គម្រោងលំនៅឋានសាធារណៈដំបូងគេនៅរាជធានីភ្នំពេញនឹងចាប់ផ្តើមនៅចុងឆ្នាំនេះ
THURSDAY, 16 June 2016

គម្រោងអភិវឌ្ឍន៍​​លំនៅឋាន​សាធារណៈ​លើក​ដំបូង​នៅ​កម្ពុជា ដែល​មាន​បំណង​ជួយសម្រួល​លំនៅឋាន​ដល់​អ្នក​មាន​ប្រាក់​ចំណូល​ទាប​គ្រោង​នឹង​ចាប់​ផ្តើមសាង- សង់​នៅ​ចុង​ឆ្នាំនេះ​ហើយ​។

អ្នកឧកញ៉ា​ សៀ រិទ្ធី អគ្គនាយក​ក្រុមហ៊ុន WorldBridge Land Co., Ltd បាន​ថ្លែង​ឱ្យដឹង​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​អង្គារ​នេះ​ថា គម្រោង​សាងសង់​លំនៅឋាន​សម្រាប់​ប្រជា​ពលរដ្ឋ​មាន​ប្រាក់​ចំណូល​ទាប និង​ប្រាក់​ចំណូល​មធ្យម​នឹង​ចាប់​ផ្តើម​នៅ​ក្នុងខែវិច្ឆិកា​ខាងមុខ ដោយ​នៅ​ក្នុងពេល​នេះ​ក្រុមហ៊ុន​កំពុង​ឱ្យនិស្សិត​ប្រឡង​ស្នាដៃ​ស្ថាបត្យកម្ម ដើម្បី​ជ្រើសរើស​ស្នាដៃ​ល្អឯក​ណាមួយ​សម្រាប់​យក​មក​អនុវត្តន៍​ក្នុង​គម្រោង​នេះ។ គម្រោង​ជ្រើសរើស​ស្នាដៃ​នេះ​អាច​នឹង​ត្រូវ​បញ្ចប់​នៅ​សប្តាហ៍​​នេះ​។

អ្នកឧកញ៉ា​បាន​ថ្លែងថា ៖ “គម្រោង​សាងសង់​លំនៅឋាន​នេះ​គ្រោង​វិនិយោគ​ទឹក​ប្រាក់​100​លាន​ដុល្លារ​ ដែល​​មាន​ទីតាំង​ស្ថិតនៅ​ខាង​កើត​ឆៀង​ខាងត្បូង​រាជធានី​ភ្នំពេញ។ គម្រោង​នេះ​នឹង​បែង​ចែកជា​ពីរ​ដំណាក់​កាល ដោយ​ដំណាក់​កាល​ទី1​ស្ថិត​នៅ​លើ​ផ្ទៃដី​ 20​ហិកតា និង​មាន​លំនៅឋាន​ប្រមាណ​2,000​ខ្នង”។

ទាក់ទង​នឹង​តម្លៃ​លំនៅឋាន​នេះ​ អ្នកឧកញ៉ា​ សៀ រិទ្ធី បាន​ថ្លែងថា លំនៅឋាន​នេះ​ជា​ប្រភេទ​លំនៅឋាន​ផ្ទាល់​ដី និង​មានតម្លៃ​ចាប់ពី2ទៅ3ម៉ឺន​ដុល្លារ​។ គម្រោង​នេះ​មិន​ទាន់​កំណត់​ពេល​បញ្ចប់​នៅ​ពេល​ណា​នោះ​ទេ ព្រោះ​​នឹងធ្វើ​ឡើងជា​បន្តបន្ទាប់និង​ស្ថិតនៅ​ទីតាំងខុសៗគ្នា​នៅ​ភ្នំពេញ​។

គម្រោងអភិវឌ្ឍន៍​​លំនៅឋាន​សម្រាប់​ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់ចំណូល​ទាប​នេះ គ្រោង​នឹង​វិនិយោគ​ដោយ​ក្រុមហ៊ុន​ World Bridge Land Straight Construction ដែលមាន​មូលដ្ឋាននៅ​ប្រទេស​សិង្ហបុរី។

