CVEA ត្រៀមរៀបចំការប្រកួតប្រជែងសេវាកម្មវាយតម្លៃនៅកម្ពុជា
Tuesday, 21 June 2016

ក្នុងគោលដៅពង្រឹង​សេវាកម្ម​វាយតម្លៃ​អចលន​ទ្រព្យ​នៅ​កម្ពុជា​ឱ្យ​កាន់​តែ​ខិត​ចូល​មក​កៀក​គ្នា សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា (Cambodian Valuers and Estate Agents Association) ត្រៀម​ធ្វើ​ការ​ប្រកួត​ប្រជែង​ដើម្បី​កំណត់​យក​រូបមន្ត​សម្រាប់​ការ​វាយ​តម្លៃ​អគារ និង​ដីធ្លី​នៅ​ដើមខែ​កក្កដា​ខាង​មុខ​នេះ។

លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ដើម្បី​ឱ្យ​សេវាកម្ម​វាយតម្លៃ​អចលន​ទ្រព្យ កាន់​តែ​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​អតិថិជន​ជា​ម្ចាស់​កម្មសិទ្ធិ​ដីធ្លី ផ្ទះ​អគារ​ផ្សេងៗ ក៏​ដូច​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នានា សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា នឹង​រៀបចំ​ការ​ប្រកួត​ប្រជែង​សេវាកម្ម​​វាយ​តម្លៃ ដែល​អាច​កំណត់​តាម​រូបមន្ត​ផ្សេងៗ​ទៅ​តាម​ក្រុមហ៊ុន​នីមួយៗ សម្រាប់​ចូល​រួម​ប្រកួត​ប្រជែង​ដើម្បី​ដណ្តើម​ពាន​រង្វាន់ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី9 ខែកក្កដា ឆ្នាំ2016ខាង​មុខនេះ។

លោក​បាន​បញ្ជាក់​ថា ៖ “បច្ចុប្បន្ន​ក្រុមហ៊ុន​ដែល​មាន​អាជ្ញាប័ណ្ណ​វាយ​តម្លៃ​អចលន​ទ្រព្យ​នៅ​កម្ពុជា​ មាន​ចំនួន​34។ ក្រុម​ហ៊ុន​ទាំង​អស់​កំពុង​បម្រើ​សេវាកម្ម​វាយតម្លៃ​អគារ​ផ្ទះ ដីធ្លី ប៉ុន្តែ​ក្រុមហ៊ុន​ទាំង​នេះ​បាន​ប្រើ​ប្រាស់​រូបមន្ត​កំណត់​តម្លៃ​អចលន​ទ្រព្យ​ផ្សេងៗ​គ្នា ដែល​អាច​ធ្វើ​ឱ្យ​មាន​ចំណុច​លម្អៀង​កើត​ឡើង​ ដូច្នេះ​ដើម្បី​កុំឱ្យ​ចំណុច​លម្អៀង មាន​គ​ម្លា​តពីគ្នា​ខ្លាំង សមាគមនឹង​រៀបចំ​ឱ្យមាន​ការប្រកួតប្រជែង​ដណ្តើម​ជ័យលាភី​លេខ1 ដែល​ទទួលបាន​ប្រាក់រង្វាន់​ចំនួន1,000ដុល្លារ​ សម្រាប់ជាការ​លើកទឹកចិត្ត”។

លោក​បាន​បន្ត​ថា មកទល់​ពេល​នេះ​សេវាកម្ម​វាយតម្លៃ​អចលនទ្រព្យ​មាន​ភាពប្រសើរឡើង​ជា​លំដាប់ ជា​ពិសេស​ចាប់តាំងពី​កម្ពុជា​បាន​ក្លាយខ្លួនជា​ម្ចាស់ផ្ទះ ​រៀបចំ​កិច្ចប្រជុំ​សមាគម​អ្នក​វាយ​តម្លៃ​អចលនទ្រព្យ​អាស៊ាន ប្រចាំ​ឆ្នាំ2016 ស្ថិតក្រោមពាក្យស្លោកមួយឃ្លា​ថា ​“សមាគម​តែមួយ​សេវាកម្ម​វាយតម្លៃ​តែមួយ”។

