រដ្ឋាភិបាល​មាន​គម្រោង​សង់​ព្រលានយន្តហោះ​ថ្មី​មួយទៀត​នៅ​ជិត​រាជធានី​ភ្នំពេញ
Wednesday, 22 June 2016

(​ភ្នំពេញ​) ៖ រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាស​សម្រេច​រក្សា​តំបន់​សន្តិសុខ និង​សុវត្ថិភាព​ជុំវិញ​បរិវេណ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ដែល​មាន​វិវាទ ឱ្យ​ស្ថិតក្នុង​ស្ថានភាព​ដដែល​សិន​ដោយ​ពុំ​មាន​ការពង្រីក​ព្រលានយន្តហោះ​នោះទេ តែ​បាន​និង​កំពុង​រៀប​គម្រោង​សាងសង់ ព្រលាន​យន្តហោះ​ថ្មី​មួយទៀត​ដែល​មាន​ចម្ងាយ​ពី​៣០​ទៅ​៤០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​។​

​ការប្រកាស​នេះ​ធ្វើឡើង​នៅ​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​ថ្ងៃ​ទី​២១ មិថុនា ក្រោយ​ពី​ពលរដ្ឋ​ប្រមាណ​៦០០​គ្រួសារ​ដែល​រស់​នៅក្នុង​ភូមិ​ចំនួន​៥ ក្បែរ​របង​ព្រលានយន្តហោះ​បាន​នាំគ្នា​តវ៉ា និង​ដាក់​ញត្តិ​សុំ​កិច្ច​អន្តរាគមន៍​ពី​ប្រមុខ​រាជរដ្ឋាភិបាល​និង​ស្ថាប័ន​​ពាក់ព័ន្ធ​អស់​ពេល​ជិត​៤​ឆ្នាំ ដើម្បី​ឱ្យ​ជួយ​រក​ដំណោះស្រាយ​លើ​ផលប៉ះពាល់​ផ្ទះសម្បែង​និង​មុខរបរ​ពួកគាត់​ដោយសារ​គម្រោង​​ពង្រីក​ព្រលានយន្តហោះ​នោះ​។​

​បន្ទាប់ពី​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការសម្រេច​របស់​រាជរដ្ឋាភិបាល​ស្តី​ពី​សំណង់​អគារ ផ្ទះសម្បែង​ស្ថិតក្នុង​តំបន់​សន្តិសុខ​និង​តំបន់​សុវត្ថិ​​ភាព​ជុំវិញ​បរិវេណ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ លោក​ទេសរដ្ឋមន្ត្រី យឹម ណុល​ឡា ប្រធាន​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា​រាជរដ្ឋាភិបាល​បានសម្រេច​រក្សា​តំបន់​នេះ​​ឲ្យ​ស្ថិតក្នុង​ស្ថានភាព​ដដែល​សិន និង​ពុំ​មាន​ការពង្រីក​បរិវេណ​បន្ថែម​ទេ​។ 

​លោក​បញ្ជាក់ថា “​អត់​ពង្រីក​ទេ អ៊ីចឹង​បងប្អូន​ពលរដ្ឋ​អត់​មាន​បញ្ហា​ទេ​សូម​កុំ​បារម្ភ​អី​”​។ 

​បើ​តាម​លោក ណុល​ឡា អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​បច្ចុប្បន្ន​មិន​អាច​ពង្រីក​បានទេ​ដោយ សារ​ទីតាំង​មាន​ភាព​តូចចង្អៀត និង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​នោះ​។ លោក​ថា រាជរដ្ឋាភិបាល​នឹង​សាងសង់​ព្រលានយន្តហោះ​ថ្មី​មួយទៀត​ដែល​មាន​ចម្ងាយ​ប្រមាណ ពី ៣០ ទៅ ៤០ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​ដោយ​សង់​ស្របតាម​ស្តង់ដារ​អាកាសចរណ៍ អន្តរជាតិ​។ 

​ប៉ុន្តែ​លោក​ពុំ​បាន​បញ្ជាក់​ពី​ទីតាំង​បាន​ជាក់លាក់​នៅឡើយ​ទេ​។ 

​ចំណែក​អនុរដ្ឋលេខាធិការ​អាកា​ស​ចរណ៍​ស៊ីវិល​លោក សយ សុខា​ន់ ក៏​បាន​បញ្ជាក់​ប្រាប់​បណ្ដា​ញ​សារព័ត៌មាន​ក្នុងស្រុក​មួយ​ដែរ​ថា រាជរដ្ឋាភិបាល​បាន​សម្រេច​ទុក​តំបន់​សុវត្ថិភាព និង​សន្តិសុខ​ព្រលាន​យន្តហោះ​ឲ្យនៅ​ស្ថានភាព​ដដែល​ដូច្នេះព​ល​រដ្ឋ​អាច រៀបចំ ឬ​ជួសជុល​លំនៅឋាន​បានតែ​ត្រូវ​មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ និង​គោរព​តាម​ស្តង់ដារ​កម្ពស់​ដែល​ជា​ឧបសគ្គ​នៃ​ការចុះ​ចត​របស់​យន្តហោះ​។ 

​លោក​ថា “​រដ្ឋាភិបាល​កំពុង​តែ​មាន​ផែនការ​យក​ព្រលានយន្តហោះ​នេះ​ចេញ​ទៅ​ក្រៅ មិនមែន​មានន័យ​ថា​លើក​ពោធិ៍ចិនតុង​ទៅ​ក្រៅ​ទេ​គឺ​ទៅ​រក​ទីតាំង​ថ្មី​ទៀត ដើម្បី​អភិវឌ្ឍ ព្រោះ​ថា​សព្វថ្ងៃនេះ​ទេសចរណ៍​មាន​កំណើន​ទៅ​មុខ​ហើយ ព្រលាន​យន្តហោះ​នៅ​ភ្នំពេញ​នៅ​ឆ្នាំ ២០១៤ និង ២០១៥ នេះ​មាន​ភ្ញៀវ​មក​ជិត​៤​លាន​នាក់​ហើយ​ចំណុះ​ព្រលាន​សព្វថ្ងៃ​នេះ​ទទួលបាន​តែ​៥ លាន​នាក់​ទេ​អ៊ីចឹង​រដ្ឋាភិបាល​ត្រូវ​រួសរាន់​រក​ទីតាំង​ថ្មី​”៕

Source From: www.kohsantepheapdaily.com.kh