរដ្ឋ​នៅ​ទីនោះ​ហាក់​មិន​ជឿ​ទុក​ចិត្ត​លោក ចាន់ថន ដោយ​លោក​ធ្លាប់មាន​ទំនាក់ទំនង​ជាមួយ​នឹង 7NG Group​។

លោក សំបូរ បាន​បន្ថែម​ទៀត​ថា ឥឡូវនេះ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​មាន​អក​ប្ប​កិរិយា​វិជ្ជមាន​ព្រោះ​គម្រោង​វិនិយោគ​នេះ នឹង​បង្កើត​ជា​ការងារ ឱកាស និង​លំនៅឋាន​ទៅដល់​ពួកគាត់​។

​លោក តែ ចំណាន មេធាវី សម្រាប់​កូនក្តី​ជា​អតីត​ប្រជា​សហគមន៍​ដីក្រហម បាន​ថ្លែង​តាម​ទូរស័ព្ទ​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ អចលនទ្រព្យ កាលពី​ម្សិលមិញ​ថា ៖ «​កូនក្តី​របស់ខ្ញុំ​ចំនួន​ ៥ ​គ្រួសារ កំពុង​ត្រៀមខ្លួន​តតាំង​ក្តី​ជាមួយ​ក្រុមហ៊ុន 7NG នៅ​តុលាការ​កំពូល​ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​៣០ ខែមិថុនា​នេះ​»​។

លោក​បាន​បន្តថា ៖ «​ខាង​ក្រុមហ៊ុន គេ​បាន​ប្តឹង​បក​មក​កូនក្តី​របស់ខ្ញុំ​ទៅ​តុលាការ​កំពូល​បន្ទាប់ពី​សាលាឧទ្ធរណ៍​បានចេញ​សាលដីកា​ឲ្យ​ក្រុមហ៊ុន 7NG ត្រូវ​ផ្តល់​សំណង​ជា​ផ្ទះ​ទៅ​ឲ្យ​កូនក្តី​របស់ខ្ញុំ​ទាំងនោះ ប៉ុន្តែ ខាង​ក្រុមហ៊ុន​គេ​អត់​សុខចិត្ត​ជាមួយ​លទ្ធផល​នេះ​ទេ ទើប​គេ​បន្ត​រឿងក្តី​នេះ​»​។​

​ទោះជា​យ៉ាងណា លោក​មេធាវី ក៏​ហាក់​មាន​ភាពស្រពេចស្រពិល​អំពី​ផ្ទះ​នោះ​នៅឯណា ឬ​ទំហំ និង​តម្លៃ​ប៉ុន្មាន ដោយ​លោក​ពោល​ថា ៖ «​ផ្ទះ​នោះ ប្រហែល​នៅ​ម្តុំ​បុរី​ចោមចៅ​»​។

លោក​មេធាវី បាន​រំព្ញក​ថា កាល​ពី​ដំបូង​ឡើយ​លោក​ទទួលបាន​កូនក្តី​ពី​អតីត​សហគមន៍​ដីក្រហម​ជាង​១០​គ្រួសារ ប៉ុន្តែ​ក្រោយ​ពី​មាន​ការ​សម្រុះ​សម្រួល​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ដែល​បានផ្តល់​សំណង​ជា​ថវិកា​ដល់​សមាជិក​ស​ហគ​មន៍​ជា​កូនក្តី​នោះ​តាម​គោលការណ៍ និង​ក្រោយមកទៀត ក៏មាន​ការបន្ត​ក្តីក្តាំ​ដល់​សាលា​ដំបូង និង​សាលា​ឧទ្ធរណ៍​ជា​ចុង​ក្រោយ​នេះ គឺ​នៅ​សល់​តែ​៥​គ្រួសារ​នេះ​ឯង​។

​លោក​បន្ថែម​ថា ៖ «​យើ​ពុំ​ទាន់​ដឹង​ទេ ករណី​នេះ​វា​នឹង​ត្រូវ​បញ្ចប់​នៅ​ត្រឹម​នេះ ឬ​យ៉ាងណា​នោះ​ទេ​?»៕

Source From: www.postkhmer.com