អ្នកឧកញ៉ា​ សៀ រិទ្ធី បាន​ប្រាប់​ទៀត​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​មិន​ទាន់​ទទួល​បាន​ច្បាប់​អនុញ្ញាត​សាងសង់​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ នៅ​ឡើយ​ទេ ព្រោះ​ក្រុមហ៊ុន និង​ក្រសួង​កំពុង​សិក្សា​ពី​បទដ្ឋាន​បច្ចេកទេស និង​នីតិវិធី​មួយ​ចំនួន​មុន​ចាប់​ផ្តើម​គម្រោង​នេះ​ដើម្បី​ឱ្យ​គម្រោង​នេះ​ដំណើរការបាន​ទទួល​ជោគជ័យ។

លោក មាន ចាន់​យ៉ា​ដា អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​ បាន​ឱ្យ​ដឹង​ថា សាលា​រាជធានី​ភ្នំពេញ មិន​ទាន់​បាន​ទទួល​សំណើ​ពី​ក្រុមហ៊ុន​នេះ​នៅឡើយ​ទេ។

អនុ​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឯកឧត្តម ឡៅ ទិព្វ​សីហា មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ​ក្រសួង​នៅ​​មិនទាន់​បាន​ទទួល​សំណើ​សុំ​ពី​ក្រុមហ៊ុន​នេះ​នៅឡើយ​ទេ តែ​ជា​គោលការណ៍​រួម​ឱ្យ​តែ​សំណង់​សាង​សង់​សម្រាប់​ប្រជាពលរដ្ឋ​មាន​ប្រាក់​ចំណូល​ទាប​ គឺ​ក្រសួង​​គាំទ្រ ប៉ុន្តែ​ម្ចាស់​គម្រោង​ក៏​ត្រូវតែ​គិតគូរ​ពី​សុវត្ថិភាព គុណភាព សំណង់ និង​បរិស្ថាន​នៅក្នុង​គម្រោង​នេះ​ឱ្យបាន​ល្អ ពិសេស​ការ​កំណត់​អត្តសញ្ញាណ​ជនក្រីក្រ​ឱ្យបាន​ច្បាស់លាស់ ដើម្បី​កុំឱ្យសំណង់​នេះ​ពេល​សាងសង់​រួច​អ្នក​មាន​លទ្ធភាព​ខ្ពស់​ជា​អ្នក​ទទួល​បាន​ផល​ប្រយោជន៍​ទៅ​វិញ។

ឯកឧត្តម​អះអាងថា ៖ “ការ​គិត​គូរ​ពី​សុវត្ថិភាព គុណភាព បរិស្ថាន សន្តិសុខ​ពិត​ជា​មាន​សារ​សំខាន់​ណាស់ ដើម្បី​ឱ្យ​សហគមន៍​រស់នៅ​មាន​ភា​ព​រីករាយ និង​មាន​សណ្តាប់​ធ្នាប់។ ក្រុមហ៊ុន​វិនិយោគ​ក្នុង​គម្រោង​នេះ​ក៏​គួរ​គិត​គូរ​​ឱ្យមាន​ប្រព័ន្ធ​សន្តិសុខ និង​ប្រធាន​សហគមន៍​ដើម្បី​គ្រប់គ្រង​សហគមន៍​នេះ​ឱ្យបាន​ល្អ​ផង​ដែរ”។

ឯកឧត្តម ឡៅ ទិព្វ​សីហា បាន​បន្តថា បច្ចុប្បន្ន​នៅ​ទូទាំងប្រទេស​ត្រូវការ​លំ​នៅ​ឋាន​ជា​មធ្យម​10,000ខ្នង​ជា​​រៀងរាល់ឆ្នាំ ប៉ុន្តែ​ការផ្គត់ផ្គង់​ជាក់ស្តែង​មិនបាន​ឆ្លើយតប​គ្រប់គ្រាន់​នឹង​តម្រូវការ​នោះទេ គឺ​បានតែ​ចន្លោះ​ពី​7,000 ​ទៅ 8,000ខ្នង​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំៗ។ ការសាងសង់​លំនៅឋាន​ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្តែង ប្រមាណ​10,000​ខ្នង​អាច​ធ្វើបាន​អំឡុង​មុនពេល​វិបត្តិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សាកល​កាលពី​ឆ្នាំ2008 ប៉ុន្តែ​ចាប់​តាំង​ក្រោយ​វិបត្តិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សកល ការផ្គត់ផ្គង់​លំនៅឋាន​ទូទាំងប្រទេស​មិនបាន10,000ខ្នង​នោះទេ។

