កត្តា​5​យ៉ាង​ដែល​ធ្វើ​ឱ្យ​តម្លៃ​លំនៅ​ឋាន​របស់​លោក​អ្នក​ធ្លាក់​ចុះ
Sunday, 26 June 2016

អ្នក​ត្រូវការ​លក់​លំនៅ​ឋាន​ភាគច្រើន​បាន​ស្វែងរក​ការ​ណែនាំ​ល្អ​ៗ​ដើម្បី​ងាយស្រួល​ក្នុង​ការ​លក់ ។ ប៉ុន្តែ​ការ​ណែនាំ​ទាំងនេះ ពេល​ខ្លះ​វា​ពាក់ព័ន្ធ​នឹង​ការ​ចំណាយ​កើនឡើង​ផង​ដែរ ។

នៅ​ក្នុង​ការ​ទិញ​លំនៅ​ឋាន អ្នកទិញ​នឹង​ពិចារណា​លើ​កត្តា​ផ្សេង​ៗ ព្រមទាំង​ហេតុផល​ជា​ច្រើន​យ៉ាង មុន​នឹង​ធ្វើការ​សម្រេចចិត្ត ។ មួយ​ក្នុង​ចំណោម​នោះ គឺ​វា​ដូចនឹង​ក្តី​សុបិន​របស់​អ្នកទិញ អីចឹង​ដែរ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់ឱ្យ​លំនៅ​ឋាន​របស់​អ្នក​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកទិញ គឺ​ត្រូវធ្វើ​ឱ្យ​លំនៅ​ឋាន​នោះ ស្ថិត​នៅ​ក្នុង​ក្តី​សុបិន​របស់​មនុស្ស​ភាគច្រើន ។ សូម​ចាប់ផ្ដើម​លុប​បំបាត់​ចំណុច​មិន​ចង់បាន​៥​យ៉ាង ដែល​ធ្វើ​ឱ្យ​លំនៅ​ឋាន​មិន​ស្ថិត​ក្នុង​ក្តី​សុបិន​របស់​អ្នកទិញ រួម​មាន ៖

១-​ការ​ជួសជុល ៖ ប្រសិនបើ​អ្នក​ចង់​កែ​លម្អ​លំនៅ​ឋាន គួរតែ​ជ្រើសរើស​អ្នកម៉ៅការ​ដែល​អាច​ជឿ​ទុកចិត្ត​បាន​មក​ជួសជុល និង​កំណត់​ពេលវេលា​ឱ្យ​បាន​ច្បាស់លាស់​ក្នុង​ការ​ជួសជុល រហូត​ដល់​ចប់​សព្វគ្រប់ និង​ដើម្បី​កាត់​បន្ថយ​បញ្ហា​ក្នុង​ការ​ជួសជុល ដូច​ជា ក្បឿង​គ្មាន​គុណភាព និង​ការ​លាប​ពណ៌​មិន​ស្មើគ្នា​ជាដើម ដែល​រឿង​ទាំងនេះ​អាច​ធ្វើ​ឱ្យ​លំនៅ​ឋាន​របស់​អ្នក​មិន​ជាទី​ចាប់អារម្មណ៍​សម្រាប់​អ្នកទិញ ។

ការ​ជួសជុល​ចាំបាច់​ខ្លាំង​ណាស់ ប្រសិនបើ​លំនៅ​ឋាន​របស់​អ្នកមាន​អាយុកាល​លើស​ពី​១០​ឆ្នាំ និង​មិន​ធ្លាប់​ជួសជុល​ក្បឿង ឬ​បង្អួច​នោះ គួរតែ​ជួសជុល​វា​ឡើង​វិញ ពីព្រោះ​គ្មាន​អ្នកទិញ​ណា​ម្នាក់​ត្រូវការ​លំនៅ​ឋាន​ដែល​ចាស់​ឡើយ ។ ក្រៅពី​នេះ បន្ទប់ទឹក និង​ផ្ទះបាយ ក៏​ជា​កន្លែង​ដ៏​សំខាន់​សម្រាប់​អ្នកទិញ​ក្នុង​ការ​សម្រេចចិត្ត​ផង​ដែរ ។

២-​ការ​តុបតែង ៖ ការ​តុបតែង​លំនៅ​ឋាន​សម្រាប់​លក់ គឺ​អ្នក​មិន​អាច​តុបតែង​ទៅ​តាម​តម្រូវការ​ទាំងអស់​នោះ​ទេ ហើយ​ការ​តុបតែង​នេះ​ក៏​មិន​គួរ​បែប​ប្រណីត​ខ្លាំង​ពេក​ដែរ ឬ​ក៏​មិន​គួរ​តុបតែង​ដោយ​ពណ៌​ភ្លឺ​ពេក ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​លំនៅ​ឋាន​នោះ​មិន​ទាក់ទាញ ។ វិធី​ល្អ គួរតែ​រៀបចំ​ខ្លះ​ៗ​ប៉ុណ្ណោះ ពីព្រោះ​ការ​តុបតែង​ច្រើន​ខ្លាំង​ពេក នឹង​ធ្វើ​ឱ្យ​អ្នកទិញ​គិត​ថា ការ​តុបតែង​ច្រើន​បែប​នេះ គឺ​ពួក​គេ​នឹង​ត្រូវ​ចំណាយ​លុយ​ទិញ​លំនៅ​ឋាន​នេះ​ក្នុង​តម្លៃ​ខ្ពស់​លើស​ពី​តម្រូវការ​ចាំបាច់ ។

