The EDGE រំពឹងថានឹងអាចលក់បាន ជោគជ័យទាំងស្រុងនៅចុងឆ្នាំនេះ
Monday, 27 June 2016

សក្តានុពល​​ទីតាំង និង​ប្រណីត​ភាពរបស់​គម្រោង​បាន​ធ្វើ​ឱ្យ​ថ្នាក់​ដឹកនាំ​របស់ The EDGE សង្ឃឹម​ថា ការ​លក់​របស់​ខ្លួន​នឹង​ទទួល​បាន​ជោគ​ជ័យ​ក្នុង​រយៈ​ពេល​ដ៏​​ខ្លី​ បន្ទាប់​ពី​បាន​បើក​លក់​ជា​ផ្លូវ​ការកាល​ពី​ចុង​សប្តាហ៍​កន្លង​មក​នេះ។

The EDGE គឺ​ជា​គម្រោង​អភិវឌ្ឍន៍​អគារ​ពាណិជ្ជ​កម្ម និង​លំនៅឋានដ៏​ល្អ​ប្រណីត​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍ ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រPhnom Penh City Center (តំបន់​​បឹងកក់​) ដោយ​មាន​ផ្ទះ​ហាង (Shop house) ចំនួន​​90។ គម្រោង​នេះ​បានសាង​សង់​លើ​​​ផ្ទៃដី​ទំហំ​2.2ហិក​តា ដោយ​ក្នុង​នោះផ្ទៃ​ដី​ចំនួន​53%​​នឹង​ត្រូវ​ទុក​ប្រើ​ប្រាស់​ជា​កន្លែង​សាធារណៈ ដូច​ជា ហេដ្ឋារចនា​សម្ព័ន្ធ និង​សួន​ច្បារ​ជាដើម។

លោកស្រី ចាន់ លក្ខិណា បុគ្គលិក​ផ្នែក​ទីផ្សារ​នៃ​គម្រោង The EDGE បាន​​និយាយ​ថា The EDGE គឺ​ជា​គម្រោងសាង​សង់​អគារ​ពាណិជ្ជ​កម្ម និង​លំនៅឋានដ៏​ល្អ​​ប្រណីត​ស្ថិត​នៅ​​កណ្តាល​រាជធានី​ភ្នំពេញ ដែល​ត្រូវ​បាន​វិនិយោគ​ដោយ​ក្រុម​ហ៊ុន​ក្នុង​ស្រុក Shukaku។ The EDGE នឹង​ក្លាយ​ជា​កន្លែង​ដ៏​ល្អ​សម្រាប់​​រស់​នៅ និង​ធ្វើ​អាជីវកម្ម ព្រោះការ​សាង​សង់​គម្រោង​នេះនឹង​ត្រូវ​គិត​ជា​ចម្បង​ទៅ​លើ​បរិស្ថាន។

លោក​ស្រី​បាន​បន្ត​ថាគម្រោង​នេះ​នឹងមាន​ការភ្ញាក់ផ្អើល​សម្រាប់​ប្រជាជន​កម្ពុជា ព្រោះ​សូម្បីតែ​លោកស្រី​ដែល​ជា​​អ្នកធ្វើការ​នៅទីនេះ​ក៏​​រំភើប និងមានការ​ចាប់​អារម្មណ៍​ជាខ្លាំង​ចំពោះ​គម្រោង​នេះ​ដែរ​។

លោកស្រីបានបង្ហាញ​ពី​ជំនឿ​ចិ​ត្ដ​ថា​ ៖ “គម្រោង​នេះនឹង​ងាយ​ទទួល​បាន​ជោគជ័យ ព្រោះ​បើ​តាម​ខ្ញុំ​ដឹង The EDGE គឺជាគម្រោង​ទី​1 ក្នុង​រាជធានី​ភ្នំពេញដែល​មាន​បរិស្ថាន និង​ទីតាំង​ល្អ​ដាច់​គេ​ជា​មួយ​នឹង​ផ្លូវ​ដែល​មាន​ទំហំ​ធំៗ និង​មានសួនច្បារ​ដ៏​ធំ​ស្ថិត​នៅ​ជុំវិញទៀតផង​”។

បើតាម​បុគ្គលិក​ផ្នែក​ទីផ្សារ​ខាង​លើ​បាន​ឱ្យ​ដឹង​ថា The EDGE អាចបំពេញ​មុខងារ​ចម្រុះ​បា​ន​ច្រើន​មានន័យថា​ អតិថិជន​អាច​បើក​ជា ​ហាង​កាហ្វេ ភោជនីយដ្ឋាន ហាង​សម្លៀកបំពាក់ ការិយាល័យ ឬ​ប៊ូ​ទិ​ក​អូ​តែ​ល​ក៏បាន ព្រោះ​អគារនីមួយៗមាន​ជណ្ដើរ​​​នៅ​ក្រោយ​សម្រាប់​ឡើង​ទៅ​ជាន់​ខាង​លើ​។ សម្រាប់​ការ​បើក​លក់​ក្នុង​ដំណាក់​កាល​ដំបូង​​នេះ​​ក្រុមហ៊ុន​នឹង​ដាក់លក់​​អគារ A, B និង​ C ចំណែក​អគារ​ផ្សេងៗ​ទៀត​ក្រុមហ៊ុន​មិន​ទាន់​បាន​កំណត់​កាល​បរិច្ឆេទ​ច្បាស់​លាស់​នោះ​ទេ​។