ឯកឧត្តម​បន្តថា ប្រសិនជា​គម្រោង​នេះ​ទទួលបាន​ការគាំទ្រ​ពី​រាជ​រដ្ឋាភិបាល តាមរយៈ​ការផ្តល់​ប្រព័ន្ធ​ទឹក ភ្លើង​ក្នុងតម្លៃ​ទាប​​​ជាង​តំបន់​ដទៃទៀត​នោះ​ វា​នឹង​រឹត​តែ​បន្ថែម​នូវ​​ភាព​ទាក់ទាញ​មនុស្ស​ទៅ​រស់នៅ​កាន់​តែ​ច្រើន ជាក់ស្តែង​ដូចជា​ការជួយ​សម្រួល​ទឹក​ភ្លើង​ជូន​បងប្អូន​កម្មករ កម្មការិនី និង​អ្នក​ជួល​ផ្ទះ​ផ្សេងទៀត​របស់​រដ្ឋាភិបាល​នា​ពេល​កន្លង​មក គឺ​ទទួលបាន​ការគាំទ្រច្រើន​។

អគ្គនាយក​ក្រុមហ៊ុន Century21 Mekong លោក​ច្រឹ​ក សុខ​នី​ម បាន​ថ្លែងថា ប្រសិនបើ​​គម្រោង​នេះ​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ និង​មាន​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ល្អប្រសើរ​ដូចជា មាន​ប្រព័ន្ធ​ទឹក​ភ្លើង​ត្រឹម​ត្រូវ មាន​​សាលារៀន មន្ទីរពេទ្យ​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល គម្រោង​នេះ​នឹងមាន​ភាព​ទាក់ទាញ និង​រីក​ចម្រើន​ឆាប់​រហ័ស​ ហើយ​អ្នករស់នៅ​ក្បែរ​សហគម​ន៍​បែបនេះ​នឹង​ទាញយក​ផលប្រយោជន៍​បាន​ច្រើន​ពី​សហគមន៍​នេះ ប៉ុន្តែ​ប្រសិន​បើ​​គម្រោង​នេះ​ស្ថិតនៅ​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ និង​មិនមាន​ការគាំទ្រ​ពី​រដ្ឋាភិបាល ដោយ​គ្មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​គម្រោង​នេះ​នឹង​អាច​ដំណើរការ​យឺត។

លោក​បន្តថា ​៖ “លំនៅឋាន​លក់​ក្នុងតម្លៃ​នេះអាចនឹងទទួល​បានកា​រ​ចាប់​អា​រម្មណ៍​ច្រើន ប្រសិនបើ​សំណង់​មានគុណ​ភាព សុវត្ថិភាព និង​ការរៀបចំ​សហគមន៍​មាន​របៀបរៀបរយ​ល្អប្រសើរ”។

អ្នកនាង អាន សុធី​តា នាយិកា​រង​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​ថ្លែងថា បើគិត​សម្រាប់​ប្រជាពលរដ្ឋ​ក្នុងស្រុក គម្រោង​នេះ​ពិតជា​ឆ្លើយតប​តាម​ទីផ្សារ​ក្នុងស្រុក​ហើយ ប៉ុន្តែ​សំខាន់​ទីតាំង​ក្នុង​គម្រោង​នេះ​ធ្វើយ៉ាងណា​កុំឱ្យ​ស្ថិតនៅ​ឆ្ងាយ​ពី​ក្រុង​ខ្លាំងពេក។ ប្រសិនជា​គម្រោង​នេះ​ស្ថិតនៅ​ចម្ងាយ​10គីឡូម៉ែត្រ​ពី​​រាជធានី​ភ្នំពេញ​វា​នឹង​មិនមាន​បញ្ហា​អ្វី​នោះទេ ប៉ុន្តែ​បើ​ឆ្ងាយ​ជាង​នេះ​វា​អាច​នឹង​ពិបាក​ទាក់​ទាញ ព្រោះ​ទោះជា​ទីក្រុង​យើង​តូចក្តី ប៉ុន្តែ​ប្រព័ន្ធ​ចរាចរណ៍​របស់​យើង​មាន​ភាព​រញ៉េរញ៉ៃ​ណាស់​​៕

Source From: www.lareine.news