ភ្នំពេញ​កំពុង​តែ​ក្លាយ​ទៅ​ជា​ទីក្រុង​មួយ​មាន​កម្រិត​តម្លៃ​រស់​នៅ​ខ្ពស់ ក្នុង​តំបន់ APAC
THURSDAY, 16 June 2016

ទីក្រុង​ភ្នំពេញ ត្រូវ​បាន​ប្រកាស​ថា មាន​តម្លៃ​រស់នៅ​សម្រាប់​ជន​បរទេស​ទាប​ជាង​ទីក្រុង​បាងកក និង​ទីក្រុង​ហ្សាការតា តែ​បន្តិច​ប៉ុណ្ណោះ​។

ក្នុង​ពេល​បច្ចុប្បន្ន​នេះ ទីក្រុង​ភ្នំពេញ បាន​ជាប់​ចំណាត់​ថ្នាក់​ទី​៤១ ជា​ទីក្រុង​ដែល​មាន​តម្លៃ​ថ្លៃ​សម្រាប់​ជន​បរទេស ក្នុង​ចំណោម​ទីក្រុង​ ៥០ នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ នេះ​បើ​តាម​របាយ​ការណ៍​របស់ ECA International។

ចំណាត់​ថ្នាក់​នេះ គឺ​បាន​កើន​ឡើង​ពី​លេខ​ ៤៤ កាល​ពី​ឆ្នាំ​មុន ហើយ​បាន​ឡើង​ចំនួន​៧​លេខ ពី​ចំណាត់​ថ្នាក់​ទី​ ៤៨​ កាល​ពី​ឆ្នាំ​ ២០១២​។ ការ​កើន​ឡើង​ក្នុង​កម្រិត​ខ្ពស់​របស់​ក្រុង​ភ្នំពេញ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​រឿង​ល្អ​មួយ​។

ECA International គឺជា​អ្នក​នាំ​មុខ​លើ​ទីផ្សារ​ក្នុង​ការ​ផ្តល់​ចំណេះ​ដឹង ព័ត៌មាន និង​បច្ចេកវិទ្យា ក្នុង​ការ​ជួយ​ក្រុមហ៊ុន​នានា​អាច​ធ្វើ​ការ​ប៉ាន់​ប្រមាណ​អំពី​តម្លៃ និង​ការ​ចំណាយ​សម្រាប់​ជន​បរទេស ដោយ​រួម​មាន​ទាំង​តារាង​ត្រួត​ពិនិត្យ​មើល​ទីក្រុង ដែល​មាន​តម្លៃ​ថ្លៃ​ជាង​គេ​ចំនួន​៥០ នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ ក្នុង​នោះ ការ​ត្រួត​ពិនិត្យ​មើល​ចំនួន​៥​ឆ្នាំ ចាប់​ពី​ឆ្នាំ​ ២០១២ ដល់​ឆ្នាំ​ ២០១៦ ហើយ​ការ​ត្រួត​ពិនិត្យ​មើល​រយៈ​ពេល​១​ឆ្នាំ​ម្តង គឺ​ក្នុង​ឆ្នាំ​ ២០១៥ មក​ដល់​ឥឡូវ​នេះ​។

បើ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក Lee Quane នាយក​គ្រប់​គ្រង​ប្រចាំ​តំបន់​របស់ ECA International សម្រាប់​អាស៊ី បាន​បញ្ជាក់​ថា ការ​វិនិច្ឆ័យ​មើល​រយៈ​ពេល​១​ឆ្នាំ​នេះ មិន​អាច​បង្ហាញ​លម្អិត​ថា តើ​ប្រទេស​មួយ​នោះ​នឹង​នៅ​តែ​រក្សា​ចំណាត់​ថ្នាក់​ដដែល កើន​ឡើង ឬ​ធ្លាក់​ចុះ​នៅ​ឆ្នាំ​ក្រោយៗ​នោះ​ទេ​។

​លោក Quane បាន​ថ្លែង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ពុធ​នេះ​ថា​ ៖ «វា​ល្អ​ជាង​ ប្រសិន​បើ​យើង​សំឡឹង​មើល​ទៅ​លើ​ការ​ត្រួត​ពិនិត្យ​មើល​រយៈ​ពេល​៥​ឆ្នាំ ជា​ជាង​ការ​ត្រួត​ពិនិត្យ​មើល​រយៈ​ពេល​១​ឆ្នាំ ដោយ​ការ​ផ្លាស់​ប្តូរ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ គឺ​អាស្រ័យ​ទៅ​លើ​ស្ថិរភាព​សេដ្ឋកិច្ច​របស់​ប្រទេស​នោះ»។

