ធនាគារ និង​មីក្រូ ហិរញ្ញវត្ថុ​មួយ​ចំនួន​បញ្ចុះ​ការ​ប្រាក់​លើ​ឥណទាន​ទិញ​ផ្ទះ
Sunday, 26 June 2016

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួតប្រជែង​ផ្ដល់​សេវា​កម្ចី​ឥណទាន​ក្នុង​វិស័យ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ បាន​និង​កំពុង​មាន​សកម្មភាព​យ៉ាង​ខ្លាំង​នៅ​កម្ពុជា ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ដែល​បាន​ចូលរួម​ចំណែក​ផ្ដល់​ទុន​ដល់​អាជីវករ ពាណិជ្ជករ និង​កសិករ ក្នុង​ការ​បង្កើត​អាជីវកម្ម ឬ​ពង្រីក​អាជីវកម្ម​ផ្សេង​ៗ ។ យ៉ាងណាមិញ កញ្ចប់​សេវា​ឥណទាន​សម្រាប់​ទិញ​ផ្ទះ​របស់​អតិថិជន​នៅ​ក្នុង​វិស័យ​មួយ​នេះ ក៏​កំពុង​តែ​មានការ​ប្រកួតប្រជែង​ខ្លាំង​ដែរ ។

ជាក់ស្ដែង ធនាគារ​ស៊ី​អាយ​អឹ​ម​ប៊ី ភី​អិ​ល​ស៊ី ដែល​កាលពី​ឆ្នាំ​មុន ធនាគារ​បាន​ផ្ដល់​ឥណទាន​សម្រាប់​ទិញ​ផ្ទះ ក្នុង​អត្រា​ការ​ប្រាក់​៨​ភាគរយ តែ​ពេល​នេះ​បាន​បញ្ចុះតម្លៃ​នៅ​ត្រឹមតែ​៧,៩៩​ភាគរយ​ប៉ុណ្ណោះ ហើយ​រយៈពេល​នៃ​ឥណទាន​រហូត​ដល់​២០​ឆ្នាំ ។ កាលពីមុន CIMB ផ្ដល់​ឥណទាន​ការ​ប្រាក់​៨​ភាគរយ​ក្នុង​មួយ​ឆ្នាំ ព្រមទាំង​អាច​ទទួល​បាន​ទំហំ​ឥណទាន រហូត​ដល់​៧០​ភាគរយ​នៃ​តម្លៃ​អចលនទ្រព្យ​សរុប ជា​ពិសេស គ្មាន​សោហ៊ុយ​សេវា​ក្នុង​ការ​អនុម័ត​ឥណទាន​ទៀត​ផង ។

លោកស្រី ហេង ធីតា នាយិកា​ហិរញ្ញវត្ថុ​របស់​ធនាគារ CIMB បានឱ្យ​ដឹង​ថា ជា​ការ​ពិត​ណាស់ ការ​ទិញ​គេហដ្ឋាន​មួយ គឺជា​ការ​ប្ដេជ្ញា​ចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​ធំធេង ដែល​ចាំបាច់​បំផុត​នៅ​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់​ៗ ។ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​មានការ​ប្រឈម​នឹង​តម្លៃ ហើយ​ត្រូវការ​ប្រាក់​បង្គ្រប់​ដើម្បី​ទិញ​គេហដ្ឋាន​ដែល​ខ្លួន​ចង់បាន ។ ដូច្នេះ ធនាគារ CIMB អាច​ជួយ​ធ្វើ​ឲ្យ​គេហដ្ឋាន​ក្នុង​ក្តី​ស្រមៃ​របស់​អតិថិជន​ក្លាយជា​ពិត ជាមួយនឹង​លក្ខខណ្ឌ​ឥណទាន​ល្អ​បំផុត​មួយ ។

