20ឆ្នាំទៀតអចលនទ្រព្យនឹងមានតម្លៃប្រហាក់ប្រហែលគ្នា
FRIDAY, 17 June 2016

​អ្នក​ជំនាញ​អចលនទ្រព្យ​បាន​និយាយ​ថា តម្លៃ​អចលន​ទ្រព្យ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នឹង​មាន​តម្លៃ​ស្ទើរ​ប្រហាក់​ប្រហែល​គ្នា​ទាំង​អស់​នៅ​រយៈពេល​20​ឆ្នាំខាងមុខ​ទៀត។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា លោក គីម ហ៊ាង បាន​ឱ្យ​ដឹង​ថា កំណើន​នៃ​ការ​បើក​អាជីវកម្ម​នៅ​ក្នុង​តំបន់​សំខាន់ៗ​នៅ​ជាយ​រាជធានី​​ភ្នំពេញ​បាន​ចាប់​ផ្តើម​រីក​ចម្រើន​ព្រមៗ​គ្នា​ដែល​នេះ​ជា​ហេតុ​ផល​​​ជំរុញ​ឱ្យ​តម្លៃ​ដីធ្លី​ក្នុង​តំបន់​ទាំង​នោះ​កាន់​តែ​មាន​តម្លៃ​ប្រហាក់​ប្រហែល​គ្នា ហើយ​មិន​យូរ​ទេ​ គឺ​10​ទៅ​20ឆ្នាំ​ទៀត​ដីធ្លី​នៅ​ភ្នំពេញ​នឹង​មាន​តម្លៃ​ទីផ្សារ​ប្រហែល​គ្នា។

លោក​បញ្ជាក់​ថា បច្ចុប្បន្ន​​​តម្លៃ​ដីធ្លី​នៅ​តំបន់​បឹង​កេងកង​1 ថ្លៃ​ជាង​តំបន់​ទួលគោក ព្រោះ​បឹង​កេង​កង​1 ជា​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​រស់​រវើក និង​ជា​កន្លែង​ស្នាក់​នៅ​ដ៏ពេញ​និយម​បំផុត​នៅ​ភ្នំពេញ​ ប៉ុន្តែ​រយៈ​ពេល​10​ក្រោយ ដីធ្លី​នៅ​តំបន់​ទួលគោក និង​ក្នុងតំបន់​បឹង​កេងកង1 អាច​នឹង​មាន​តម្លៃ​ប្រហាក់​ប្រហែលគ្នា​ ព្រោះ​ដីធ្លី​នៅ​ទួល​គោក​កំពុង​ក្លាយ​ជា​កន្លែង​ដែល​មាន​ភាព​ទាក់​ទាញ​សម្រាប់​បើក​អាជីវកម្ម​ដូច​ជា​ សាលារៀន មន្ទីរ​ពេទ្យ និង​ផ្សារ​ទំនើប​ជា​ដើម​។ ដូច្នេះ​20​ឆ្នាំ​ក្រោយ​​នៅក្នុង​រាជធានី​ភ្នំពេញ ដីធ្លី និង​ផ្ទះសម្បែង​នឹង​មាន​តម្លៃ​ប្រហែល​គ្នា​មិន​ប្រកាន់​តំបន់​នោះ​ឡើយ។

សូម​ជម្រាប​ថា បច្ចុប្បន្ន​នេះ​ដីធ្លី​នៅ​ក្នុង​រាជធានី​ភ្នំពេញ តំបន់​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​មួយ​ម៉ែត្រការ៉េ​ មាន​តម្លៃ​ចន្លោះ​ពី​ 2,000 ​ទៅ ​6,000ដុល្លារ និង​តំបន់​លំនៅឋាន​ មាន​តម្លៃ​​ពី​ 800 ​ទៅ ​3,000​ដុល្លារ​។

លោក វ៉ន ចាន់ថន ប្រធាន​ក្រុមហ៊ុន​អចលន​ទ្រព្យ​ថោន ស៊ីធី បាន​និយាយ​ថា តម្លៃ​ដីធ្លី​ក្នុង​រាជធានី​ភ្នំពេញ​អាច​មាន​និន្នាការ​កើន​ឡើង​នៅ​ក្នុង​តំបន់​ណាមួយ​នោះ​ គឺ​វា​អាស្រ័យ​លើ​កំណើន​នៃ​ការវិនិយោគ​ក្នុង​តំបន់​នោះ​ជាមួយ​នឹង​គម្រោង​ថ្មីៗ ដែល​មាន​ដូច​ជា ​តំបន់​សេដ្ឋកិច្ច​ពិសេស តំបន់​ធ្វើ​រោងចក្រ ទីក្រុង​រណប និង​គម្រោង​សាងសង់​ហេដ្ឋារចនា​សម្ព័ន្ធថ្មី។

លោកបាន​អះអាង​ថា ដីធ្លី​កំពុង​ឡើង​ថ្លៃ​ស្ទើរ​គ្រប់​តំបន់​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ​ការ​ឡើង​ថ្លៃ​ច្រើន ឬ​តិច​វា​​អាស្រ័យ​លើ​ភាព​អំណោយ​ផល​នៃ​តំបន់​នោះ និង​កម្លាំង​ជំរុញ​ពី​វិនិយោ​គិន​ក្នុងស្រុក​ និង​បរទេស​។

យោងតាមរបាយការណ៍​ក្រុមហ៊ុន​អចលន​ទ្រព្យថោន ស៊ីធី នៅ​ដើម​ឆ្នាំ2016 នេះ​តម្លៃ​ដីធ្លី​ក្នុង​ខណ្ឌ​ចំកា​មន មាន​តម្លៃ​ចន្លោះ​ពី1,500​ដុល្លារ​ទៅ​5,200​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ គឺ​កើន​ឡើង​ចាប់​ពី​15% ទៅ ​25%​បើ​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ខណៈ​ខណ្ឌ​ដូនពេញ មាន​តម្លៃ​ជា​មធ្យម​3,200ដុល្លារ ទៅ​5,600​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ និង​ខណ្ឌ​ទួលគោក​ មាន​តម្លៃ​ជា​មធ្យម​1,300​ដុល្លារ​ទៅ​ 2,700​ដុល្លារ និង​ខណ្ឌ​7មករា​មាន​តម្លៃ​ជា​មធ្យមចន្លេាះពី​ 2,300 ​ទៅ​ 4,000​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ៕

Source From: www.lareine.news