កម្ពុជា​មាន​គម្រោង​សាងស់​រថភ្លើង​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​សៀមរាប​ភ្ជាប់​ជាមួយ​ប្រទេស​ថៃ​
Sunday, 26 June 2016

(​ភ្នំពេញ​) ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​បង្ហើប​ពី​គំរោង​សាងសង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ចេញពី​ភ្នំ​​ពេញ​ទៅ​កាន់​ខេត្តសៀមរាប និង​ក្រុង​ប៉ោយប៉ែ​ត​ព្រំប្រទល់​ប្រទេស​ថៃ​។​
​    ​
​លោក​ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល​រដ្ឋមន្ត្រី​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​ថ្លែង​ឲ្យដឹង​កាលពី​ពេល​ថ្មីៗ​នេះ​ថា​គម្រោង​ផ្លូវ​​រថភ្លើង​ល្បឿន​លឿន​នេះ គឺ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ទៅ​ទស្សនា​ខេត្ត​សៀមរាប​ក៏ដូចជា​ចូលរួម​កាត់បន្ថយ​រយៈ​ពេល​​ធ្វើដំណើរ និង​លើក​កំពស់​សេដ្ឋកិច្ចជាតិ​។​លោក​បន្ត​ថា​លោក​បាន​ទទួល​ជួប​ជាមួយ​ក្រុមហ៊ុន​ឯកជន​ពីរ​ទៅ​បី​ហើយ​ដើម្បី​ពិភា​​ក្សា​ពី​បញ្ហា​នេះ​ទាក់ទង​នឹង​ការសាងសង់​ផ្លូវ និង​វិនិយោគ​លើ​រថភ្លើង​នេះ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​លោក​មិន​ទាន់​ដឹង​ក្រុមហ៊ុន​​ទាំងនោះ មាន​លទ្ឋភាព​វិនិយោគ​គម្រោង​នេះ​ឬ​យ៉ាងណា​នោះ​ទេ​។​
​    ​
​ទោះជា​យ៉ាងណា​លោក​រដ្ឋមន្ត្រី មិន​បាន​បញ្ជាក់​ឲ្យដឹង​ពី​ក្រុមហ៊ុន​មក​ពី​ប្រទេស​ណា ដែល​គ្រោង​នឹង​វិនិយោគ​ក្នុង​គំរោង​នេះ ហើយ​គំរោង​នេះ​នឹង​ចាប់ផ្តើម​ជាក់លាក់​នៅពេល​ណា​នោះ​ទេ​។​
​    ​
​លោក​វ៉ា ស៊ីម​សូរិយា​អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​ថ្លែង​ឲ្យដឹងតា​មទូរស័​ព្ទនា​ថ្ងៃទី​២៤ មិថុនា​កន្លង​មក​ថា កន្លងមក​មាន​ក្រុមហ៊ុន​មួយចំនួន​បាន​ជួប​ពិភាក្សា​ពី​បញ្ហា​នេះ តែ​ក្រោយមក​បាត់​មិនឃើញ​មាន​ការផ្តល់​ព៌តមាន​ប៉ុន្តែ​នា​ពេល​ថ្មីៗ​​នេះ​ក្រុមហ៊ុន​ចិន បាន​ជួប​ជាមួយ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ជាថ្មី ដែល​ពួកគេ​អះអាង​ថា​ពួកគេ​មាន​ធនធាន​គ្រប់គ្រាន់​សម្រាប់​ធ្វើ​​ការងារ​នេះ ដូច្នេះ​ក្រសួង​បាន​អនុញ្ញាត្ត​ឲ្យ​ក្រុមហ៊ុន​នោះ ចុះ​សិក្សា​ពី​លទ្ឋភាព​សាងសង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នោះ​ហើយ​៕

Source From: www.kampucheathmey.com