៣-​បរិវេណ​ខាងក្រៅ ៖ ដំបូង​បំផុត​ដែល​អ្នកទិញ​ក្រឡេក​ឃើញ​នៅ​ពេល​ពួក​គេ​ឈាន​ជើង​ចូល​ក្នុង​លំនៅ​ឋាន​របស់​អ្នក គឺ​បរិវេណ​នៅ​ជុំវិញ​ដូច​ជា ផ្លូវ​ដើរ​ជាដើម ។ ប្រសិនបើ​បរិវេណ​នេះ​មាន​ស្មៅ​ព្រៃ​ដុះ​ស៊ុបទ្រុប ដែល​គ្មាន​ការ​សម្អាត​ឱ្យ​បាន​ល្អ នឹង​ធ្វើ​ឱ្យ​អ្នកទិញ​សរុប​ខ្លួនឯង​ថា សភាព​ខាងក្នុង​លំនៅ​ឋាន គង់តែ​មិន​ខុស​គ្នា​ពី​ខាងក្រៅ​ប៉ុន្មាន​ទេ ។ ដូច្នេះ ចំណុច​នេះ​ត្រូវ​តែ​កែ​លម្អ និង​ថែទាំ​ឱ្យ​បាន​ស្រស់​ស្អាត​ជា​និច្ច ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ដំបូង​គេ​ដល់​អ្នកទិញ ហើយ​ក៏​ជា​ឱកាស​អាច​លក់​លំនៅ​ឋាន​ផង​ដែរ ។

៤-​បញ្ហា​ជាមួយ​អ្នក​ជិតខាង ៖ ឥរិយាបថ​របស់​អ្នក​ជិតខាង គឺជា​រឿង​មួយ​ដែល​មិន​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​អ្នក ។ ប្រសិនបើ​អ្នក​ជិតខាង​នោះ​មិន​ធ្លាប់​ធ្វើ​ឱ្យ​កើតរឿង​ក្តៅក្រហាយ ឬ​បង្កើត​សំឡេង​ខ្លាំង​ៗ​រំខាន​ដល់​អ្នក​ទេ គឺ​វា​មិនមែន​ជា​បញ្ហា​សម្រាប់​អ្នក និង​អ្នកទិញ​ឡើយ​។ ប៉ុន្តែ​ប្រសិនបើ​ទំនាក់ទំនង​រវាង​អ្នក​ជាមួយ​អ្នក​ជិតខាង​មិនល្អ ដូច្នេះ គួរតែ​ប្រាប់​ទៅ​អ្នកទិញ​ឱ្យ​ដឹងផង​ដែរ ដើម្បី​ចៀសវាង​បញ្ហា​រវាង​អ្នក និង​អ្នកទិញ​នៅ​ថ្ងៃក្រោយ ។

៥-​សត្វ​ចិញ្ចឹម ៖ នៅ​ពេល​មានការ​ណាត់ជួប​អ្នកទិញ​ដើម្បី​ចូល​មើល​លំនៅ​ឋាន គួរតែ​យក​សត្វ​ចិញ្ចឹម​របស់​អ្នក​ទៅ​កន្លែង​ផ្សេង​បណ្តោះអាសន្ន​សិន ដើម្បី​កុំឱ្យ​ពួក​វា​រំខាន​ចិត្ត​ដល់​អ្នកទិញ ខណៈ​ដែល​ពួក​គេ​មក​ចូល​មើល​លំនៅ​ឋាន​។ មុន​នឹង​អ្នក​អនុញ្ញាត​ឱ្យ​គេ​ចូល​មើល គួរតែ​សម្អាត​ឱ្យ​បាន​ស្អាត​ជា​មុន​សិន បន្ទាប់​ពី​យក​សត្វ​ចេញ​ក្រៅ ។

ប្រសិនបើ​អ្នក​មិន​ប្រាកដ​ចិត្ត​ថា បាន​ត្រៀមខ្លួន​សម្រាប់​លក់​លំនៅ​ឋាន​នៅ​ពេល​នេះ​ឱ្យ​បាន​ល្អ​ទេ អ្នក​មិន​ចាំបាច់​ព្រួយបារម្ភ​ច្រើន​ពេក​ទេ ពីព្រោះ​អ្នក​មិន​អាច​ធ្វើ​តាម​ការ​ចង់បាន​របស់​អ្នក​ណា​ម្នាក់​ទាំងអស់​ទេ ហើយ​ក៏​មិន​អាច​ធ្វើ​ឱ្យ​មនុស្ស​គ្រប់​គ្នា​ចាប់អារម្មណ៍​លំនៅ​ឋាន​បាន​ដែរ​។ ប៉ុន្តែ​អ្វី​ដែល​ត្រូវធ្វើ គឺ​ត្រូវ​ជួសជុល​កែ​លម្អ​ផ្ទះ និង​ផ្តល់​ព័ត៌មាន​ផ្សេង​ៗ​ពី​ផ្ទះ​របស់​អ្នក​នូវ​អ្វី​ដែល​ជា​ការ​ពិត ព្រមទាំង​ទទួល​ស្វាគមន៍​អ្នកទិញ​ឱ្យ​បាន​ល្អ​បំផុត ។ រឿង​ទាំងនេះ​នឹង​ជួយ​បង្កើត​ភាព​ពេញចិត្ត​ដល់​អ្នកទិញ និង​ធ្វើ​ឱ្យ​ពួក​គេ​សម្រេចចិត្ត​ទិញ​ផ្ទះ​ដោយ​ខ្លួនឯង ៕

Source From: www.kohsantepheapdaily.com.kh