លោកស្រី ហេង ធីតា បាន​បន្ត​ថា ៖ « យើង​យល់​ច្បាស់​ថា មាន​អតិថិជន​ជា​ច្រើន​ដែល​មាន​បំណង​ទិញ​គេហដ្ឋាន​ផ្ទាល់ខ្លួន ប៉ុន្តែ​ពួក​គេ​ត្រូវការ​ប្រាក់​បង្គ្រប់​បន្ថែម ។ ដូច្នេះ​ហើយ​ទើប​បានជា​យើង​បង្កើត​នូវ​កម្មវិធី​ផ្តល់​ជូន​ពិសេស​នេះ សម្រាប់​ឥណទាន​ទិញ​គេហដ្ឋាន​របស់​ធនាគារ CIMB ដើម្បី​ជា​ទុន​បង្គ្រប់​ជាមួយ​អត្រា​ប្រាក់​ទាប រយៈពេល​នៃ​ឥណទាន​វែង រួម​ទាំង​លក្ខខណ្ឌ​ល្អ​ប្រសើរ​ផ្សេង​ៗ​ទៀត​ផង​ដែរ » ។

លោកស្រី​បន្ថែម​ថា ផ្អែក​លើ​សេវាកម្ម​ល្អ និង​ផលិតផល​ដ៏​សម្បូរ​បែប​របស់​ខ្លួន ធនាគារ CIMB ទទួល​បានការ​គាំទ្រ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ពី​សំណាក់​អតិថិជន ។ ក្នុង​នោះ​ឥណទាន​ទិញ​គេហដ្ឋាន​របស់​ធនាគារ ជា​ផលិតផល​ពេញ​និយម​មួយ​របស់​អតិថិជន​ផង​ដែរ ។ ជា​លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​រយៈពេល​៥​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៦ ឥណទាន​ទិញ​គេហដ្ឋាន​របស់​ធនាគារ CIMB បាន​កើនឡើង​ប្រមាណ​៣៤% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៥ ។

ធនាគារ​ស៊ី​អាយ​អិ​ម​ប៊ី ភី​អិ​ល​ស៊ី ជា​ផ្នែក​មួយ​នៃ​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ដែល​ជា​ធនាគារ​សកល​នាំមុខ​គេ​មួយ​របស់​អាស៊ាន ។ នៅ​ក្នុង​ប្រទេស​កម្ពុជា ធនាគារ​ស៊ី​អាយ​អិ​ម​ប៊ី មាន​ប្រតិបត្តិការ​ចំនួន​១១​សាខា នៅ​ក្នុង​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ព្រះ​សីហ​នុ កំពង់ចាម និង​ខេត្តបាត់ដំបង ។

គួរ​បញ្ជាក់​ថា ដើម្បី​សម្រួល​ហិរញ្ញវត្ថុ​ក្នុង​ការ​ទិញ​លំនៅ​ឋាន​ស្នាក់​នៅ ក្រៅពី​ធនាគារ CIMB ធនាគារ​ដទៃ​ទៀត និង​មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន ក៏​បាន​ធ្វើ​ប្រតិបត្តិការ​ផ្ដល់​ឥណទាន​ដល់​អតិថិជន សម្រាប់​ទិញ​ផ្ទះ​បង់​រំលស់​ក្នុង​រយៈពេល​យូរ  រហូត​ដល់​១០​ឆ្នាំ ទៅ​១៥​ឆ្នាំ  ។

តាម​ប្រភព​ព័ត៌មាន​មីក្រូហិរញ្ញវត្ថុ​ព្រី​ន​ស៍​ហ្វា​យ​នែ​ន បានឱ្យ​ដឹង​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ព្រី​ន​ស៍​ហ្វា​យ​នែ​ន ក៏​បាន​ផ្ដល់​ឥណទាន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ទិញ​ផ្ទះ​ផង​ដែរ ដោយ​គិតការ​ប្រាក់​ពី​១​ទៅ​២​ភាគរយ​ក្នុង​មួយ​ខែ តែ​សម្រាប់​លក្ខខណ្ឌ ក៏​មិន​ខុស​ពី​លក្ខខណ្ឌ​ធនាគារ​ដែរ ៕

Source From: www.kohsantepheapdaily.com.kh