លោក​បាន​ពន្យល់​ថា មាន​មូល​ហេតុ ​២ ដែល​ធ្វើ​ឲ្យ​ទីក្រុង​ភ្នំពេញ បាន​ឡើង​ចំណាត់​ថ្នាក់​ខ្ពស់​ជាង​មុន ទី​១ គឺ​មក​ពី​ការ​ពង្រឹង​ប្រាក់​ដុល្លារ​ក្នុង​រយៈពេល​ ១២ ​ខែ​នេះ ដែល​នាំ​ឲ្យ​មាន​ការ​ពង្រឹង​ប្រាក់​រៀល និង​សេដ្ឋកិច្ច​ផង​ដែរ​។ នេះ​គឺ​ដោយ​សារ​តែ​សេដ្ឋកិច្ច​ដែល​ប្រើ​ប្រាស់​ដុល្លារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ទី​២ គឺ​ទីក្រុង​ភ្នំពេញ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា មាន​ការ​កើន​ឡើង​នៃ​អតិផរណា​ទូទៅ រួម​មាន​ការ​ចំណាយ​ប្រចាំ​ថ្ងៃ សេវាកម្ម និង​ការ​ដឹក​ជញ្ជូន​។ នេះ​បើ​តាម​សម្តី​របស់​លោក Qune​។ ទិន្នន័យ​ដែល​បាន​មក​ពី ECA អាច​ជួយ​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​ព្យាករ​វិធី​សាស្ត្រ ក្នុង​ការ​ការពារ​សក្តានុពល​ការ​ទិញ សម្រាប់​បុគ្គលិក​ជា​ជន​ជាតិ​បរទេស​របស់​ពួក​គេ​។

ផ្អែក​ទៅ​លើ​ការ​ត្រួត​ពិនិត្យ​រយៈ​ពេល​៥​ឆ្នាំ ដែល​ប្រៀប​ធៀប​ទីក្រុង​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក កាលពី​ឆ្នាំ ​២០១២ ដល់​ឆ្នាំ ​២០១៦ ​នេះ ទីក្រុង​ ភ្នំពេញ បាន​ឈាន​មុខ​គេ​ក្នុង​ចំណោម​ប្រទេស​ជា​ដៃគូ​នៅ​ក្នុង​តំបន់ ដោយ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ៤១ ហើយ​ប្រទេស​ឡាវ ជាប់​ចំណាត់​ថ្នាក់​លេខ ​៤២ ដែល​បាន​ឡើង​ពី​ចំណាត់​ថ្នាក់​លេខ ​៤៤ ទីក្រុង​ហាណូយ​ជាប់​ចំណាត់​ថ្នាក់​លេខ​៤៤ ដោយ​បាន​ឡើង​ពី​លេខ ​៥១ ទីក្រុង​ហូជីមិញ​ជាប់​ចំណាត់​ថ្នាក់​លេខ​ ៤៦ ដោយ​បាន​ឡើង​ពី​ចំណាត់​ថ្នាក់​លេខ​ ៥៤​។

​លោក Quane បាន​កត់​សម្គាល់​ដែរ​ថា​ ៖ «​សម្រាប់​ទីក្រុង​ភ្នំពេញ ការកើនឡើង​ពី​ចំណាត់ថ្នាក់​លេខ ​៤៨ មក​លេខ​ ៤១ ក្នុង​រយៈពេល​ ៥ ​ឆ្នាំ គឺជា​រឿង​ល្អ​មួយ នេះ​មាន​ន័យ​ថា សិ្ថរ​ភាព​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​មាន​លក្ខណៈ​នឹងនរ​»​។​

​ក្នុង​ការ​ពិនិត្យ​មើល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​បង្ហាញ​ថា ទីក្រុង​ជា​ដៃគូ​របស់​ទីក្រុង​ភ្នំពេញ មាន​ភាព​ចម្រុះ​ក្នុង​តម្លៃ​រស់នៅ​សម្រាប់​ជន​បរទេស​។

ទីក្រុង​ហាណូយ នៃប្រ​ទេស​វៀតណាម មានការ​កើន​ឡើង​នៃ​តម្លៃ​ការ​រស់នៅ​ដោយ​បាន​ឡើង​ពី​ចំណាត់ថ្នាក់​លេខ​៥០ ក្នុង​ឆ្នាំ​២០១៥ មក​ចំណាត់​ថ្នាក់​លេខ​៤៦ ក្នុង​ឆ្នាំ​២០១៦​។ ក្នុង​នោះ តម្លៃ​នៃ​ទីក្រុង​បាងកក ចាប់​ផ្តើម​មានការ​ថយ​ចុះ ដោយ​ទីក្រុង​នេះ បាន​ធ្លាក់​ពី​លេខ​៣៨ ក្នុង​ឆ្នាំ​២០១៥ មក​លេខ​៣៩​ក្នុង​ឆ្នាំ​២០១៦​នេះ៕

Source From: www.postkhmer.com