 

​អគារ​នៅ​ក្នុង​គម្រោង The EDGE មាន​តម្លៃ​ក្នុង​1​យូនីត​ចាប់​ពី​450,000​ដុល្លារ​ឡើង​ទៅ​។

គម្រោង​នេះ​ត្រូវបាន​គេ​មើលឃើញថា​ ជា​តំបន់​ដែលមាន​សក្ដានុពល​បំផុត​ក្នុង​រាជធានី​ភ្នំពេញ ព្រោះ​នៅ​ទីនោះ​គឺ​ជា​បណ្តុំ​នៃ​ស្ថាប័ន​ធំៗ​ជា​ច្រើន​ដូច​ជា​ ក្រសួង​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល ​សាលា​រាជធានីភ្នំពេញ សាកល​វិទ្យាល័យ មន្ទីរពេទ្យ និង​ផ្សារ​ទំនើប​​ជា​ដើម​​។

 លោកស្រី Michelle Lau នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន Shukaku បាន​បញ្ជាក់ថា ក្រុមហ៊ុន​មាន​បេសកកម្ម​បញ្ចេញ​សក្ដានុពល និងអភិវឌ្ឍន៍​​រាជធានី​ភ្នំពេញឱ្យ​ក្លាយ​ទៅជា​កន្លែង​រស់​នៅ​ដ៏​ល្អ​បំផុត ប្រកប​ដោយ​សុវត្ថិ​ភាព​។

លោកស្រី​នាយិកា​បាន​ថ្លែង​ថា ៖ “យើង​មាន​សេចក្ដី​សោម​នស្សរីករាយ​ក្នុងការ​បង្ហាញ​គម្រោង​ថ្មី​របស់​យើង​គឺ The EDGE។ គម្រោង​នេះ​ជា​គម្រោង​ថ្មី​បំផុត​ដែល​ឆ្លុះបញ្ចាំងឱ្យ​ឃើញពី​ចក្ខុវិស័យ​របស់​ភ្នំពេញ​ស៊ី​ធី​សេ​នធ័​រ។ ចក្ខុវិស័យ​របស់ខ្ញុំ គឺ​បង្កើត​ទីកន្លែង​មួយ​ដែល​​អាចឱ្យ​សហគមន៍​អាច​រស់នៅ​បាន​ផង ​ធ្វើការ​ផង និង​កម្សាន្ដ​ផង។ គម្រោង​​នេះ​នឹង​ផ្ដល់ជូន​ទីធ្លា​ធំ​ទូលាយ​ជាមួយនឹង​ទេសភាព​ពណ៌​បៃតង និង​មាន​រចនា​សម្ព័ន្ធ​ដែល​បានគ្រោង​ទុកជាមុន​ច្បាស់លាស់”។

អគារ​ក្នុង​គម្រោង The EDGE មាន​កម្ពស់​ពី​4 ទៅ 5ជាន់ ដែល​ត្រូវបាន​គូរ​ប្លង់​ឡើង​ដោយ​ក្រុមហ៊ុន ​Logon ដោយ​អាច​បត់បែន​ទៅតាម​ទស្សនទានជាអគារហាងលក់ទំនិញ ហាង​កាហ្វេ ភោជនីយដ្ឋាននិង​ការិយាល័យ​ចម្រុះ ដែល​ហៅ​កាត់​ថា “ROVO”។ វា​មានការ​រួមបញ្ចូល​ជាមួយ​រចនាប័ទ្ម​ស្ថាបត្យកម្ម​ទំនើប​ទាន់សម័យ ដែល​ហ៊ុម​ព័ទ្ធ​ជាមួយ​ទេស​ភាពត្រូពិច​ដ៏​ស្រស់ត្រកាល​ពោរ​ពេញដោយពណ៌បៃតង​តាមរយៈ​ការសាងសង់​សួន​សាធារណៈ​ដ៏​ធំ និង​ផ្លូវចេញចូល​ទំហំ30​ម៉ែត្រការ៉េ។ ក្រៅពីនេះ​វា​ត្រូវបាន​ដាក់បញ្ចូល​នូវ​ទីលាន​លេង​កីឡា​ចម្រុះ និង​គម្រោង​ចម្រុះ​លំនៅឋាន ព្រមទាំងមជ្ឈមណ្ឌល​ពាណិជ្ជកម្ម One Park ដែលជា​គម្រោង​អភិវឌ្ឍ​ន៍រួមគ្នា​ជាមួយ​ក្រុមហ៊ុន ​GRED។

គម្រោង​ The EDGE នឹង​ត្រូវ​ចាប់​ផ្តើម​សាង​សង់​នៅ​ចុង​ឆ្នាំ​2016​នេះ ដោយ​គ្រោង​នឹង​ត្រូវ​បញ្ចប់​នៅ​ចុង​​​ឆ្នាំ​2018៕

Source From: www.lareine.news