ភាគខាងត្បូងក្រុងកំពុងក្លាយជាតំបន់ពុះដីឡូត៍លក់
THURSDAY, 23 June 2016

វិនិយោគិន​ក្នុង​ស្រុក និង​បរទេស​បាន​សហការ​គ្នា​បោះ​ទុន​ចំនួន​12 លាន​ដុល្លារ​លើ​ការ​វិនិយោគ គម្រោង​ពុះ​ដីឡូត៍​លក់​ក្នុង​តំបន់​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ ខណៈបច្ចុប្បន្ន​​តំបន់​នៅ​​ភាគ​ខាង​ត្បូង​កំពុង​ទទួល​បាន​នូវ​​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​លើ​ការ​វិនិយោគ​លំនៅឋាន។

ម្ចាស់​គម្រោង​ដីឡូត៍​សុរិន្ទ​ភូមិ​ បាន​អះអាងថា ក្រុមហ៊ុន​លោក​នឹង​ធ្វើឱ្យ​ទីនោះ​​​ក្លាយជា​តំបន់​បៃតង​គំរូ​សម្រាប់​ការរស់នៅ។ គម្រោង​ដីឡូត៍​ដ៏​ធំ​នេះ​បាន​លាតសន្ធឹង​លើ​ផ្ទៃដី​ជាង 8ហិកតា ដោយ​ពុះ​ជា​ឡូត៍ ក្នុង​ដំណាក់​កាល​ទី1 ប្រមាណ​ជាង 90ឡូត៍ ដែល​នឹង​បំពេញតម្រូវការ​ប្រជាជន​ចំណូល​មធ្យម​បាន​យ៉ាងច្រើន​។

លោក ថាវ លី​ណា នាយក​ក្រុមហ៊ុន PCD Development និង​ជា​ម្ចាស់​ភាគហ៊ុន​គម្រោង​ដីឡូត៍​សុរិន្ទ​ភូមិ​ បានឱ្យដឹងថា រយៈពេល2ឆ្នាំ​ចុង​ក្រោយនេះ​តម្លៃ​ដីធ្លី​ក្នុង​រាជធានី​បាន​ឡើងថ្លៃ​ខ្ពស់​ស្រាប់​ទៅហើយ​ ជា​ហេតុ​ធ្វើឱ្យ​អ្នក​ដែលមាន​ចំណូល​ទាប​ពិបាក​រក​ទិញ​អចលនទ្រព្យ​ក្នុង​ទីក្រុង​ណាស់ ​ដូច្នេះ​បានជា​ដីធ្លី​នៅ​តំបន់​​​ជាយក្រុង​ចាប់ផ្តើម​មាន​តម្រូវការ​កើនឡើង​ខ្ពស់​។ ​ជាក់ស្តែង​គម្រោង​ពុះ​ដីឡូត៍លក់​ក្នុង​ភូមិសាស្ត្រ ​ភាគ​ខាង​ត្បូង​រាជធានី​ភ្នំពេញ​នៅ​ដើម​ឆ្នាំនេះ​បាន​កើនឡើង​យ៉ាងច្រើន​។

លោក​ថ្លែង​ថា ៖ “ភាគខាងត្បូង​រាជធានី​ភ្នំពេញ​ជា​តំបន់​មួយ​ដែល​ល្អ​សម្រាប់​ការ​​​អភិវឌ្ឍ​លំនៅឋាន ខណៈ​​ទីនោះ​មាន​សុវត្ថិភាព​ពី​គ្រោះទឹកជំនន់។ ដូច្នេះ​ខ្ញុំ​គិតថា នេះ​ជា​ឱកាស​មួយ​សម្រាប់​ក្រុមហ៊ុន​យើង​ធ្វើ​ការ​​អភិវឌ្ឍ ស្រប​ជាមួយ​សេដ្ឋកិច្ច​កំពុង​រីកចម្រើន​”។ លោក​បាន​បន្តទៀតថា ៖ “ខ្ញុំ​ចង់ធ្វើឱ្យ​តំបន់​នោះ​ក្លាយទៅជា​គំរូ​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា ព្រោះ​តាម​ការវិភាគ​របស់​អ្នកជំនាញ​ឱ្យដឹងថា តម្លៃ​ដីធ្លី​នៅ​តំបន់​ភាគខាងត្បូង​នឹងមាន​ការកើនឡើង”។

ពាក់ព័ន្ធ​នឹង​គម្រោង​វិនិយោគ​ដីឡូត៍​នៅ​តំបន់​ជាយក្រុង​នេះដែរ អ្នកជំនាញ​អចលនទ្រព្យ លោក វ៉ន ចាន់ថន ប្រធាន​ក្រុមហ៊ុនអច​លន​ទ្រព្យ ថោ​ន ​ស៊ី​ធី ​បាន​គាំទ្រ​ឱ្យមាន​ការវិនិយោគ​គម្រោង​ដីឡូត៍​នៅតាម​តំបន់​ជាយក្រុង​ឱ្យបាន​ច្រើន ព្រោះ​វា​ជាការ​ជំរុញ​ដ៏​ធំ​ដែល​នឹងធ្វើ​ឱ្យ​តម្លៃ​ទីផ្សារ​អ​ចលន​ទ្រព្យ​នៅ​តំបន់​នោះ​មាន​ទីផ្សារ​កាន់តែ​ល្អ។

លោក​បន្ថែមថា និន្នាការ​អភិវឌ្ឍន៍​អចលនទ្រព្យ​នៅ​តំបន់​ជាយក្រុង​ដំបូង​ឡើយ​ភាគច្រើន​មាន​តែ​នៅ​តំបន់​ភាគ​ខាងលិច និង​ភាគ​ខាងជើង​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន​ភាគ​ខាងកើត និង​ខាងត្បូង​ក៏​កំពុងតែ​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​វិនិយោគិនផង​ដែរ​ តាមរយៈ​គម្រោង​ពង្រីក​ការវិនិយោគ​បុរី​លំនៅឋាន រោងចក្រ និង​ការ​ពុះ​ដីឡូត៍។

លោក​បាន​ឱ្យដឹងទៀតថា តម្លៃ​ដីធ្លី​នៅ​តំបន់​ជាយក្រុង​ភាគខាងត្បូង​រាជធានី​ភ្នំពេញ ពី​ចំណុច​ស្ពានព្រែក​ហូរ ទៅដល់​រង្វង់​មូល​ផ្លូវបំបែក​ទៅ​ចំការ​ដូង និង​ទៅ​ផ្លូវជាតិ​លេខ3 មានតម្លៃ 40ដុល្លារ ទៅ200ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ប៉ុន្តែ​បើ​ពុះ​ជា​ឡូត៍​វិញ ​គឺវាមានតម្លៃ​ចាប់ពី70ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ឡើងទៅ៕

Source From: www.lareine.news