ទោះ​បីជា​យ៉ាង​ណា​ក៏​ដោយ ​ក៏​គេ​សង្កេត​ឃើញ​ថា ​សេវាកម្ម​វាយតម្លៃ​អចលនទ្រព្យ​នៅ​កម្ពុជា​ហាក់​នៅ​តែមាន​ភាពលម្អៀង​ពីគ្នា​នៅ​ឡើយ ព្រោះមាន​ម្ចាស់ផ្ទះ​ ឬ​អគារ​មួយចំនួន​ដើម្បី​បានទទួល​ប្រាក់កម្ចី​ពី​ធនាគារ​ច្រើន ក៏​អាច​និយាយ​ត្រូវ​គ្នា​ជាមួយ​ភ្នាក់ងារ​វាយតម្លៃ​អចលនទ្រព្យ​របស់ខ្លួន ហើយ​អាច​និយាយ​គ្នា​មុន​ដើម្បី​បាន​តម្លៃ​ខ្ពស់​ចំពោះ​អគារ ឬដីធ្លី​ផ្ទះ​​របស់ខ្លួន ក្នុង​គោលបំណង​ទទួលបាន​កម្ចី​ពី​ធនាគារ​កាន់តែច្រើន ដែលជា​កត្តា​បង្ក​ឱ្យមាន​ហានិភ័យ​ដល់​ការផ្តល់​ប្រាក់កម្ចីខ្លះៗផងដែរ។

លោកប្រធាន​សមាគម​បាន​​បញ្ជាក់​ថា សេវាកម្ម​វាយតម្លៃអចលន​ទ្រព្យ​​នៅ​ប្រទេសកម្ពុជា​នា​ពេល​បច្ចុប្បន្ន​​ពិត​ជា​មាន​ភាពលម្អៀង​នៅឡើយ ព្រោះ​ការវាយតម្លៃ​កំណត់ដោយ​រូបមន្តខុសៗគ្នា ដូច្នេះ​មិនអាច​ត្រូវ​គ្នា​បាន​100%នោះទេ ដោយ​ជួន​កាល​គេ​គិត​បន្ថែម​ទៅលើ​ប្រាក់ចំណូល​ផងដែរ។ ​

ខាង​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ផ្តល់ប្រាក់​កម្ចី​ក៏​មិនមែន​គិត​តែ​ទៅលើ​តម្លៃ​អគារ ​ដីធ្លី ឬផ្ទះសម្បែង​តែមួយ​មុខ​នោះទេ តែ​គេ​គិត​ទៅលើ​ប្រាក់​ខែ ឬ​ប្រាក់​ចំណូល​នៅក្នុង​គ្រួសារ រួម​នឹង​អាជីវកម្ម​ផ្សេងៗ​ទៀត​ផង​ដែរ​មុន​នឹង​សម្រេច​ចិត្ត​ផ្តល់ប្រាក់​កម្ចី ទៅ​ឱ្យ​អតិថិជន​ដើម្បី​ចៀសវាង​កើត​មាន​ហានិភ័យ​នៅពេលក្រោយ​។

គួរ​បញ្ជាក់ថា សេវាកម្ម​វាយតម្លៃ​អចលនទ្រព្យ គឺគេ​ធ្វើឡើង​ដើម្បី​វាយតម្លៃ​ទៅលើ​អចលន​ទ្រព្យ​ អគារ​ ឬផ្ទះ ដើម្បី​យកទៅដាក់​ធានា​ជាមួយ​ទ្រព្យ​បញ្ចាំ ឬ​ដើម្បី​យកទៅ​តម្កល់​នៅ​ស្ថានទូត​នានា​ក្នុង​ការ​ធានា​សម្រាប់​ការ​ចេញទៅ​សិក្សា ឬ​ទៅ​រស់នៅ​បរទេស ព្រម​ទាំង​ដើម្បី​ឱ្យដឹង​អំពី​តម្លៃ​របស់​អចលន​ទ្រព្យ​ដែល​ខ្លួន​កំពុង​កាន់​កាប់​ផង​ដែរ៕

Source From: www.lareine.news